សូមទ្រង់ប្រព្រឹត្តនឹងយើង តាមព្រះហឫទ័យចុះ។ ២សាំយ៉ូអែល ១៥:២៦
គ្រីស្ទីណា រ៉ូសេទី(Christina Rossetti) ជាអ្នកនិពន្ធបទកំណាព្យ និងជាអ្នកនិពន្ធអត្ថបទសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ។ គាត់បានរកឃើញថា គ្មានរឿងល្អណាដែលបានកើតមានដោយងាយៗ សម្រាប់គាត់នោះឡើយ។ គាត់ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត និងមានជំងឺផ្សេងៗ ពេញមួយជីវិតគាត់ ហើយក៏បានទទួលរងការផ្តាច់ពាក្យ៣លើក។ ទីបំផុត គាត់ក៏បានស្លាប់ដោយសារជំងឺមហារីក។
កាលស្តេចដាវីឌមានការទទួលស្គាល់ពីប្រជាជនអ៊ីស្រាអែល ទ្រង់ជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ និងមានជ័យជម្នះ។ តែពេញមួយជីវិតរបស់ស្តេចដាវីឌ ទ្រង់បានជួបទុក្ខលំបាកជាច្រើន។ ក្រោយទ្រង់បានសោយរាជ្យជាយូរឆ្នាំ បុត្រាទ្រង់ និងទីប្រឹក្សាដែលទ្រង់ទុកចិត្ត និងប្រជាជនទ្រង់ជាច្រើននាក់ បានទាស់ប្រឆាំងនឹងទ្រង់(២សាំយ៉ូអែល ១៥:១-១២)។ ដូចនេះ ស្តេចដាវីឌក៏បាននាំលោកអ័បៀថើរ និងលោកសាដុកជាសង្ឃ និងហិបសញ្ញារបស់ព្រះ រត់គេចចេញពីទីក្រុងយេរូសាឡិម(ខ.១៤,២៤)។
ស្តេចដាវីឌក៏បានប្រាប់លោកសាដុកថា “ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង”(ខ.២៥)។ ទោះទ្រង់មិនបានដឹងច្បាស់អំពីពេលអនាគត ទ្រង់ក៏បានប្រាប់គេថា បើព្រះទ្រង់មានបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងស្តេចដាវីឌទេ នោះសូមព្រះអង្គប្រព្រឹត្តនឹងស្តេចដាវីឌ តាមព្រះហឫទ័យចុះ”(ខ.២៦)។ ទ្រង់ជ្រាបថា ទ្រង់អាចទុកចិត្តព្រះអម្ចាស់បាន។
គ្រីស្ទីណា រ៉ូសេទីក៏បានទុកចិត្តព្រះផងដែរ ហើយជីវិតរបស់គាត់ក៏បានបញ្ចប់ដោយមានក្តីសង្ឃឹម។ វិថីជីវិតរបស់អ្នកជឿព្រះអាចបត់ចុះឡើងៗ ហើយក៏ឡើងទួលដ៏ពិបាក ឆ្ពោះទៅរកព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ដែលកំពុងបើកចំហព្រះហស្តរង់ចាំយើង។—TIM GUSTAFSON
តើជីវិតរបស់អ្នកមានដំណើរបត់ចុះឡើងៗ ហើយឡើងទួលដ៏ពិបាកដូចម្តេចខ្លះ? តើអ្នកអាចទុកចិត្តថា ព្រះទ្រង់នឹងដឹកនាំអ្នក តាមផ្លូវដែលអ្នកកំពុងតែធ្វើដំណើរដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ពេលខ្លះ ជីវិតទូលបង្គំហាក់ដូចជាមានការពិបាកណាស់។ តែទូលបង្គំទុកចិត្តថា ព្រះអង្គនឹងធ្វើការអ្វីដែលត្រឹមត្រូវ សម្រាប់ទូលបង្គំ និងមនុស្សម្នាក់ៗ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅក្នុងក្តីសង្ឃឹម ដែលព្រះអង្គប្រទាន ដោយរង់ចាំថ្ងៃដែលទូលបង្គំនឹងបានទៅនៅជាមួយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំយ៉ូអែល ២៥-២៦ និង លូកា ១២:៣២-៥៩