រូបព្រះដែលគេបានលួច

ពីព្រោះ​ឯង​មានអំណាច​ចំពោះ​ព្រះ ហើយនឹង​មនុស្ស ក៏បាន​ឈ្នះ​ផង។ លោកុប្បត្តិ ៣២:២៨

មាន​រូបចម្លាក់​មួយ ជា​រូប​ព្រះ​ប្រចាំ​គ្រួសារ ត្រូវ​គេ​លួច​ពី​ស្រ្តី​ម្នាក់ ឈ្មោះ​អេ​ឃូ​វ៉ា(Ekuwa)។ នាង​ក៏បាន​ទៅ​ប្តឹង​ប៉ូលិស។ ប៉ូលិស​ក៏​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​មើលរូប​ចម្លាក់​មួយ ដែល​ពួក​គេ​បាន​រក​ឃើញ។ ពួក​គេ​សួរ​នាង​ថា “តើ​នេះ​ជា​រូបចម្លាក់​របស់​អ្នក​ឬ?” នាង​ក៏បាន​ឆ្លើយ​យ៉ាង​សោកសៅ​ថា “ទេ ព្រះ​របស់ខ្ញុំ​ធំ និង​ស្អាត​ជាង​នេះ”។

មនុស្សជាតិ​បាន​ព្យាយាម​ឆ្លាក់រូប​ព្រះ ទៅតាម​ការយល់​ដឹង​របស់​ខ្លួន ដោយ​សង្ឃឹមថា ព្រះ​ដែល​មនុស្ស​បង្កើត នឹង​ការពារ​ពួក​គេ។ ហេតុនេះ​ហើយ​បាន​ជា​ភរិយា​របស់​លោក​យ៉ាកុប គឺ​នាង​រ៉ាជែល​បាន​លួច​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង ខណៈ​ពេល​ដែល​ពួក​គេ​គេចខ្លួន(លោកុប្បត្តិ ៣១:១៩)។ តែ​ព្រះ​ទ្រង់​បាន​ដាក់​ព្រះហស្ត​ព្រះអង្គ នៅ​លើ​លោក​យ៉ាកុប ទោះ​នាង​កំពុង​លាក់​រូប​ព្រះ​ក្នុង​ជំរុំ​របស់​គាត់​ក៏ដោយ(ខ.៣៤)។

ក្រោយមក នៅក្នុង​ការ​ធ្វើដំណើរ​ដដែល​នោះ លោក​យ៉ាកុប​ក៏បាន​បោកចំបាប់​ជាមួយ “បុរស​ម្នាក់”(៣២:២៤)។ គាត់​ប្រាកដជា​បាន​យល់ថា គូរ​ប្រកួត​របស់​គាត់ មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ព្រោះ​នៅពេល​ថ្ងៃរះ លោក​យ៉ាកុប​ក៏បាន​ទទូច​ថា “ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែបាន​ឲ្យពរ​ដល់​ខ្ញុំ​សិន”(ខ.២៦)។ បុរស​នោះ​ក៏បាន​ប្តូរ​ឈ្មោះ​គាត់ ទៅជា អ៊ីស្រាអែល​វិញ (មានន័យថា “បោកចំបាប់​ជាមួយ​ព្រះ”) ហើយក៏​បាន​ឲ្យពរ​គាត់(ខ.២៨-២៩)។ លោក​យ៉ាកុប​ក៏បាន​ហៅ​កន្លែង​នោះ​ថា ព្នី​អែល(មានន័យថា “ព្រះ​ភ័ក្ត្រ​ព្រះ”) ដ្បិត​គាត់​នឹក​ថា “អញ​បានឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់វង្ស​នៅ”(ខ.៣០)។

ព្រះអង្គ​ជា​ព្រះ​ពិត​ដែល​ធំជាង និង​ស្រស់​ស្អាត​ជាង​រូប​ព្រះ ដែល​អ្នកស្រី​អេ​គូ​វ៉ា​អាច​ស្រមៃ​ទៅទៀត។ គេ​មិន​អាច​ឆ្លាក់រូប​ព្រះអង្គ មិន​អាច​លួច ឬ​លាក់​ព្រះអង្គ​បានទេ។ តែ​យើង​អាច​ចូល​ទៅ​រក​ព្រះអង្គ គឺ​ដូច​ដែល​លោក​យ៉ាកុប​ក៏បាន​ដឹង​ដែរ កាល​យប់​នោះ។ ព្រះយេស៊ូវ​បង្រៀន​សិស្ស​ព្រះអង្គ ឲ្យ​ហៅ​ព្រះ​របស់​លោក​យ៉ាកុប​ថា “ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌”(ម៉ាថាយ ៦:៩)។—TIM GUSTAFSON

តើ​អ្នក​អាច​ពិពណ៌នា​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​ដូចម្តេច​ខ្លះ? តើ​ការយល់​ដឹង​របស់​អ្នក​អំពី​ព្រះអង្គ​មាន​កំរិត​ប៉ុណ្ណា?

ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​អត់ទោស​ឲ្យ​ទូលបង្គំ ដែល​មិនបាន​ទទួលស្គាល់​ភាព​ធំ​ប្រសើរ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ឱបក្រសោប​យក​ការពិត​ដែល​ថា ព្រះអង្គ​ជា​នរណា។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតា​ក្សត្រ ១០-១២ និង យ៉ូហាន ១:២៩-៥១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles