ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឲ្យខំរាប់អានគេជាមុន។ រ៉ូម ១២:១០
ការរត់ប្រណាំងម៉ារ៉ាតុន គឺជាការជំរុញខ្លួនឯង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររត់ប្រណាំងកំរិតវិទ្យាល័យម្នាក់ បានចូលរួមការរត់ប្រណាំងឆ្លងកាត់សណ្ឋានដីខុសៗគ្នា ក្នុងប្រទេស ដោយរុញមនុស្សម្នាក់ពីខាងក្រោយ។ រៀងរាល់ពេលប្រកួត កុមារី ស៊ូហ្សិន បឺកមែន(Susan Bergeman) មានអាយុ១៤ឆ្នាំ និងបងប្រុសនាង ឈ្មោះ ចេហ្វ្រ៊ី(Jeffrey) បានចូលរួមប្រកួតជាមួយគ្នា ដោយចេហ្វ្រ៊ីអង្គុយពីលើរទេះរុញ ហើយនាងរុញគាត់ពីក្រោយ។ កាលចេហ្វ្រ៊ីមានអាយុ២២ខែ គាត់បានគាំងបេះដូង ដែលបណ្តាលឲ្យខូចខួរក្បាលធ្ងន់ធ្ងរ ហើយគាត់ក៏បានក្លាយជាជនពិការខួរក្បាល។ សព្វថ្ងៃនេះ ស៊ូហ្សិនបានលះបង់គោលដៅផ្ទាល់ខ្លួន ក្នុងការរត់ប្រណាំង ដើម្បីឲ្យចេហ្វ្រ៊ីបានចូលរួមប្រកួតជាមួយនាង។ នេះជាទង្វើនៃសេចក្តីស្រឡាញ់ និងការលះបង់ដ៏ធំធេង។
សាវ័កប៉ុលក៏បានគិតអំពីសេចក្តីស្រឡាញ់ និងការលះបង់ផងដែរ ពេលដែលគាត់លើកទឹកចិត្តអ្នកអានសំបុត្ររបស់គាត់ឲ្យមានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក(រ៉ូម ១២:១០)។ គាត់ដឹងថា អ្នកជឿព្រះនៅទីក្រុងរ៉ូមកំពុងមានបញ្ហា នៃការច្រណែនគ្នា កំហឹង និងការឈ្លោះប្រកែកគ្នា(ខ.១៨)។ ដូចនេះ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យរស់នៅ ដោយសេចក្តីស្រឡាញ់របស់ព្រះគ្រប់គ្រងចិត្តរបស់ពួកគេ។ សេចក្តីស្រឡាញ់ប្រភេទនេះ បានចាក់ឫសជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ នឹងបណ្តាលចិត្តពួកគេឲ្យគិតប្រយោជន៍អ្នកដទៃ។ សេចក្តីស្រឡាញ់នេះនាំឲ្យមានចិត្តស្មោះត្រង់ និងការចែករំលែកដ៏សប្បុរស(ខ.១៣)។ អ្នកដែលមានក្តីស្រឡាញ់ដូចនេះ មានចិត្តចង់ចាត់ទុកអ្នកដទៃថា សក្តិសមនឹងទទួលកិត្តិយសលើសខ្លួនឯងទៅទៀត(ខ.១៦)។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងកំពុងតែរត់ប្រណាំង ដោយសេចក្តីស្រឡាញ់ ដោយជួយអ្នកដទៃ ឲ្យបញ្ចប់ការរត់ប្រណាំងផងដែរ។ ការនេះអាចមានការពិបាក តែបានថ្វាយសិរីល្អដល់ព្រះយេស៊ូវ។ ដូចនេះ ដើម្បីសេចក្តីស្រឡាញ់ ចូរយើងពឹងផ្អែកលើព្រះអង្គ ដើម្បីឲ្យយើងមានលទ្ធភាពស្រឡាញ់ និងបម្រើអ្នកដទៃ។—MARVIN WILLIAMS
តើការស្រឡាញ់អ្នកដទៃ ដូចដែលព្រះស្រឡាញ់ពួកគេ មានន័យយ៉ាងណាសម្រាប់អ្នក? តើព្រះយេស៊ូវបានធ្វើជាគំរូនៃសេចក្តីស្រឡាញ់នោះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីនៃសេចក្តីស្រឡាញ់ ដើម្បីសេចក្តីស្រឡាញ់ និងសិរីល្អរបស់ព្រះអង្គ សូមព្រះអង្គជួយទូលបង្គំឲ្យគិតប្រយោជន៍អ្នកដទៃមុនគិតអំពីខ្លួនឯង។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៧-១៨ និង យ៉ូហាន ៣:១៩-៣៦