ដើម្បីសេចក្តីស្រឡាញ់

ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មានចិត្ត​ថ្នម​គ្នា​ទៅវិញទៅមក​ចុះ ខាង​ឯ​សេចក្តី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជាមុន។ រ៉ូម ១២:១០

ការ​រត់​ប្រណាំង​ម៉ារ៉ាតុន គឺជា​ការជំរុញ​ខ្លួនឯង ទាំង​​កម្លាំងកាយ និង​កម្លាំងចិត្ត។ ទោះជាយ៉ាងណា​ក៏ដោយ កីឡាករ​រត់ប្រណាំង​កំរិត​វិទ្យាល័យ​ម្នាក់ បាន​ចូលរួម​ការរត់ប្រណាំង​ឆ្លងកាត់​សណ្ឋាន​ដី​ខុសៗគ្នា ក្នុង​ប្រទេស ដោយ​រុញ​មនុស្ស​ម្នាក់​ពី​ខាងក្រោយ។ រៀងរាល់​ពេល​ប្រកួត កុមារី ស៊ូ​ហ្សិន បឺ​កមែន(Susan Bergeman) មាន​អាយុ១៤ឆ្នាំ និង​បងប្រុស​នាង ឈ្មោះ ចេ​ហ្វ្រ៊ី(Jeffrey) បាន​ចូលរួម​ប្រកួត​ជាមួយគ្នា ដោយ​ចេ​ហ្វ្រ៊ី​អង្គុយ​ពីលើ​រទេះរុញ ហើយ​នាង​រុញ​គាត់​ពីក្រោយ។ កាល​ចេ​ហ្វ្រ៊ី​មាន​អាយុ២២ខែ គាត់​បាន​គាំងបេះដូង ដែល​បណ្តាល​ឲ្យ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​គាត់​ក៏បាន​ក្លាយជា​ជន​ពិការ​ខួរក្បាល។ សព្វថ្ងៃ​នេះ ស៊ូ​ហ្សិន​បាន​លះបង់​គោលដៅ​ផ្ទាល់ខ្លួន ក្នុង​ការរត់ប្រណាំង ដើម្បីឲ្យ​ចេហ្វ្រ៊ី​បាន​ចូលរួម​ប្រកួត​ជាមួយ​នាង។ នេះ​ជា​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ដ៏​ធំធេង។

សាវ័ក​ប៉ុល​ក៏បាន​គិត​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ផង​ដែរ ពេល​ដែល​គាត់​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​របស់​គាត់​ឲ្យ​មានចិត្ត​ប្តូរផ្តាច់​ចំពោះ​គ្នា​ទៅវិញទៅមក(រ៉ូម ១២:១០)។ គាត់​ដឹង​ថា អ្នកជឿ​ព្រះ​នៅ​ទីក្រុង​រ៉ូម​កំពុង​មាន​បញ្ហា នៃ​ការ​ច្រណែន​គ្នា កំហឹង និង​ការ​ឈ្លោះប្រកែក​គ្នា(ខ.១៨)។ ដូចនេះ គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​គេ ឲ្យ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រប់គ្រង​ចិត្ត​របស់​ពួក​គេ។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ បាន​ចាក់ឫស​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ នឹង​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​គិត​ប្រយោជន៍​អ្នកដទៃ។ សេចក្តី​ស្រឡាញ់​នេះ​នាំឲ្យមាន​ចិត្តស្មោះ​ត្រង់ និង​ការចែក​រំលែក​ដ៏​សប្បុរស(ខ.១៣)។ អ្នក​ដែល​មាន​ក្តី​ស្រឡាញ់​ដូចនេះ មានចិត្តចង់​ចាត់ទុក​អ្នកដទៃ​ថា សក្តិ​សមនឹង​ទទួល​កិត្តិយស​លើស​ខ្លួនឯង​ទៅទៀត(ខ.១៦)។

ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ យើង​កំពុងតែ​រត់ប្រណាំង ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ជួយ​អ្នកដទៃ ឲ្យ​បញ្ចប់​ការរត់ប្រណាំង​ផង​ដែរ។ ការ​នេះ​អាច​មានការ​ពិបាក តែ​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះយេស៊ូវ​។ ដូចនេះ ដើម្បី​សេចក្តី​ស្រឡាញ់ ចូរ​យើង​ពឹងផ្អែក​លើ​ព្រះអង្គ ដើម្បីឲ្យ​យើង​មានលទ្ធភាព​ស្រឡាញ់ និង​បម្រើ​អ្នកដទៃ។—MARVIN WILLIAMS

តើ​ការ​ស្រឡាញ់​អ្នកដទៃ ដូចដែល​ព្រះ​ស្រឡាញ់​ពួក​គេ មានន័យ​យ៉ាងណា​សម្រាប់​អ្នក? តើ​ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​នោះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱព្រះ​នៃ​សេចក្តី​នៃ​សេចក្តី​ស្រឡាញ់ ដើម្បី​សេចក្តី​ស្រឡាញ់ និង​សិរីល្អ​របស់​ព្រះអង្គ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​គិត​ប្រយោជន៍​អ្នកដទៃ​មុន​គិត​អំពី​ខ្លួនឯង។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតា​ក្សត្រ ១៧-១៨ និង យ៉ូហាន ៣:១៩-៣៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles