ដើម្បីដំណឹងល្អ

ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះត្រង់​ល្អ​គ្រប់ជំពូក ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០

កាល​ឆ្នាំ ១៩១៧ ពេល​ដែល​លោក នែលសិន(Nelson) មាន​អាយុ ២៣ឆ្នាំ គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​រដ្ឋ​វើជីនា ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ ហើយ​គាត់​ក៏បាន​ទៅ​ប្រទេស​ចិន ដើម្បី​ធ្វើការ​ជា​ប្រធាន​មន្ទីរ​ពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ដែល​ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​២​លាន​នាក់ កំពុង​រស់នៅ។ លោក​នែល​សិន​បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នេះ អស់​រយៈ​ពេល​២៤​ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរ​ពេទ្យ ធ្វើ​ការ​វះកាត់ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ ពី​ដំបូង​ជនជាតិ​ចិន​បាន​ហៅ​លោក​នែលសិន ប៊ែល​ថា “បី​សាច​បរទេស” ដោយសារ​គេ​មិន​ទុកចិត្ត​ជន​បរទេស។ តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល ជា​អ្នក​ស្រឡាញ់​ប្រជាជន​ចិន”។ ក្រោយមក កូនស្រី​របស់​គាត់​ក៏បាន​រៀបការ​ជាមួយ​អ្នក​ផ្សាយដំណឹង​ល្អ ឈ្មោះ ប៊ី​លី ក្រា​ហាំ(Billy Graham)។

ទោះ​លោក​នែលសិន ជា​ពេទ្យ​ផ្នែក​វះកាត់​ដ៏​ចំណាន និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​មនុស្សជា​ច្រើន​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ តាម​រយៈ​គាត់ មិនមែន​ដោយសារ​ជំនាញ​របស់​គាត់​នោះ​ទេ តែ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​រស់​នៅ ស្រប​តាម​ដំណឹងល្អ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ ក្នុង​ពួក​ជំនុំ​នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា ការ​រស់​នៅ​តាម​គំរូ​ព្រះគ្រីស្ទ​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​វា​បាន​តុបតែង​ដំណឹងល្អ​ឲ្យ​មាន​ភាព​ទាក់ទាញ(ទីតុស ២:១០)។ តែ​យើង​មិន​ធ្វើ​កិច្ចការ​ទាំងនេះ ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯង​នោះ​ទេ។ ព្រះគុណ​ព្រះ​ជួយ​ឲ្យ​យើង​រស់នៅ ដោយ​ការ​អត់​សង្កត់​ចិត្ត ភាព​ទៀងត្រង់ និង​កោត​ខ្លាច​ព្រះ(ខ.១២) ដោយ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​សេចក្តី​ពិត​នៃ​ជំនឿ​របស់​យើង(ខ.១)។

នៅ​ជុំវិញ​ខ្លួន​យើង មាន​មនុស្ស​ជា​ច្រើន​ដែល​មិនទាន់​បានឮ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ តែ​ពួក​គេ​ស្គាល់​យើង។ សូម​ព្រះអង្គ​ជួយ​យើង ឲ្យ​រស់នៅ ដោយ​ចរិយា​សម្បត្តិ​ល្អ ដើម្បី​បណ្តាល​ចិត្ត​គេ​ឲ្យ​ចង់​ស្តាប់​ព្រះបន្ទូល​ព្រះអង្គ។—KAREN HUANG

តើ​ការ​រស់​នៅ​របស់​អ្នក បាន​ទាក់ទាញ​អ្នកដទៃ ឲ្យ​ចង់​ស្តាប់​ដំណឹងល្អ​យ៉ាងណា​ខ្លះ? តើ​អ្នក​អាច​រៀនសូត្រ​បានអ្វី​ខ្លះ ពី​គំរូ​របស់​អ្នក​ដែល​មាន​ទីបន្ទាល់​ល្អ ក្នុង​ការ​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះអង្គ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​រស់នៅ​ដោយ​ទីបន្ទាល់​ល្អ ដើម្បី​ងាយស្រួល​នាំ​អ្នកដទៃ​ឲ្យ​ស្គាល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ២៨-៣០ និង ម៉ាកុស ៨:២២-៣៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles