ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ។ លោកុប្បត្តិ ២១:៦
តារាកំប្លែងឈ្មោះ ចន ប្រ៊ែនញ៉ាន(John Branyan) បានមានប្រសាសន៍ថា “យើងមិនបានរកនឹកឃើញភាពកំប្លុកកំប្លែងៗ មកសម្តែងនោះទេ។ ភាពកំប្លុកកំប្លែងទាំងនោះមិនបានកើតចេញពីគំនិតរបស់យើងទេ តែជាការប្រទានមកពីព្រះ ដែលព្រះអង្គបានជ្រាបថា យើងត្រូវការភាពកំប្លែង ក្នុងការធ្វើដំណើរឆ្លងកាត់ជីវិតនេះ។ ព្រោះព្រះអង្គជ្រាបថា យើងនឹងជួបទុក្ខលំបាក។ ព្រះអង្គជ្រាបថា យើងត្រូវមានការតស៊ូ ព្រះអង្គជ្រាបថា … មានបញ្ហាអ្វីខ្លះនឹងកើតឡើង…សំណើចគឺជាអំណោយមកពីព្រះអង្គ”។
ពេលយើងមើលសត្វដែលព្រះទ្រង់បានបង្កើត យើងអាចអស់សំណើច ទោះសត្វនោះមានរូបរាង្គចម្លែក (ដូចសត្វកណ្តុរមានចំពុះដូចសត្វទា) ឬមានអាកប្បកិរិយាកំប្លែងៗ(ដូចសត្វភេដឺរពឹស)។ ព្រះទ្រង់បានបង្កើតសត្វថនិកសត្វ ឲ្យរស់នៅក្នុងទឹកសមុទ្រដូចជាត្រីបាឡែនជាដើម ហើយបង្កើតសត្វបក្សីជើងវែងៗ ដែលមិនអាចហើរកើត។ ព្រះអង្គពិតជាបានបង្កើតសំណើច ហើយដោយសារព្រះអង្គបានបង្កើតយើងឲ្យដូចរូបអង្គទ្រង់ នោះយើងក៏អាចមានសំណើចដ៏រីករាយផងដែរ។
ព្រះគម្ពីរបានចែងអំពីសំណើចដំបូងបំផុត ក្នុងរឿងលោកអ័ប្រាហាំ និងនាងសារ៉ា។ កាលនោះ ព្រះអង្គបានសន្យាថា នឹងប្រទានកូនប្រុសម្នាក់ ដល់ប្តីប្រពន្ធវ័យចំណាស់ពីរនាក់ ដោយមានបន្ទូលថា កូននោះ “គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ”(លោកុប្បត្តិ ១៥:៤) ហើយ “ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ”(ខ.៥)។ ទីបំផុត នាងសារ៉ាបានបង្កើតកូន កាលគាត់មានអាយុ៩០ឆ្នាំ លោកអ័ប្រាហាំក៏បានដាក់ឈ្មោះឲ្យកូននោះថា អ៊ីសាក ដែលមានន័យថា “សំណើច”។ គឺដូចដែលនាងសារ៉ាបានលាន់មាត់ថា “ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ”(២១:៦)។ គាត់បានអស់សំណើច ដោយសារគាត់អាចបង្កើតកូនបាន ក្នុងវ័យចាស់យ៉ាងនេះ! ព្រះទ្រង់បានកែប្រែសំណើចរបស់គាត់ ឲ្យក្លាយជាក្តីអំណរដ៏លើសលប់ ពេលដែលគាត់បានទទួលដំណឹងថា គាត់នឹងមានកូនប្រុសម្នាក់(១៨:១២)។
អរព្រះគុណព្រះអង្គ ដែលបានប្រទានអំណោយនៃសំណើច!—ALYSON KIEDA
តើសំណើចបានក្លាយជា “ថ្នាំដ៏ល្អ” នៅពេលណា? តើការរកឃើញសំណើចក្នុងជីវិត អាចមានប្រយោជន៍ដូចម្តេចខ្លះ សូម្បីតែក្នុងពេលដែលពិបាកបំផុត?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការប្រទានទូលបង្គំ នូវអំណាចនៃសំណើច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១ពង្សាវតាក្សត្រ ៣-៥ និង លូកា ២០:១-២៦