នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ថ្វាយដាច់ដល់ព្រះអង្គ

ថ្វាយដាច់ដល់ព្រះអង្គ

ដោយMike Wittmer

April 25, 2023

កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បីនឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯ​សាច់ឈាម​ឡើយ។ រ៉ូម ១៣:១៤ សៀវភៅ​ជីវប្រវត្តិ ដែល​លោកគ្រូ​អូ​គូស្ទីន(Augustine) បាន​និពន្ធ​មាន​ចំណងជើង​ថា ការ​លន់តួ​បាប បាន​ពិពណ៌នា អំពី​ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​របស់​គាត់ តាម​ផ្លូវ​ក្រង៉ិកក្រង៉ក់ ឆ្ពោះទៅ​រក​ព្រះយេស៊ូវ​។ នៅពេល​មួយ​នោះ គាត់​ជិះរទេះ​សេះ ទៅ​កាន់​រាជវាំង ដើម្បី​ថ្លៃង​សន្ទរកថា​បែប​បញ្ជោរ​ថ្វាយព្រះ​ចៅ​អធិរាជ។ នៅ​តាមផ្លូវ គាត់​មានការ​ព្រួយបារម្ភ​អំពី​ពាក្យបញ្ជោរ ដែល​គាត់​ត្រូវ​ទូល​ថ្វាយ​ទ្រង់។ ពេលនោះ គាត់​ក៏បាន​សង្កេតឃើញ​អ្នកសុំទាន​ម្នាក់ ដែល​កំពុង​ស្រវឹងស្រា។ អ្នកសុំទាន​នោះ​កំពុងតែ “និយាយ​កំប្លែង ហើយក៏​បាន​សើច​តែម្នាក់ឯង”។ គាត់​ក៏បាន​ដឹង​ថា ​អ្នកសុំទាន​ប្រមឹក​នោះ​កំពុងតែ​មាន​ភាព​សប្បាយ​រីករាយ​ដែល​មាន​រយៈពេល​ខ្លី ពីមុខ​របរ​របស់​ខ្លួន ដោយ​ចំណាយ​កម្លាំង​តិច​ជាង​គាត់។ ដូចនេះ លោកគ្រូ​អូគូស្ទីន ក៏បាន​ឈប់​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ​បែប​លោកិយ​ទៀត។ ប៉ុន្តែ​គាត់​នៅតែ​ជាប់​ក្នុង​ភាពជា​ទាសករ​របស់​ភាព​ស្រើបស្រាល។ គាត់​ដឹង​ថា គាត់​មិន​អាច​ងាក​ទៅ​រក​ព្រះយេស៊ូវ​ ដោយ​មិនបាន​ងាក​បែរ​ចេញ​ពី​អំពើ​បាប​បាន​ឡើយ តែ​គាត់​នៅតែ​ប្រឈមមុខ​ដាក់​អំពើ​អសីលធម៌​ផ្លូវភេទ។ ដូចនេះ គាត់​ក៏បាន​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​គាត់ នូវ​ភាព​បរិសុទ្ធ​ខាង​ផ្លូវភេទ តែ​ទន្ទឹម​នឹង​នោះ គាត់​នៅតែ​មានការ​ស្ទាក់ស្ទើរ។ លោកគ្រូ​អូគូស្ទីន​បាន​ជំពប់​ដួល ដោយ​ពិបាក​ដើរតាម​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ ខណៈ​ពេល​ដែល​គាត់​បន្ត​រស់នៅ​ក្នុង​អំពើបាប រហូតដល់​ពេល​មួយ គាត់​ក៏បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ បន្ទាប់ពី​បាន​ទទួលការ​លើកទឹកចិត្ត​ពី​អ្នកដទៃ ដែល​បាន​ងាក​បែរមក​រក​ព្រះយេស៊ូវ​ គាត់​ក៏បាន​បើក​ព្រះគម្ពីរ អាន​បទ​គម្ពីរ រ៉ូម ១៣:១៣-១៤ ដែល​បាន​ចែងថា “ត្រូវឲ្យ​យើង​ដើរតាម​ដែល​គួរគប្បី ដូចជា​ដើរ​នៅពេល​ថ្ងៃ មិនមែន​ដោយ​ស៊ីផឹក លេងល្បែង ឬមាន​ស្រីញី ឬដោយ​ឈ្លោះប្រកែក និង​ឈ្នានីស នោះ​ឡើយ គឺ​ត្រូវ​ប្រដាប់ខ្លួន ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បីនឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯសាច់ឈាម​ឡើយ”។ ព្រះ​ទ្រង់​ក៏បាន​ប្រើ​ព្រះបន្ទូល​ដ៏​មានអំណាច ដើម្បី​កាត់​ផ្តាច់​ចំណង​នៃ​ភាព​ស្រើបស្រាល​របស់​លោកគ្រូ​អូ​គូស្ទីន ហើយក៏​បាន​នាំ​គាត់​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះរាជបុត្រា ដែល​ក្នុង​ព្រះអង្គ យើង​មានការ​ប្រោស​លោះ និង​ការ​អត់ទោស​បាប(កូល៉ុស ១:១៣-១៤)។ លោកគ្រូ​អូគូស្ទីន​ក៏​បាន​ក្លាយជា​អ្នកបម្រើ​ព្រះ ដែល​នៅតែ​ជួប​ការ​ល្បួង​ឲ្យ​ស្រឡាញ់​កេរ្តិ៍ឈ្មោះ និង​ភាព​ស្រើបស្រាល តែ​គាត់​ដឹង​ថា គាត់​ត្រូវ​ចូល​ទៅ​រក​នរណា ពេល​គាត់​ធ្លាក់​ក្នុង​អំពើបាប។ គឺ​គាត់​បាន​ចូល​ទៅ​រក​ព្រះយេស៊ូវ។ ចុះ​ចំណែក​អ្នក​វិញ?—MIKE WITTMER

