កម្លាំងក្នុងភាពកម្សោយ

ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅជា​មួយ​នឹង​ឯង មានគ្នាច្រើន​ពេក​ណាស់។ ពួក​ចៅហ្វាយ ៧:២

កាល​កូនប្រុស​ខ្ញុំ​មាន​អាយុ​ជិត៣ឆ្នាំ ខ្ញុំ​ត្រូវការ​ព្យាបាល​បញ្ហា​សុខភាព​របស់ខ្ញុំ ដោយ​ការវះកាត់ ដែល​ត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​១ខែ ទំ​រាំ​តែ​ខ្ញុំ​ជាសះស្បើយ។ មុន​ពេល​ខ្ញុំ​ទទួលការ​វះកាត់ ខ្ញុំ​បាន​នឹកស្រមៃ​ថា ខ្លួន​ខ្ញុំ​កំពុង​គេង​នៅ​លើ​គ្រែ ខណៈ​ពេល​ដែល​ចាន​ប្រឡាក់​កំពុងតែ​គរ​ដូច​ភ្នំ ដោយ​គ្មាន​នរណា​ជួយ​លាង។ ខ្ញុំ​មិនដឹង​ថា ខ្ញុំ​អាច​ថែរក្សា​កូន​ដែល​នៅ​តូច ហើយ​រពឹស​ដោយ​របៀបណា​ទេ ហើយក៏​មិនដឹង​ថា ខ្ញុំ​អាច​ឈរ​ចម្អិន​អាហារ នៅមុខ​ចង្ក្រាន​ដោយ​របៀបណា​ដែរ។ ខ្ញុំ​មានការ​បារម្ភ​អំពី​ផលវិបាក ដែល​ភាព​កម្សោយ​របស់ខ្ញុំ មាន​មក​លើ​ជីវិត​របស់​គ្រួសារ​ខ្ញុំ។

ព្រះ​ទ្រង់​បាន​កាត់បន្ថយ​កម្លាំងទ័ព​របស់​លោក​គេឌាន ដោយ​ចេតនា មុន​ពេល​កងទ័ព​របស់​គាត់​ទៅ​តទល់​នឹង​ពួក​សាសន៍​ម៉ាឌាន។ ទីមួយ សម្រាប់​អ្នក​ដែល​មានការ​ភ័យខ្លាច ព្រះអង្គ​បើកឲ្យ​ពួក​គេ​ដកខ្លួន​ចេញ។ ពេលនោះ ពួក​ប្រុសៗ២ម៉ឺន២ពាន់​នាក់ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ(ពួក​ចៅហ្វាយ ៧:៣)។ បន្ទាប់មក ក្នុងចំណោម​មនុស្ស​ដែល​នៅសល់១ម៉ឺន​នាក់ មានតែ​អ្នក​ដែល​បាន​ក្បង់ទឹក​នឹង​ដៃ​ផឹក​ប៉ុណ្ណោះ ដែល​ព្រះអង្គ​ឲ្យ​នៅជា​មួយ​លោក​គេឌាន។ ពេលនោះ មាន​ពួក​ប្រុសៗ​នៅ​សល់​តែ៣រយ​នាក់​ប៉ុណ្ណោះ តែ​ចំណុច​ខ្សោយ​នេះ​បាន​រារាំង​ពួក​អ៊ីស្រាអែល មិន​ឲ្យ​ពឹងផ្អែក​លើ​ខ្លួនឯង(ខ.៥-៦) ហើយ​មិន​អាច​អួត​ថា “ពួក​គេ​បាន​ជួយ​សង្រ្គោះ​ខ្លួនឯង”(ខ.២)។

នៅពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា យើង​ខ្សោះ​អស់កម្លាំង។ ពេល​ណា​រឿង​នេះ​កើតឡើង​ចំពោះ​ខ្ញុំ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវការ​ព្រះយេស៊ូវ​ខ្លាំង​ប៉ុណ្ណា។ ព្រះអង្គ​បាន​ជួយ​ខ្ញុំ​ពី​ខាងក្នុង ដោយ​ការ​លើកទឹកចិត្ត​ពី​ព្រះវិញ្ញាណ​ព្រះអង្គ ហើយ​ជួយ​ខ្ញុំ​ពី​ខាងក្រៅ តាមរយៈ​ជំនួយ​របស់​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ។ ខ្ញុំ​ត្រូវតែ​លះបង់​ចោលការ​ពឹងផ្អែក​ខ្លួនឯង ហើយ​ការ​នេះ​ក៏បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​ទុកចិត្ត​ព្រះអង្គ​កាន់តែ​ខ្លាំង។ ដោយសារ​កម្លាំង​ព្រះអង្គ​បាន​ពេញខ្នាត ក្នុង​ភាព​កម្សោយ​របស់​យើង(២កូរិនថូស ១២:៩) នោះ​យើង​អាច​មាន​សេចក្តី​សង្ឃឹម ពេលណា​យើង​មិន​អាច​បំពេញ​តម្រូវការ ដោយខ្លួនឯង។—JENNIFER BENSON SCHULDT

តើ​អ្នក​បាន​ពិសោធន៍​នឹង​ព្រះ​ចេស្តា​ព្រះ ដែល​បាន​ពេញខ្នាត ក្នុង​ភាព​កម្សោយ​របស់​អ្នក យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ជួយ​នរណា​ម្នាក់ ដែល​កំពុង​មាន​ភាព​កម្សោយ​ដោយ​របៀបណា?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ពឹងផ្អែក​ព្រះអង្គ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំ​យ៉ូអែល ១៥-១៦ និង លូកា ១០:២៥-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles