ស្រឡាញ់ដូចព្រះយេស៊ូវ

ពួក​កូន​តូចៗ អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យសំដី ឬ​ដោយ​បបូរមាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្តី​ពិត​វិញ។ ១យ៉ូហាន ៣:១៨

មាន​យុវជន​ម្នាក់​ពាក់អាវ​តា​នុយ​ខោជើងវែង កំពុង​អង្គុយ​នៅ​លើ​បង់​រង់ចាំ​រថភ្លើង នៅ​ស្ថានីយ​រថភ្លើង ក្នុង​ទីក្រុង​អាត្លានតា រដ្ឋ​ចចជា ។ មើលទៅ​គាត់​ដូច​ពិបាក​ចង​ក្រ​វ៉ាត់​ករ។ ឃើញ​ដូចនោះ ដូន​ចាស់​ម្នាក់​ក៏បាន​លើកទឹកចិត្ត​ស្វាមី​របស់​ខ្លួន ឲ្យ​ទៅ​ជួយ​គាត់។ ពេល​ដែលតា​ចាស់​អង្គុយ​ចុះ ហើយ​ចាប់ផ្តើម​បង្រៀន​យុវជន​នោះ​ឲ្យ​ចេះ​ចង​ក្រ​វ៉ាត់​ករ មាន​មនុស្ស​ម្នាក់​បាន​ថតរូប​អ្នក​ទាំង​បី ក្នុង​ពេលនោះ។ ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​ក៏បាន​ឃើញ​រូបថត​នោះ នៅក្នុង​បណ្ដាញ​សង្គម មនុស្សជា​ច្រើន​ក៏បាន​ចែករំលែក​រូបភាព​នោះ​បន្ត និង​បញ្ចេញ​យោបល់​ផ្សេងៗ អំពី​អំណាច​នៃ​អំពើ​សប្បុរសធម៌ ដោយ​មិន​បាន​ព្រៀង​ទុក។

សម្រាប់​អ្នកជឿ​ព្រះយេស៊ូវ​ អំពើ​សប្បុរស​ដល់​អ្នកដទៃ គឺ​បាន​ឆ្លុះបញ្ចាំង អំពី​ការ​យក​ព្រះទ័យ​ទុកដាក់ ដោយ​ការ​លះបង់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​មនុស្ស​ដូច​យើង។ អំពើ​សប្បុរសធម៌​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ការអ្វី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​សិស្ស​ព្រះអង្គ​ធ្វើ គឺ “ត្រូវឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញទៅមក”(១យ៉ូហាន ៣:១១)។ សាវ័ក​យ៉ូហាន​បានប្រៀប​ប្រដូច​ការ​ស្អប់​បងប្អូន​របស់​ខ្លួន ទៅ​នឹង​ការ​សម្លាប់​មនុស្ស(ខ.១៥)។ ហើយ​បន្ទាប់មក គាត់​ក៏បាន​បកស្រាយ​ថា ព្រះគ្រីស្ទ​គឺជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់(ខ.១៦)។

សេចក្តី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ចាំបាច់​ត្រូវ​មានការ​បង្ហាញ​ការ​លះបង់​ដ៏​លើសលប់​ណាមួយ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​ដែល​មិន​អាត្មានិយម គឺ​គ្រាន់តែ​តម្រូវឲ្យ​យើង​ទទួលស្គាល់ តម្លៃ​របស់​មនុស្ស​ទាំងអស់ ដោយ​ចាត់ទុក​តម្រូវការ​របស់​ពួក​គេ​ជា​សំខាន់​ជាង​តម្រូវការ​របស់​យើង គឺ​មនុស្ស​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​ដូច​រូបអង្គ​ទ្រង់។ ពេលណា​យើង​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការ​របស់​អ្នកដទៃ ហើយ​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួក​គេ ដោយ​ការជំរុញ​ចិត្ត​ពី​សេចក្តី​ស្រឡាញ់ គឺ​មាន​ន័យថា យើង​មិន​បាន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ។ ពេលណា​យើង​គិត​អំពី​តម្រូវ​ការ​របស់​អ្នកដទៃ ហើយ​ចាកចេញ​ពី​ភាព​ស្រណុក​ស្រួល ដើម្បី​បម្រើ​អ្នកដទៃ ហើយ​ចែករំលែក​អ្វី​ដែល​យើង​មាន ជាពិសេស​នៅពេល​ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ចែករំលែក គឺ​មាន​ន័យ​ថា យើង​កំពុងតែ​ស្រឡាញ់​ដូច​ព្រះយេស៊ូវ​។—XOCHITL DIXON

តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​អ្នកដទៃ ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន នៅពេល​ណា? តើ​អ្នក​អាច​ស្រឡាញ់​អ្នកដទៃ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន នៅ​សប្តាហ៍​នេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មើលឃើញ​អ្នកដទៃ ដោយចិត្ត​ដែល​ត្រៀម​ជាស្រេច ដើម្បី​ផ្តល់​ឲ្យ​នូវ​ការ​អាណិត និង​សេចក្តី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន នៅកន្លែង​ណា​ដែល​ព្រះអង្គ​ចាត់​ឲ្យ​ទូលបង្គំ​ទៅ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ១៦-១៨ និង លូកា ១៧:២០-៣៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles