ស្អាតបរិសុទ្ធពីក្នុងមកក្រៅ

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១

មាន​ពេល​មួយ ​គ្រីស្ទបរិស័ទ​វ័យក្មេង​ម្នាក់ ឈ្មោះ​យ៉ូ​សេ(José) បាន​មក​ចូលរួម​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះវិហារ​បងប្រុស​គាត់។ ពេល​គាត់​ដើរ​ចូលក្នុង​ព្រះវិហារ មុន​ពេល​កម្ម​វី​ធី​ថ្វាយបង្គំ​ចាប់ផ្តើម បងប្រុស​គាត់​ក៏បាន​ឈ្ងោកមុខ ពេល​បានឃើញ​គាត់។ យ៉ូ​សេ​មាន​សាក់​នៅ​លើ​ដៃ​ទាំងពីរ ដែលគេ​អាច​មើលឃើញ​ច្បាស់ ដោយសារ​គាត់​ពាក់អាវ​យឺត​ដៃខ្លី។ បងប្រុស​គាត់​ក៏បាន​ប្រាប់​គាត់ ឲ្យ​ទៅផ្ទះ​ ហើយ​ពាក់អាវ​ដៃ​វែង​វិញ ព្រោះ​រូប​សាក់​របស់​យ៉ូ​សេ​បាន​ឆ្លុះបញ្ចាំង​អំពី​ផ្លូវ​ដែល​គាត់​ដើរ​កាលពីមុន។ ភ្លាម​ៗ​នោះ យ៉ូ​សេ​មាន​អារម្មណ៍​ថា ខ្លួន​គាត់​មាន​ភាព​កខ្វក់​ស្មោកគ្រោក។ តែ​មាន​បុរស​ម្នាក់​បានឮ​បងប្អូន​ទាំងពីរ​នាក់​ជជែកគ្នា ហើយក៏​បាន​នាំ​យ៉ូ​សេ​ទៅ​ជួប​លោកគ្រូ​គង្វាល ដោយ​ជម្រាប​លោកគ្រូ​គង្វាល​អំពី​រឿង​ដែល​កំពុង​កើតឡើង។ លោកគ្រូ​គង្វាល​ក៏បាន​ញញឹម ហើយ​ដោះ​ឡេវអាវ​គាត់ ដើម្បី​បង្ហាញ​រូប​សាក់​ធំ​មួយ នៅ​លើ​ទ្រូង​គាត់ ដែល​គាត់​មាន​ពី​អតីតកាល​ផង​ដែរ។ គាត់​ក៏បាន​ធានា​ដល់​យ៉ូ​សេ​ថា ដោយសារ​ព្រះ​ទ្រង់​បាន​សម្អាត​គាត់​ឲ្យ​បរិសុទ្ធ ពី​ក្នុង​មក​ក្រៅ នោះ​គាត់​មិន​ចាំបាច់​ត្រូវ​បិទបាំង​រូប​សាក់​នៅ​លើ​ដៃ​គាត់​ទេ។

ស្តេច​ដាវីឌ​មាន​ក្តី​អំណរ ដោយសារ​ទ្រង់​បាន​ទទួលការ​សម្អាត​ឲ្យ​បរិសុទ្ធ​ពី​ព្រះអម្ចាស់។ បន្ទាប់ពី​ស្តេច​អង្គ​នេះ​បាន​សារភាព​បាប​របស់​ខ្លួន នៅ​ចំពោះ​ព្រះអង្គ​ហើយ ទ្រង់​ក៏បាន​សរសេរ​បទ​ទំនុកដំកើង​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ”(ទំនុកដំកើង ៣២:១)។ ដូចនេះ ទ្រង់​អាច “ស្រែក​ឡើង​ដោយ​អំណរ” ជាមួយ​អ្នកដទៃ “ដែល​មានចិត្ត​បរិសុទ្ធ”(ខ.១១)។ ក្រោយមក សាវ័ក​ប៉ុល​ក៏បាន​ដកស្រង់​បទ​គម្ពីរ​ទំនុកដំកើង ៣២:១-២ ក្នុង​បទ​គម្ពីរ​រ៉ូម ៤:៧-៨ ជា​ខគម្ពីរ​ដែល​បាន​ប្រកាស​អំពី​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​ ដែល​នាំឲ្យ​បាន​សេចក្តី​សង្គ្រោះ និង​សេចក្តី​បរិសុទ្ធ នៅ​ចំពោះ​ព្រះអង្គ(មើល រ៉ូម ៤:២៣-២៥)។

សេចក្តី​បរិសុទ្ធ​ដែល​យើង​មាន​ក្នុង​ព្រះយេស៊ូវ​ គឺ​កើតមាន​ពី​ក្នុង​មក​ក្រៅ ដ្បិត​ព្រះអង្គ​ជ្រាប និង​បាន​សម្អាតចិត្ត​យើង​ឲ្យ​បរិសុទ្ធ(១សាំ​យ៉ូអែល ១៦:៧ ១យ៉ូហាន ១:៩)។ ចូរ​យើង​អរ​សប្បាយ ក្នុង​ព្រះរាជកិច្ច​នៃ​ការ​សម្អាត​ជា​បរិសុទ្ធ​របស់​ព្រះអង្គ។—TOM FELTEN

តើ​អ្នក​មាន​អំពើបាប​អ្វីខ្លះ​ពី​អតីត​កាល ដែល​នៅតែ​រំខាន​ជីវិត​អ្នក? តើ​ការ​ផ្លាស់​ប្រែ និង​ការ​សម្អាត​ជា​បរិសុទ្ធ ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូវ​ មានន័យ​ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​អត់ទោស​បាប​ឲ្យ​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​ស្អាត​បរិសុទ្ធ​ពី​ខាងក្នុង​មក។

For further study, read The Weight of Sin at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ពួក​ចៅហ្វាយ ១៣-១៥ និង លូកា ៦:២៧-៤៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles