ពេលណាបានស្គាល់ព្រះគុណរបស់ព្រះគ្រីស្ទ ជីវិតរបស់យើងនឹងមិននៅដដែលឡើយ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងចែកចាយ អំពីជនក្រៅសង្គមម្នាក់ដែលបានស្គាល់ព្រះយេស៊ូវ ហើយក៏បានរកឃើញភាពស្កប់ស្កល់ក្នុងជម្រៅចិត្តនាង។
អត្ថបទ
កាលព្រះយេស៊ូវកំពុងគង់នៅមាត់អណ្តូង មានស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក។ ហើយព្រះអង្គមានបន្ទូលទៅនាងថា “សូមឲ្យខ្ញុំផឹកផង”។ នាងក៏ទូលថា “លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)”។ ព្រះយេស៊ូវក៏បានឆ្លើយតបនាងថា “បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ និងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង”។ ស្ត្រីនោះក៏ទូលទ្រង់ថា “លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក”។
យើងឃើញថា មូលហេតុដែលយើងមិនចូលទៅរកព្រះ អស់ពីចិត្ត ដើម្បីស្វែងរកបំណងព្រះទ័យព្រះអង្គឲ្យបានច្បាស់លាស់ គឺដោយសារ យើងមិនបានគិតថា ព្រះអង្គមានឧបករណ៍គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការយើង។ ពេលខ្ញុំមានជំងឺ ខ្ញុំនឹងទៅរកវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រ មានជំនាញ និងឧបករណ៍ដែលអាចព្យាបាលខ្ញុំ។ ស្រ្តីនោះកំពុងតែសួរព្រះអង្គថា តើព្រះទ្រង់អាចធ្វើអ្វីសម្រាប់ខ្ញុំ? ខ្ញុំមិនដឹងថា លោកគ្រូកំពុងតែនិយាយអំពីទឹករស់អ្វីទេ។ តើលោកគ្រូសាសន៍យូដាអាចធ្វើដូចអ្វីដែលបាននិយាយឬទេ? លោកគ្រូចង់ឲ្យទឹករស់ខ្ញុំផឹក តែលោកគ្រូមិនមានអ្វីដងទឹកទេ ហើយអណ្តូងក៏ជ្រៅទៀត។
ពេលយើងចូលមករកព្រះអង្គ តើយើងកំពុងតែទូលព្រះអង្គថា “ព្រះអង្គអើយ ព្រះអង្គមិនអាចចម្អែតវិញ្ញាណនេះឲ្យបានគ្រប់គ្រាន់បានទេ។ បញ្ហារបស់ទូលបង្គំធ្ងន់ធ្ងរជាងមនុស្សធម្មតា។ វិញ្ញាណទូលបង្គំជ្រៅណាស់ ព្រះអង្គមិនអាចពាល់បានទេ”? ស្រ្តីនោះកំពុងតែមានចម្ងល់អំពីសមត្ថភាពរបស់ព្រះយេស៊ូវ នៅក្នុងការប្រទានទឹករស់ឲ្យនាងផឹក។ នាងហាក់ដូចជាកំពុងតែសួរព្រះអង្គថា “តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ និងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី?”
ព្រះអង្គក៏បានឆ្លើយតបថា “អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”។ ត្រង់ចំណុចនេះ ព្រះអង្គបង្ហាញច្បាស់ថា ព្រះអង្គធំជាងលោកយ៉ាកុប ព្រោះនាងត្រូវមកដងទឹកពីអណ្តូងលោកយ៉ាកុបជារៀងរាល់ថ្ងៃ តែបើនាងផឹកទឹកដែលព្រះអង្គប្រទាន នាងនឹងមិនស្រេកទៀតឡើយ ព្រោះទឹកនោះមានអំណាច មិនគ្រាន់តែឲ្យនាងផឹកបាន តែថែមទាំងក្លាយជាទឹកផុសទៀតផង។ ទឹកអណ្តូងផឹកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ តែទឹករស់របស់ព្រះអង្គ នឹងជួយឲ្យមានជីវិតរស់អស់កល្បជានិច្ច។
ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរទៅហៅប្តីនាងមកឯណេះ ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្តីទេ រួចព្រះយេស៊ូវមានព្រះបន្ទូលថា ដែលនាងថា គ្មានប្តី នោះថាត្រូវហើយ ដ្បិតនាងបានមានប្តី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្តីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា។ ត្រង់ចំណុចនេះ ព្រះអង្គចង់ប្រាប់នាងថា ព្រះអង្គជ្រាបថានាងជានរណា តែព្រះអង្គនៅតែប្រទានទឹករស់ឲ្យនាងផឹក ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។ ហើយនាងក៏បានសូមទឹករស់ពីព្រះអង្គ។ ជីវិតនឹងក៏បានផ្លាស់ប្រែ។ នាងក៏បានទៅប្រកាសប្រាប់គេរាល់គ្នា អំពីព្រះយេស៊ូវ។ ក្នុងព្រះគម្ពីរ នាងជាស្ត្រីដំបូងដែលបានទៅប្រកាសជាសាធារណៈ អំពីការយាងមកនៃព្រះមែស៊ី ព្រោះជីវិតនាងបានផ្លាស់ប្រែ ដោយសារទឹករស់ ហើយមូលហេតុគឺដោយសារទឹកនោះ បានចម្អែតវិញ្ញាណរបស់នាងហើយ។