តើព្រះទ្រង់អាចបង្កើតថ្មធំពេក ដែលទ្រង់មិនអាចលើកវារួចឬ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមពន្យល់អំពីអត្ថន័យរបស់ពាក្យ ព្រះដ៏មានគ្រប់ចេស្ដា។
អត្ថបទ
ក្នុងថ្នាក់រៀននីមួយៗ នៅសាលាព្រះគម្ពីរ ដែលខ្ញុំធ្លាប់បានទៅបង្រៀន ខ្ញុំតែងតែជួបសិស្សដែលសួរសំណួរពិបាកៗ ដូចនេះថា “លោកគ្រូ តើលោកគ្រូជឿថា ព្រះមានគ្រប់ព្រះចេស្ដាទេ?” បាទខ្ញុំជឿ “តើលោកគ្រូជឿថា ព្រះអង្គអាចធ្វើការគ្រប់យ៉ាងបាន?” បាទខ្ញុំជឿ។ “តើលោកគ្រូជឿថា គ្មានការអ្វីដែលព្រះអង្គធ្វើមិនកើតទេ?” បាទខ្ញុំជឿ។ “បើអញ្ចឹង តើលោកគ្រូជឿថា តើព្រះអង្គអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកវារួចឬទេ?” បើខ្ញុំនិយាយថា ខ្ញុំជឿថា ព្រះអង្គអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើករួច នោះមានន័យថា មានការខ្លះព្រះអង្គមិនអាចធ្វើបានទេ ហើយព្រះអង្គមិនមែនជាព្រះមានគ្រប់ចេស្ដានោះឡើយ។ ហើយបើខ្ញុំនិយាយថា ទេ ព្រះអង្គមិនអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកវាបាន នោះមានន័យថា ការនិយាយដូចនេះ គឺមិនខុសពីការនិយាយថា ព្រះទ្រង់មិនមែនជាព្រះគ្រប់ចេស្តា ព្រោះមានការខ្លះព្រះអង្គមិនអាចធ្វើបាន។
មានចម្លើយដ៏ត្រឹមត្រូវមួយ សម្រាប់សំណួរនេះ។ ចម្លើយនោះសាមញ្ញណាស់។ តើព្រះទ្រង់អាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកបានឬ? ជាការពិតណាស់ ព្រះអង្គមិនអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកបាននោះឡើយ។ ហេតុអ្វី? ព្រោះព្រះអង្គមានគ្រប់ព្រះចេស្ដា។ ហេតុអ្វី? ព្រោះគ្មានអ្វីដែលព្រះអង្គមិនអាចធ្វើបាននោះទេ។ ហើយការដែលព្រះអង្គមានគ្រប់ចេស្តា មិនមែនមានន័យថា ព្រះអង្គអាចធ្វើអ្វីក៏បាននោះទេ។ ព្រះអង្គមិនអាចកុហក ព្រះអង្គមិនអាចឈប់ធ្វើជាព្រះផង ហើយធ្វើជាមនុស្សផងក្នុងពេលតែមួយ និងក្នុងទំនាក់ទំនងតែមួយនោះឡើយ។ ព្រះអង្គមិនអាចធ្វើអំពើបាប។ ហើយដរាបណាព្រះអង្គនៅតែជាព្រះ ការអ្វីក៏ដោយដែលព្រះអង្គបង្កើត នោះព្រះអង្គក៏គ្រប់គ្រងផងដែរ។