តើមាន​អ្វី​រារាំង​អ្នក​មិន​ឲ្យ​ថ្វាយ​ជីវិត​អ្នក​ដាច់​ដល់​ព្រះយេស៊ូវ​? តើ​ជីវិត​អ្នកមាន​ការ​ផ្លាស់​ប្រែ​យ៉ាងណា ពេល​អ្នក​ថ្វាយ​ជីវិត​អ្នក​ដល់​ព្រះអង្គ?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ជម្នះ​ការ​ល្បួង ដែល​រារាំង​ទូលបង្គំ​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះអង្គ។

For further study, read Remade in the Image of Jesus at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣

ល្ងាច

ការប្រសូតពីស្រីព្រហ្មចារី

ការប្រសូតពីស្រីព្រហ្មចារី

ដោយUltimately with R.C. Sproul

April 25, 2023

ការ​អស្ចារ្យ​មួយ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី បាន​ទទួលរង​ការរិះគន់​ដ៏​សាហាវ​បំផុត គឺ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ពី​ស្រី​ព្រហ្មចារី។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ថា ការ​ចាប់កំណើត​របស់​ព្រះយេស៊ូវ​ជា​មនុស្ស គឺ​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប តែ​មិនមែន​ក្នុង​លក្ខណៈ​ជា​ភាព​មិន​ប្រក្រតី​ផ្នែក​ជីវវិទ្យា​នោះ​ទេ តែ​ជា​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ​នូវ​អំណាច​ចេស្តា​ព្រះ។ អត្ថបទ មាន​ការ​អស្ចារ្យ​ជាច្រើន ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​មាន​ដូចជា ការដែល​ព្រះយេស៊ូវ​ដើរ​លើទឹក ការ​ធ្វើឲ្យ​ទឹក​ក្លាយជា​ស្រា​ទំពាំងបាយជូរ ការ​ប្រទាន​អាហារ​ដល់​មនុស្ស​រាប់ពាន់​នាក់ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ល។ តែ​ក្នុងចំណោម​ការ​អស្ចារ្យ​ទាំងអស់​នោះ មានការ​អស្ចារ្យ​មួយ ដែលគេ​ហាក់ដូចជា​បាន​លើកឡើង ដោយ​ភាព​ចម្រូង​ចម្រាស់ គឺ​ការ​អស្ចារ្យ​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ​ពី​ស្រី​ព្រហ្មចារី។ មានការ​ជជែកវែក​ញែក​ដ៏​ក្តៅ​គគុក ក្នុង​សម័យ​បច្ចុប្បន្ន អំពី​ភាព​អាច​ទុកចិត្ត​បាន​នៃ​ការ​កត់ត្រា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី អំពី​ដើមដំបូង​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ​ ព្រោះ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​សន្និដ្ឋាន ក្នុង​ការ​បង្រៀន​របស់​ខ្លួន​ថា ព្រះយេស៊ូវ​បាន​ប្រសូត​ពី​ស្រី​ព្រហ្មចារី។ អ្នកខ្លះ​បាន​ព្យាយាម​ប្រកែក​ថា បទ​គម្ពីរ​នោះ​មិនបាន​បង្រៀន​ដូចនេះ​ទេ តែ​បាន​ថា ការ​គាំទ្រ​បទ​គម្ពីរ​នេះ ជា​ទង្វើ​ដ៏​អស់សង្ឃឹម។ ប៉ុន្តែ អ្នកខ្លះ​ទៀត​គ្រាន់តែ​និយាយ​ថា “រឿង​នេះ​ជា​រឿង​ទេវកថា ដែល​បាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​គ្មាន​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​វិទ្យាសាស្រ្ត មានការ​អប់រំ ឬ​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ណា​អាច​ជឿ​បាន ក្នុង​សតវត្សរ៍​ទី២១នេះ”។ ព្រោះ​បើ​តាម​ការស្រាវជ្រាវ អំពី​ដំណើរការ​ក្នុង​ជីវវិទ្យា ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស គេ​បាន​សន្និដ្ឋាន​ថា គ្មាន​ស្រី​ព្រហ្មចារី​ណា ដែល​អាច​មាន​កូន ដោយ​ឯកឯង​បានទេ។ ទាល់​តែ​មាន​មនុស្ស​ពីរ​នាក់ មាន​ស្រី​មាន​ប្រុស ទើប​អាច​បង្ក​កំណើត​បាន ដោយ​មេ​ជីវិត​របស់​មនុស្ស​ស្រី​រួមផ្សំ​នឹង​មេជី​វិត​មនុស្ស​ប្រុស។ នេះ​ជា​ច្បាប់​ធម្មជាតិ ដែល​មិន​អាច​បំពាន​បាន​ឡើយ។ ដូចនេះ អ្នក​ដែល​ប្រកែក​ថា មនុស្ស​ស្រី​អាច​មានកូន​ដោយឯកឯង​បាន ប្រាកដជា​មាន​ភាពរវើរវាយ ជា​អ្នកជឿ​រឿងព្រេង ឬ​រឿង​ទេវកថា​មិនខាន។ តែ​ជាដំបូង​ខ្ញុំ​សូម​បកស្រាយ​ថា ព្រះគម្ពីរ​សញ្ញាថ្មី​មិនបាន​លើកឡើង​ថា ព្រះយេស៊ូវ​បាន​ប្រសូត ពី​ស្រី​ព្រហ្មចារី ដែល​ដើរតាម​ផ្លូវ​សុ​ខៗ ស្រាប់តែ​មានផ្ទៃ​ពោះ ដោយសារ​កម្លាំង និង​អំណាច​របស់​នាង ហើយ​បុត្រ​នាង​ក៏បាន​ក្លាយជា​ព្រះ​មែ​ស៊ី​នោះ​ទេ។ ព្រះយេស៊ូវ​មិន​បាន​ប្រសូត ដូច​ព្រះ​នាង​អា​ធី​ណា​ប្រសូត​ចេញពី​ព្រះកេស​របស់​ព្រះ​ហ្ស៊ូស ដែល​ជា​តួអង្គ​ក្នុង​រឿង​ទេវកថា​ក្រិក​នោះ​ទេ។ ការ​ប្រសូត​របស់​ព្រះអង្គ​ក៏​មិនមែន​ជា​ភាព​អស្ចារ្យ​ផ្នែក​ជីវវិទ្យា ដែល​បាន​ធ្វើឲ្យ​អ្វីមួយ​កើត​ចេញពី​ភាព​ទទេ ឬ​ជា​ដំណើរការ​នៃ​ការ​ចាប់កំណើត និង​ការ​កកើត​ជីវិត ដែល​បាន​កើតឡើង​ដោយ​ខ្លួនឯង ដោយ​គ្មាន​មូលហេតុ ឬ​អំណាច​អ្វីមួយ​ជំរុញ​នោះ​ឡើយ។ តែ​ផ្ទុយទៅវិញ ព្រះ​គម្ពីរ​សញ្ញាថ្មី​កំពុងតែ​ប្រាប់​យើង​ថា “ជា​ការពិត​ណាស់ ស្រ្តី​ព្រហ្មចារី​នោះ មាន​ប្រព័ន្ធ​បង្ក​កំណើត​ធម្មតា​មួយ។ ហើយ​មាន​អំណា​មួយ​បាន​បញ្ចេញ​មក តាមរយៈ​ដំណើរការ​នៃ​ការ​បង្ក​កំណើត​នោះ”។ ព្រះគម្ពីរ​សញ្ញាថ្មី​ក៏​កំពុងតែ​ប្រាប់​យើង​ថា អំណាច​នោះ ដែល​យើង​មាន ក្នុង​ប្រភេទ​ធម្មតា​នៃ​ធម្មជាតិ ត្រូវ​បាន​ដាក់ឲ្យ​មានដំណើរ​ការ និង​បញ្ចូល​ក្នុង​ផែនដី​នេះ ដោយ​ព្រះ ដែល​អំណាច​ទ្រង់​ស្ថិត​នៅ​ពី​ក្រោយ​ជីវិត​ទាំងអស់ ដែល​ព្រះអង្គ​បាន​បង្កើត។ បើ​គ្មាន​អំណាច​របស់​ព្រះ នោះ​ក៏​គ្មាន​មេ​ជីវិត​ញី គ្មាន​មេ​ជីវិត​ឈ្មោល ហើយក៏​គ្មាន​ជីវិត​អ្វី​ទាំងអស់។ ពួក​ធម្មជាតិនិយម​សព្វថ្ងៃ ជឿ​ថា ពិភព​លោក​បាន​កើត​ចេញពី​ជា​រូបរាង្គ​មក ដោយខ្លួនឯង ដែល​ស្តាប់​មើលទៅ ហាក់​ដូចជា​រឿង​អស្ចារ្យ​ណាស់។ តែ​ពួក​គេ​បាន​បដិសេធន៍​ការ​ប្រសូត​ពី​ស្រី​ព្រហ្មចារី ដែល​ព្រះ​ទ្រង់​បាន​បណ្តាល​ឲ្យ​កើតឡើង ដោយ​អំណាច​ចេស្តា​ទ្រង់​ផ្ទាល់ ជា​រឿង​តូច​មួយ ដែល​ព្រះ​នៃ​ស្ថានសួគ៌​និង​ផែនដី​ធ្វើឲ្យ​កើតឡើង និង​សម្រេច​បាន។ វា​ជា​រឿង​ដែល​គួរឲ្យ​អស់សំណើច ដែល​មនុស្ស​នៅតែ​គិត​ដូចនេះ តែ​យើង​នៅតែ​ត្រូវ​ប្រឈមមុខ​ដាក់។

ប្រភេទ