អំណោយនៃសំណើច

ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​អញ​សើច ហើយ​អស់អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជាមួយនឹង​អញ​ដែរ។ លោ​កុប្បត្តិ ២១:៦

តារា​កំប្លែង​ឈ្មោះ ចន ប្រ៊ែន​ញ៉ាន(John Branyan) បាន​មានប្រសាសន៍​ថា “យើង​មិនបាន​រកនឹក​ឃើញ​ភាព​កំប្លុក​កំប្លែងៗ មក​សម្តែង​នោះ​ទេ។ ភាព​កំប្លុក​កំប្លែង​ទាំងនោះ​មិនបាន​កើត​ចេញពី​គំនិត​របស់​យើង​ទេ តែ​ជា​ការ​ប្រទាន​មក​ពី​ព្រះ ដែល​ព្រះអង្គ​បាន​ជ្រាប​ថា យើង​ត្រូវការ​ភាព​កំប្លែង ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ជីវិត​នេះ។ ព្រោះ​ព្រះអង្គ​ជ្រាប​ថា យើង​នឹង​ជួប​ទុក្ខ​លំបាក។ ព្រះអង្គ​ជ្រាប​ថា យើង​ត្រូវ​មានការ​តស៊ូ ព្រះអង្គ​ជ្រាប​ថា … មាន​បញ្ហា​អ្វីខ្លះ​នឹង​កើតឡើង​…សំណើច​គឺជា​អំណោយ​មក​ពី​ព្រះអង្គ”។

ពេល​យើង​មើល​សត្វ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត យើង​អាច​អស់សំណើច ទោះ​សត្វ​នោះ​មាន​រូបរាង្គ​ចម្លែក (ដូច​សត្វ​កណ្តុរ​មាន​ចំពុះ​ដូច​សត្វ​ទា) ឬ​មាន​អាកប្ប​កិរិយា​កំប្លែង​ៗ(ដូច​សត្វ​ភេ​ដឺ​រពឹស)។ ព្រះ​ទ្រង់​បាន​បង្កើត​សត្វ​ថនិកសត្វ ឲ្យ​រស់នៅ​ក្នុងទឹក​សមុទ្រ​ដូចជា​ត្រី​បាឡែន​ជាដើម ហើយ​បង្កើត​សត្វ​បក្សី​ជើង​វែងៗ ដែល​មិន​អាច​ហើរ​កើត។ ព្រះអង្គ​ពិតជា​​បាន​បង្កើត​សំណើច ហើយដោយ​សារព្រះ​អង្គបាន​បង្កើត​យើង​ឲ្យ​ដូច​រូបអង្គ​ទ្រង់ នោះ​យើង​ក៏​អាច​មាន​សំណើច​ដ៏​រីករាយ​ផង​ដែរ។

ព្រះគម្ពីរ​បាន​ចែង​អំពី​សំណើច​ដំបូង​បំផុត ក្នុង​រឿង​លោក​អ័ប្រា​ហាំ និង​នាង​សារ៉ា។ កាលនោះ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​កូនប្រុស​ម្នាក់ ដល់​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ពីរ​នាក់ ដោយមាន​បន្ទូល​ថា កូន​នោះ “គឺជា​ម្នាក់​ដែល​នឹង​កើត​ពី​ឯង​មកវិញ​ទេតើ ដែល​ត្រូវ​ស៊ី​មរដក​របស់​ឯង​នោះ”(លោ​កុប្បត្តិ ១៥:៤) ហើយ “ចូរ​មើលទៅ​លើមេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់ទាំង​អស់​បាន រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ”(ខ.៥)។ ​ទីបំផុត នាង​សារ៉ា​បាន​បង្កើតកូន កាល​គាត់​មាន​អាយុ៩០ឆ្នាំ លោក​អ័​ប្រា​ហាំ​ក៏បាន​ដាក់ឈ្មោះ​ឲ្យ​កូន​នោះ​ថា អ៊ីសាក ដែល​មានន័យថា “សំណើច”។ គឺ​ដូចដែល​នាង​សារ៉ា​បាន​លាន់មាត់​ថា “ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​អញ​សើច ហើយ​អស់អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជាមួយនឹង​អញ​ដែរ”(២១:៦)។ គាត់​បាន​អស់សំណើច ដោយសារ​គាត់​អាច​បង្កើត​កូន​បាន ក្នុង​វ័យចាស់​យ៉ាងនេះ! ព្រះ​ទ្រង់​បាន​កែប្រែ​សំណើច​របស់​គាត់ ឲ្យ​ក្លាយ​ជា​ក្តី​អំណរ​ដ៏​លើសលប់ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា គាត់​នឹង​មានកូន​ប្រុស​ម្នាក់(១៨:១២)។

អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​អំណោយ​នៃ​សំណើច!—ALYSON KIEDA

តើ​សំណើច​បាន​ក្លាយជា “ថ្នាំ​ដ៏​ល្អ” នៅពេល​ណា? តើ​ការ​រក​ឃើញ​សំណើច​ក្នុង​ជីវិត អាច​មានប្រយោជន៍​ដូចម្តេច​ខ្លះ សូម្បីតែ​ក្នុង​ពេល​ដែល​ពិបាក​បំផុត?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​ការ​ប្រទាន​ទូលបង្គំ នូវ​អំណាច​នៃ​សំណើច។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១ពង្សាវតា​ក្សត្រ ៣-៥ និង លូកា ២០:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles