ជីករំលើងឫសនៃអំពើបាប

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩

មាន​ពេល​មួយ​ខ្ញុំ​មើល​ទៅ​ទីធ្លា​ផ្ទះ​ខ្ញុំ ឃើញ​រុក្ខជាតិ​ឥតប្រយោជន៍​កំពុង​ចេញ​ពន្លក​តូចៗ នៅ​ក្បែរ​ច្រកចូល តែ​ខ្ញុំ​មិនបាន​អើពើ​។ ខ្ញុំ​យល់ឃើញ​ថា រុក្ខជាតិ​ឥត​ប្រយោជន៍​តូច​ៗ​នោះ មិន​អាច​ធ្វើឲ្យខូច​ទីធ្លា​ផ្ទះ​យើង​ឡើយ។ តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក ពន្លក​តូចៗ​ក៏​បាន​លូតលាស់​ក្លាយជា​កូន​គុម្ពោត​ព្រៃ ហើយ​ចាប់ផ្តើម​រីក​រាលដាល​ពេញទី​ធ្លា​ផ្ទះ ហើយ​លយ​ចូល​ទៅ​ក្នុង​ផ្លូវ​ដើរ​របស់​យើង។ ខ្ញុំ​ក៏​បាន​ទទួលស្គាល់​ផល​ប៉ះពាល់​របស់​វា ហើយ​ប្រាប់​ស្វាមី​ខ្ញុំ ឲ្យ​ជួយ​ខ្ញុំ​ជីករំលើង​ឫស​វា ហើយ​បាញ់ថ្នាំ​ការពារ​កុំ​ឲ្យ​រុក្ខជាតិ​ចង្រៃ​ទាំងនោះ​ដុះ​ទៀត។

ពេលណា​យើង​មិន​អើពើ ឬ​បដិសេធន៍​វត្តមាន​របស់​អំពើបាប​ក្នុង​ជីវិត​យើង វា​អាច​ឈ្លានពាន​ចូល ហើយ​រីក​រាលដាល​ក្នុង​ជីវិត​យើង។ ព្រះ​នៃ​យើង​ដែល​គ្មាន​បាប មិន​មាន​ភាព​ងងឹត​ក្នុង​អង្គ​ទ្រង់​ទាល់តែសោះ។ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​លទ្ធភាព និង​ការ​បង្គាប់​ឲ្យ​ជម្នះ​អំពើបាប ដើម្បីឲ្យ​យើង​អាច “ដើរ​ក្នុង​ពន្លឺ​វិញ ដូចជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ តាមរយៈ​ការ​សារភាព​បាប និង​ការ​ប្រែចិត្ត​ចេញពី​អំពើបាប យើង​អាច​ពិសោធន៍​នឹង​ការ​អត់ទោស​បាប និង​សេរីភាព​រួចផុត​ពី​អំពើបាប(ខ.៨-១០) ព្រោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ គឺ​ព្រះយេស៊ូវ​(២:១)។ ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ “ធ្វើជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់គ្នា មិន​ត្រឹមតែ​បាប​របស់​យើង​រាល់គ្នា​តែប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំងមូល​ដែរ”(ខ.២)។

ពេលណា​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​យើង​ឲ្យដឹង​ថា យើង​បាន​ប្រព្រឹត្ត​អំពើបាប​ណាមួយ តើ​យើង​នឹង​សម្រេចចិត្ត​បដិសេធន៍ ជៀសវាង​ការទទួលខុសត្រូវ ឬ​ទទួល​ស្គាល់​បាប​របស់​យើង? តែ​ពេលណា​យើង​លន់តួ​បាប ហើយ​ប្រែចិត្ត​ចេញពី​បាប ព្រះអង្គ​នឹង​ដក​បាប​ចេញពី​យើង ដើម្បីកុំឲ្យ​វា​ធ្វើឲ្យខូច​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ និង​អ្នកដទៃ។—XOCHITL DIXON

តើ​ការ​ស្គាល់​បាប​ដែល​យើង​មានទាស់​នឹង​ព្រះ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​យើង​មាន​អំពី​ការ​ប្រែចិត្ត​ដូចម្តេច​ខ្លះ? តើមាន​បាប​អ្វីខ្លះ​ដែល​បាន​ចាក់ឫស ហើយ​ចាំបាច់​ត្រូវ​ដកចេញ​ពី​ជីវិត​អ្នក?

ឱ​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជីករំលើង​ឫស​នៃ​អំពើបាប ចេញពី​ជីវិត​ទូលបង្គំ ដើម្បីឲ្យ​ទូលបង្គំ​អាច​ចូល​លាស់ កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ព្រះអង្គ និង​អ្នកដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣២-៣៤ និង ម៉ាកុស ១៥:២៦-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles