ដំណក់ព្រះលោហិត

ទ្រង់​កើតទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹតតែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី។ លូកា ២២:៤៤

កាល​ខ្ញុំ​ដើរកាត់​តាម​កន្លែង​ដាក់​តាំង​ផ្ទាំងគំនូរ នៅ​ប្រទេស​ស្កុត​ឡង់ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ចំពោះ​ផ្ទាំងគំនូរ​រូប​ដើម​អូ​លីវ ដែល​វិចិត្រករ​ហូឡង់ ឈ្មោះ វី​នសិន វ៉ាន់ ហ្ក​ក(Vincent van Gogh)បាន​គូរ។ អ្នក​ប្រវត្តិ​សាស្រ្ត​ជាច្រើន​បាន​ជឿ​ថា ស្នា​ដៃ​សិល្បៈ​នេះ បាន​ទទួលការ​បណ្តាល​ចិត្ត​ពី​រឿង​ក្នុង​ព្រះគម្ពីរ ដែល​បាន​ចែង​អំពី​ពេល​ដែល​ព្រះយេស៊ូវ​នៅ​សួនច្បារ​កេត​សេ​ម៉ា​នី នៅ​លើ​ភ្នំ​ដើម​អូ​លីវ។ អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់ចិត្ត​ជាពិសេស នៅ​លើ​រូបគំនូរ​នោះ គឺ​ចំណុច​ក្រហម​តូច​មួយ នៅក្នុងចំណោម​រូប​ដើម​អូ​លីវ។

គេ​បាន​ហៅ​ទីនោះ​ថា ភ្នំ​ដើម​អូ​លីវ ព្រោះ​មាន​ដើម​អូ​លីវ​ជាច្រើន​ដុះ​នៅ​ជើងភ្នំ​នោះ។ ព្រះយេស៊ូវ​បាន​យាង​ទៅ​ទីនោះ ដើម្បី​អធិស្ឋាន នៅ​យប់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថ្លែង​ទំនាយ​ថា សាវ័ក​យូដាស​នឹង​ក្បត់​ព្រះអង្គ។ ព្រះអង្គ​មាន​ការ​ឈឺចាប់​ក្នុង​ព្រះទ័យ​យ៉ាង​ខ្លាំង ដោយ​ជ្រាប​ថា ការក្បត់​នេះ​នឹង​នាំឲ្យ​ព្រះអង្គ​សុគត​នៅ​លើ​ឈើឆ្កាង។ ពេល​ព្រះអង្គ​អធិស្ឋាន “ទទូច​រឹតតែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី”(លូកា ២២:៤៤)។ ការឈឺចាប់​របស់​ព្រះយេស៊ូវ​ បាន​កើតមាន​ក្នុង​សួនច្បារ​នោះ ខណៈ​ពេល​ដែល​ព្រះអង្គ​បាន​ត្រៀម​ទទួលការ​ឈឺចាប់ និង​ការ​បន្ទាបបន្ថោក នៅក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ​ដ៏​អយុត្តិធម៌ ដែល​នឹង​នាំឲ្យ​ព្រះអង្គ​ហូរ​ព្រះ​លោហិត នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម នៅពេល​រសៀល​ថ្ងៃសុក្រ​ដ៏​ប្រសើរ​នោះ។

ចំណុច​ពណ៌​ក្រហម នៅ​លើ​ផ្ទាំង​គំនូរ​របស់​លោក វ៉ាន ហ្កក បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះយេស៊ូវ​ត្រូវ​រង​ទុក្ខ​ជាច្រើន ហើយ​ត្រូវ​គេ​បដិសេធន៍​ផង(ម៉ាកុស ៨:៣១)។ ទោះជាយ៉ាងណា​ក៏ដោយ ជ័យជម្នះ​ដែល​ព្រះអង្គ​មាន​មក​លើ​សេចក្តី​ស្លាប់ ថែមទាំង​បាន​កែប្រែ​ទុក្ខ​លំបាក​របស់​យើង ដោយធ្វើ​ឲ្យ​វា​ក្លាយជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃ​ជីវិត​យើង​ដែល​ព្រះអង្គ​កំពុង​តែ​កែច្នៃ។—LISA M. SAMRA

ហេតុអ្វី​អ្នកចាំ​បាច់​ត្រូវ​នឹក​ចាំ អំពី​ទុក្ខវេទនា​របស់​ព្រះយេស៊ូវ​? តើ​គំរូ​របស់​ព្រះអង្គ​បាន​ជួយ​អ្នក​ដូចម្តេច​ខ្លះ ពេល​ដែល​អ្នក​រងទុក្ខ?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ រហូត​អស់ព្រះជន្ម ដើម្បីឲ្យ​ទូលបង្គំ​អាច​មានជីវិត​អស់​កល្ប​ជានិច្ច។

To learn more about Jesus​’ example for us, visit ODBU.org​/NT111.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំ​យ៉ូអែល ៧-៩ និង លូកា ៩:១៨-៣៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles