រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ។ ទំនុកដំកើង ១៤៥:១៣
មានពេលមួយ ខ្ញុំមានការព្រួយបារម្ភច្រើន។ នៅពេលព្រឹកព្រលឹម ជាពេលដែលពិបាកបំផុត ដោយសារខ្ញុំអង្គុយគិតម្នាក់ឯង។ ដូចនេះ ខ្ញុំក៏បានយកសម្រង់សម្តីរបស់លោកហាត់សិន ថេល័រ(Hudson Taylor) មកបិទនៅលើកញ្ចក់ ក្នុងបន្ទប់ទឹករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចមើល ពេលណាខ្ញុំមានអារម្មណ៍ទន់ខ្សោយ។ ក្នុងសម្រង់សម្តីនោះគាត់មានប្រសាសន៍ថា “មានព្រះដ៏រស់មួយអង្គ។ ព្រះអង្គបានមានបន្ទូលក្នុងព្រះគម្ពីរ។ អ្វីដែលព្រះអង្គមានបន្ទូលគឺជាការពិត ហើយព្រះអង្គនឹងធ្វើអ្វីដែលព្រះអង្គបានសន្យា”។
សម្រង់សម្តីរបស់លោកថេល័រ គឺបានកើតចេញពីការដំណើរជីវិត ដែលគាត់បានដើរជាមួយព្រះអស់ជាច្រើនឆ្នាំ ហើយបានរំឭកយើងថា ព្រះអង្គជានរណា និងអំពីការទាំងអស់ដែលព្រះអង្គអាចធ្វើ តាមរយៈពេលដែលយើងមានជំងឺ ភាពក្រីក្រ ភាពឯកោ និងការសោកសង្រេង។ គាត់មិនគ្រាន់តែបានដឹងថា យើងអាចទុកចិត្តព្រះអង្គបានប៉ុណ្ណោះទេ តែគាត់ក៏បានដកពិសោធន៍នឹងសេចក្តីស្មោះត្រង់របស់ព្រះអង្គផងដែរ។ ហើយដោយសារគាត់បានទុកចិត្តព្រះបន្ទូលសន្យា ហើយស្តាប់បង្គាប់ព្រះអង្គ នោះជនជាតិចិនរាប់ពាន់នាក់បានថ្វាយជីវិតដល់ព្រះយេស៊ូវ។
បន្ទាប់ពីស្តេចដាវីឌបានដកពិសោធន៍ជាមួយព្រះអម្ចាស់ និងផ្លូវរបស់ព្រះអង្គ ទ្រង់ក៏បានដឹងថា ព្រះអម្ចាស់មានលក្ខណៈសម្បត្តិដែលអាចឲ្យយើងទុកចិត្តបាន។ ទ្រង់ក៏បាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក ១៤៥ ជាបទចម្រៀងសរសើរដំកើងព្រះអម្ចាស់ ដែលទ្រង់រកឃើញថា ព្រះអម្ចាស់ល្អ មានសេចក្តីអាណិត ហើយស្មោះត្រង់ចំពោះព្រះបន្ទូលសន្យា។ ពេលយើងទុកចិត្ត ហើយដើរតាមព្រះអង្គ យើងក៏បានដឹង(ឬបានយល់កាន់តែច្បាស់) ថា ព្រះអង្គមានលក្ខណៈសម្បត្តិដូចអ្វីដែលព្រះអង្គបានមានបន្ទូល ហើយព្រះអង្គស្មោះត្រង់ចំពោះព្រះបន្ទូលព្រះអង្គ(ខ.១៣)។ បានជាយើងអាចឆ្លើយតប ដូចស្តេចដាវីឌផងដែរ ដោយសរសើរដំកើងព្រះអង្គ ហើយថ្លែងប្រាប់អ្នកដទៃអំពីព្រះអង្គ(ខ.១០-១២)។
ពេលណាយើងមានការព្រួយបារម្ភច្រើន ព្រះទ្រង់អាចជួយយើង មិនឲ្យទ្រេតទ្រោត ក្នុងការដើរជាមួយព្រះអង្គប្រចាំថ្ងៃ ដ្បិតព្រះអង្គមានលក្ខណៈសម្បត្តិដែលយើងអាចទុកចិត្តបាន(ហេព្រើរ ១០:២៣)។—KAREN HUANG
តើថ្មីៗនេះ អ្នកមានការព្រួយបារម្ភអំពីអ្វី ហើយព្រះទ្រង់មានព្រះបន្ទូលសន្យាអ្វី ដែលអ្នកអាចប្រកាន់ខ្ជាប់តាម? ពេលដែលអ្នកបានដឹងថា សេចក្តីជំនឿរបស់លោកហាត់សិន ថេល័រ និងស្តេចដាវីឌមិនអត់ប្រយោជន៍ទេ តើអ្នកបានទទួលលើកទឹកចិត្ត និងក្តីសង្ឃឹមឡើងយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គតែងតែស្មោះត្រង់ អាចឲ្យទូលបង្គំទុកចិត្តបាន ហើយតែងតែធ្វើតាមព្រះបន្ទូលសន្យា។ សូមព្រះអង្គជួយទូលបង្គំឲ្យចងចាំសេចក្តីស្មោះត្រង់របស់ព្រះអង្គ ខណៈពេលដែលទូលបង្គំទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១ពង្សាវតាក្សត្រ ៦-៧ និង លូកា ២០:២៧-៤៧