ការដឹកនាំដោយសេចក្តីស្រឡាញ់

យើងខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នករាល់គ្នា​នីមួយៗ ដូចជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្តចិត្ត​ផង។ ១ថែ​ស្សា​ឡូ​និច ២:១១

ថ្មីៗនេះ ខ្ញុំ​បាន​មើល​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ឃើញ​មេ​ខ្លាឃ្មុំ​កំពុង​ព្យាយាម​នាំ​កូន​ខ្លា​ឃ្មុំ​ដ៏​រពិស៤ក្បាល ឆ្លងថ្នល់ ដែល​កំពុង​មាន​យានយន្ត​បើក​កាត់​យ៉ាង​មមាញឹក។ ទិដ្ឋភាព​នេះ​បាន​នាំឲ្យ​ខ្ញុំ​មាន​ទឹកមុខ​ញញឹម យ៉ាង​ចិត្តរីករាយ ព្រោះ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ក៏​ធ្លាប់​មានរឿង​ស្រដៀង​នេះ​ផង​ដែរ។ នៅក្នុង​ការ​មើល​វា​ពាំ​កូន​វា​ម្តង​មួយៗ ឆ្លងថ្នល់ តែ​កូន​វា​ក៏បាន​រត់​មក​ម្ខាង​ផ្លូវ​វិញ។ បន្ទាប់​ពី​បាន​ព្យាយាម​ជាច្រើនលើក​ច្រើន​សារ ដោយចិត្ត​នឿយណាយ ទីបំផុត​មេ​ខ្លាឃ្មុំ​ក៏បាន​ឃុំគ្រង​កូន​ខ្លាឃ្មុំ​ទាំង៤ក្បាល ហើយក៏​បាន​ឆ្លងថ្នល់​ទាំងអស់គ្នា ដោយ​សុវត្ថិភាព។

ការ​ឃុំគ្រង​កូន ដោយ​មិន​គិត​ពី​ការនឿយហត់​ដែល​បាន​បង្ហាញ​មក ក្នុង​វីដេអូ​នោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ន័យធៀប​ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ដើម្បី​ពិ​ពណ៌​នា អំពី​របៀប​ដែល​គាត់​បាន​ថែរក្សា​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនីច។ គាត់​មិនបាន​និយាយ​សង្កត់ធ្ងន់​អំពី​សិទ្ធិ​អំណាច​របស់​គាត់​ជា​សាវ័ក​ទេ តែ​បានប្រៀប​ធៀប​ការងារ​ដែល​គាត់​បាន​ធ្វើ​ក្នុងចំណោម​ពួក​គេ ទៅ​នឹង​ភារកិច្ច​របស់​ឪពុក​ម្តាយ ដែល​ថែរក្សា​កូនតូច(១ថែស្សាឡូនិច ២:៧,១១)។ សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ដែល​គាត់​មាន​ចំពោះ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច(ខ.៨) បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​បន្ត​លើកទឹកចិត្ត កម្សាន្ត​ចិត្ត និង​ជំរុញ​ពួក​គេ ឲ្យ​រស់នៅ ឲ្យ​សក្តិ​សមជា​កូន​ព្រះ(ខ.១២)។ ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​គោរព​ប្រតិបត្តិ​ព្រះ បាន​កើត​ចេញពី​សេចក្តី​ស្រឡាញ់ ដែល​ចង់​ឲ្យ​ពួក​គេ​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​ពួក​គេ។

យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​សាវ័ក​ប៉ុល នៅពេល​ណា​យើង​មានឱកាស​ធ្វើជា​អ្នកដឹកនាំ ជាពិសេស​នៅពេល​ដែល​យើង​មានការ​ហត់នឿយ។ ដោយអំណាច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ស្រឡាញ់​អ្នក​ដែល​យើង​កំពុង​ថែរក្សា ដោយចិត្ត​សុភាព និង​ការ​ព្យាយាម ខណៈ​ពេល​ដែល​យើង​លើកទឹកចិត្ត និង​ដឹកនាំ​ពួក​គេ ទៅ​រក​ព្រះយេស៊ូវ​។—LISA M. SAMRA

តើ​អ្នក​បាន​ដកពិសោធន៍​ជាមួយ​ការដឹកនាំ​ដោយ​ក្តី​ស្រឡាញ់ ដូចម្តេច​ខ្លះ? តើ​អ្នក​អាច​លើកទឹកចិត្ត​មនុស្ស​ដែល​អ្នក​កំពុង​ថែរក្សា យ៉ាងណា​ខ្លះ?

ឱ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ថែរក្សា​អ្នកដទៃ ដោយ​សេចក្តី​ស្រឡាញ់ ដូចដែល​ព្រះអង្គ​ថែរក្សា​ទូលបង្គំ ដោយ​ព្រះគុណ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតា​ក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles