ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ

ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ។ លូកា ៦:២៧

កាលពី​យប់​ខែមីនា ឆ្នាំ២៩៦៣ កីឡាករ​បាល់បោះ​មហាវិទ្យាល័យ២នាក់ ម្នាក់​ស្បែក​ស ម្នាក់ទៀត​ស្បែក​ខ្មៅ បាន​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ដោយ​ការ​ចាប់ដៃ​គ្នា។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដែល​ក្រុម​បុរស​ស្បែក​សរ បាន​ប្រកួត​ជាមួយ​ក្រុម​បុរស​ចម្រុះ​ពណ៌​សម្បុរ។ ដើម្បី​ចូលរួម​ក្នុង “ការប្រកួត ដែល​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ”នេះ ជាមួយនឹង​ក្រុមកីឡា​ករ​សកលវិទ្យាល័យ​ឡូ​យ៉ូ​ឡា មក​ពី​រដ្ឋ​ឈឺ​កាហ្គោ ក្នុង​ការប្រកួត​ថ្នាក់​ជាតិ ក្រុមកីឡា​ករ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​បាន​បញ្ជូន​មនុស្ស​មួយ​ក្រុម ឲ្យ​ក្លែង​ធ្វើជា​ក្រុមកីឡា​ករ​របស់​ខ្លួន ធ្វើដំណើរ​ចេញទៅ​រក​ការប្រកួត ហើយ​ប៉ូលីស​ក៏​បាន​ឃាត់​ក្រុម​នោះ​មិន​ឲ្យ​ឡើង​យន្តហោះ ខណៈ​ពេល​ដែល​ក្រុម​ពិត​ប្រាកដ​បាន​លួច​ធ្វើ​ដំណើរ​ស្ងាត់ៗ​តាម​យន្ត​ហោះ​ឯកជន​មួយ​។ ទន្ទឹម​នឹង​នោះ កីឡាករ​ស្បែក​ខ្មៅ​របស់​ក្រុមកីឡា​ករ​ប្រចាំ​រដ្ឋ​ឈី​កា​ហ្គោ បាន​អត់ទ្រាំ​នឹង​ការប្រកាន់ពូជ​សាសន៍ ត្រូវ​គេ​យក​ពោត​លីង និង​ទឹកកក​គប់ ហើយ​ពេល​ធ្វើដំណើរ​តាម​ឡាន​ក្រុង ពួក​គេ​ត្រូវ​អង្គុយ​ដាច់ដោយឡែក​ពី​គេ។

តែ​យុវជន​ទាំងនោះ​ក៏បាន​ប្រកួត​ជាមួយគ្នា។ ក្រុមកីឡា​ករ​ឈីកាហ្គោ​ក៏បាន​ឈ្នះ​ក្រុមកីឡា​ករ​មី​ស៊ី​ស៊ី​ពីរ ដោយ​ពិន្ទុ៦១ទល់នឹង ៥១ ហើយក៏​បាន​បន្ត​ការប្រកួត​នឹង​ក្រុម​ផ្សេងទៀត រហូតដល់​បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ។ តែ​ពួក​គេ​ឈ្នះ​បានអ្វី​ឲ្យ​ពិតប្រាកដ នៅ​យប់​នោះ? គឺ​ឈ្នះ​សេចក្តី​សម្អប់ ដោយ​សេចក្តី​ស្រឡាញ់។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា “ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ”(លូកា ៦:២៧)។

ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ ក្នុង​ខ​នេះ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត។ ដើម្បី​ស្រឡាញ់​សត្រូវ​របស់​យើង តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ យើង​ត្រូវតែ​ស្តាប់​តាម​ការ​បង្គាប់​ព្រះអង្គ ឲ្យ​យើង​មាន​ការ​កែប្រែ។ គឺ​ដូចដែល​បទ​គម្ពីរ ២កូរិនថូស ៥:១៧ បាន​ចែងថា “បាន​ជា​បើ​អ្នកណា​នៅក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះថា​បាន​កើតជា​ថ្មី​ហើយ អស់ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំងអស់​បាន​ត្រឡប់ជា​ថ្មី​វិញ”។ ប៉ុន្តែ តើ​ជីវិត​ថ្មី​របស់​យើង​អាច​ជំនួស​ជីវិត​ចាស់​ដោយ​របៀបណា? គឺ​ដោយ​សេចក្តី​ស្រឡាញ់។ ហើយ​យើង​ក៏​អាច​ឃើញ​ព្រះអង្គ​កំពុងធ្វើការ​ក្នុង​ជីវិត​យើង​ម្នាក់​ៗ។—PATRICIA RAYBON

តើមាន​កត្តា​អ្វីខ្លះ ដែល​នាំឲ្យ​អ្នក​ចាត់​ទុក​អ្នកដទៃ ជា​ខ្មាំងសត្រូវ? តើ​អាច​មានការ​ផ្លាស់​ប្តូរ​អ្វីខ្លះ ដើម្បី​ប្រឈមមុខ​ដាក់​សេចក្តី​សម្អប់ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ កុំ​ឲ្យ​ចាត់ទុក​អ្នកដទៃ​ជា​ខ្មាំង​ត្រូវ តែ​ជា​មនុស្ស​ដ៏​មានតម្លៃ ដែល​ទូលបង្គំ​ត្រូវ​ស្រឡាញ់ ដូច​ព្រះយេស៊ូវ​ដែរ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៣-២៥ និង ម៉ាកុស ១៤:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles