ព្រះទ្រង់ទតឃើញ យល់ និងយកព្រះទ័យទុកដាក់

ព្រះអម្ចាស់​នៃ​យើងខ្ញុំ​ទ្រង់​ធំ​ប្រសើរ ហើយ​មាន​ឫទ្ធានុភាព​ក្រៃលែង ឯ​ប្រាជ្ញា​ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំងអស់។ ទំនុកដំកើង ១៤៧:៥

ជួនកាល ការរស់នៅ​ដោយ​ការឈឺចាប់ និង​ការនឿយហត់​ដ៏​រាំ​រ៉ៃ អាច​បណ្តាល​ឲ្យ​យើង​រស់នៅ​តែម្នាក់ឯង​នៅផ្ទះ ហើយ​មាន​អារម្មណ៍​ឯកោ។ ជា​ញឹកញាប់ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ និង​អ្នកដទៃ​មិន​អើ​ពើ​ចំពោះ​ខ្ញុំ​ទេ។ ខ្ញុំ​មានទម្លាប់​បណ្តើរ​ឆ្កែ​របស់ខ្ញុំ នៅពេល​ព្រឹកព្រលឹម ហើយក៏​បាន​ដើរ​បណ្តើរ​អធិស្ឋាន​បណ្តើរ​ជាប្រចាំ។ នៅពេល​ព្រឹក​មួយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏បាន​ឃើញ​បាឡុង​ហោះ​ពី​ចម្ងាយ។ មនុស្ស​​ដែល​កំពុង​ជិះ​បាឡុង​ហោះ អាច​គយគន់​ទេសភាព​របស់​តំបន់​ដែល​ខ្ញុំ​រស់នៅ ពីលើ​មក តែ​ពួក​គេ​មិន​អាច​មើល​ខ្ញុំ​ឃើញ​ទេ។ ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ​ទៀត កាត់តាម​ផ្ទះ​អ្នក​ជិះ​ខាង​ខ្ញុំ ខ្ញុំ​ក៏បាន​ដកដង្ហើមធំ។ តើមាន​មនុស្ស​ប៉ុន្មាន​នាក់ នៅក្នុង​ផ្ទះ​ទាំងនោះ ដែល​មាន​អារម្មណ៍​ថា ខ្លួន​ជា​មនុស្ស​គ្មាន​តម្លៃ ហើយ​គេ​មើល​រំលង? ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ ខ្ញុំ​ក៏បាន​ទូល​សូម​ព្រះ នូវ​ឱកាស​ដើម្បី​បង្ហាញ​ឲ្យ​អ្នកជិតខាង​ខ្ញុំ​បានដឹង​ថា ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ពួក​គេ ហើយ​ព្រះអង្គ​ក៏​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​គេ​ផង​ដែរ។

ព្រះ​ទ្រង់​បាន​កំណត់​ចំនួន​ផ្កាយ​នៅ​លើ​មេឃ ពេល​ដែល​ព្រះអង្គ​មាន​បន្ទូល​ឲ្យ​ផ្កាយ​ទាំងអស់​នោះ​កើតមាន​ឡើង។ ព្រះអង្គ​ដាក់ឈ្មោះ​ឲ្យ​ផ្កាយ​នី​មួយៗ(ទំនុកដំកើង ១៤៧:៤)។ ការ​នេះ​បង្ហាញថា ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត។ ព្រះអង្គ​មាន​កម្លាំង ​ព្រះ​ប្រាជ្ញាញាណ និង​ចំណេះដឹង ដែល​គ្មាន​ដែន​កំណត់ ក្នុង​ពេល​អតីតកាល បច្ចុប្បន្ន និង​ពេល​អនាគត(ខ.៥)។

ព្រះ​ទ្រង់​ស្តាប់​ឮ​សម្លេង​ស្រែកយំ​ដ៏​អស់សង្ឃឹម ហើយ​ទត​ឃើញ​ទឹកភ្នែក​ដែល​ស្រក់​ចុះ​មក​យ៉ាង​ស្ងាត់ស្ងៀម ខណៈ​ពេល​ដែល​ទ្រង់​កត់សំគាល់​ឃើញ​អ្នក​ផ្សេង​ទៀត​​ស្កប់ចិត្ត និង​សើច​សប្បាយ។ ព្រះ​ទ្រង់ទត​មើល ពេល​ដែល​យើង​ជំពប់​ដួល និង​ពេល​ដែល​យើង​ឈរ ដោយ​ជ័យជម្នះ។ ព្រះអង្គ​ជ្រាប​អំពី​ការ​ភ័យខ្លាច​ក្នុង​ជម្រៅ​ចិត្ត​យើង ហើយ​ជ្រាប​អំពី​គំនិត និង​ក្តី​ស្រមៃ​របស់​យើង។ ព្រះអង្គ​ជ្រាប​ថា យើង​បាន​ទៅដល់​កន្លែងណា ហើយ​យើង​នឹង​ទៅ​កន្លែងណា។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​មើល​ឃើញ ស្តាប់ និង​ស្រឡាញ់​អ្នកជិតខាង​យើង យើង​អាច​ទុកចិត្ត​ថា ព្រះអង្គ​ទត​ឃើញ យល់ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​ផង​ដែរ។—XOCHITL DIXON

តើ​អ្នកជិតខាង​របស់​អ្នក​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដែរ​ឬទេ? តើ​អ្នក​អាច​ស្រឡាញ់​អ្នកដទៃ ដូចម្តេច​ខ្លះ​នៅ​ថ្ងៃនេះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​មើលឃើញ ស្តាប់​ឮ និង​ស្រឡាញ់​អ្នកដទៃ តាមបំណង​ព្រះទ័យ​ព្រះអង្គ។

For further study, read Loving Our Neighbors at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតា​ក្សត្រ ១៣-១៤ និង យ៉ូហាន ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles