ព្រឹក

តើខ្ញុំជានរណា?
ដោយWinn Collier
May 15, 2023
ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២ កាលពីឆ្នាំ១៨៥៩ លោកយ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បានតាំងខ្លួនជាអធិរាជនៃសហរដ្ឋអាមេរិក។ លោកន័រតុនរកបានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងមុខជំនួញដឹកជញ្ជូន នៅទីក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ ហើយក៏បានខាតបង់អស់ទៅវិញ។ ប៉ុន្តែ គាត់ចង់បានអត្តសញ្ញាណថ្មីមួយ ដោយគាត់ចង់ធ្វើជាអធិរាជទីមួយរបស់សហរដ្ឋអាមេរិក។ ពេលដែលសារព័ត៌មានពេលល្ងាចសាន់ ហ្វ្រាន់ស៊ីស្កូ បានចេញផ្សាយ អំពីការប្រកាសរបស់លោកន័រតុន អ្នកអានកាសែតភាគច្រើនបានអស់សំណើច។ លោកន័រតុនបានធ្វើការប្រកាសនេះ ក្នុងគោលបំណងដើម្បីព្យាបាលជំងឺសង្គមមួយជំនួន ហើយក៏បានបោះពុម្ពរូបិយប័ណ្ណផ្ទាល់ខ្លួន ហើយថែមទាំងសរសេរសំបុត្រផ្ញើទៅក្សត្រីវិចតូរីយ៉ា ដោយសុំព្រះនាងរៀបការ ហើយបង្រួបបង្រួមសហរដ្ឋអាមេរិកជាមួយចក្រភពអង់គ្លេស។ គាត់ក៏បានពាក់ឯកសណ្ឋានទាហានរបស់ស្តេច ដែលជាងកាត់ដេរក្នុងតំបន់រចនា។ អ្នកសង្កេតម្នាក់បាននិយាយថា លោកន័រតុន “មានរូបរាងដូចស្តេចទាំងស្រុង”។ ប៉ុន្តែ ជាការពិតណាស់ គាត់មិនមែនជាស្តេចទេ។ រឿងនេះបានបង្រៀនយើងថា យើងមិនអាចក្លែងបន្លំអត្តសញ្ញាណរបស់យើងបានឡើយ។ មនុស្សជាច្រើនបានចំណាយពេលច្រើនឆ្នាំ ដើម្បីឲ្យដឹងថា ខ្លួនឯងជានរណា ហើយមានតម្លៃអ្វីខ្លះ។ តែយើងអរព្រះគុណព្រះអង្គ ដែលបានហៅយើងថា កូនប្រុសស្រី ពេលណាយើងទទួលសេចក្តីសង្រ្គោះ ក្នុងព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។ ហើយអត្តសញ្ញាណនេះ គឺជាអំណោយមកពីព្រះអង្គទាំងស្រុង។ យើងជាកូនស្ងួនភ្ងារបស់ព្រះអង្គ “គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ”(ខ.១៣)។ ព្រះទ្រង់ប្រទានយើងនូវអត្តសញ្ញាណថ្មី ក្នុងព្រះគ្រីស្ទ។ យើងអាចឈប់ប្រៀបធៀបខ្លួនយើង ជាមួយអ្នកដទៃ ព្រោះព្រះអង្គបានប្រាប់យើងថា យើងជានរណាហើយ។—WINN COLLIER
តើធ្វើដូចម្តេចឲ្យអ្នកដឹងថា ព្រះទ្រង់បានជ្រើសរើសអ្នក? តើការធ្វើជាកូនព្រះអង្គ បានជួយឲ្យអ្នកស្គាល់អត្តសញ្ញាណពិតរបស់អ្នក ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំដឹងថា ទូលបង្គំជាកូនព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្ត ដោយដឹងថា ទូលបង្គំបានកើតពីព្រះអង្គ ជាកូនរបស់ស្តេចលើអស់ទាំងស្តេច។
To learn more about your identity in Christ, visit ODBU.org/SF130.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតាក្សត្រ ២៤-២៥ និង យ៉ូហាន ៥:១-២៤
ប្រភេទ
ល្ងាច

ព្រះអង្គសង្គ្រោះដែលកិនក្បាលសត្វពស់
ដោយUltimately with R.C. Sproul
May 15, 2023
បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានចាញ់ល្បួងរបស់សាតាំង ព្រះទ្រង់មានសិទ្ធិគ្រប់យ៉ាង ដើម្បីបំផ្លាញមនុស្សជាតិ។ តែផ្ទុយទៅវិញ ព្រះអង្គបានសន្យាប្រទានព្រះដ៏ប្រោសលោះ ដែលនឹងកិនក្បាលរបស់អារក្ស ហើយរំដោះរាស្រ្តព្រះអង្គ ឲ្យរួចពីការជំនុំជម្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល នឹងធ្វើការបកស្រាយ អំពីព្រះបន្ទូលសន្យាទីមួយ នៃដំណឹងល្អ ដែលមានចែងក្នុងបទគម្ពីរ លោកុប្បត្ដិ ៣:១៥។ អត្ថបទ សូមចាំថា ជំពូកទី៣ នៃកណ្ឌគម្ពីរលោកុប្បត្ដិ បានពិពណ៌នា អំពីការធ្លាក់ចុះរបស់មនុស្សជាតិ ចូលទៅក្នុងអំពើបាប។ បទគម្ពីរនេះបានពិពណ៌នាអំពីការល្បួង និងអំពើបាប របស់អ័ដាម និងនាងអេវ៉ា។ អ្នកប្រហែលជារំពឹងថា ប្រវត្តិសាស្រ្តក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលនិយាយអំពីទំនាក់ទំនងរវាងព្រះ និងមនុស្សជាតិបានចាប់ផ្តើមក្នុងបទគម្ពីរលោកុប្បត្តិ ១:១ ដែលបានចែងថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនិងផែនដី” ហើយទំនាក់ទំនងនោះក៏បានចប់ក្នុងបទគម្ពីរ លោកុប្បត្តិ ៣:១៤ តែបទគម្ពីរនេះមិនបានចែងទេថា “ហើយព្រះទ្រង់ក៏បានបំផ្លាញផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើ ពេលដែលមនុស្សជាតិបានទាស់ប្រឆាំងនឹងអំណាចរបស់ព្រះអង្គជាព្រះ”។ តែផ្ទុយទៅវិញ ព្រះអង្គបានប្រទានព្រះបន្ទូលសន្យាថា ព្រះអង្គនឹងទុកជីវិត សង្គ្រោះ ប្រោសលោះ និងសង្គ្រោះស្នាព្រះហស្តព្រះអង្គដែលបានធ្លាក់ចូលអំពើបាប។ សូមយើងមើលជំពូក៣ នៃកណ្ឌគម្ពីរលោកុប្បត្ដិ។ បទគម្ពីរនេះបានកត់ទុកអំពីបណ្តាសាដែលព្រះអង្គទម្លាក់មកលើសត្វពស់ ដែលបានល្បួងអ័ដាំម និងនាងអេវ៉ា។ “ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត” ព្រះអង្គក៏បានសន្យាថា “អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ”(ខ.១៤-១៥)។ នេះក៏ជាបទទំនាយផងដែរ។ ព្រះទ្រង់កំពុងមានបន្ទូលអំពីពេលអនាគត ដែលពូជនាងនឹងកិនក្បាលពស់ ជាការប៉ះទង្គិច រវាងពូជរបស់នាងអេវ៉ា និងសត្វពស់ ជាសង្រ្គាមខ្លាំងបំផុតរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ ព្រោះទ្រង់បានមានបន្ទូលថា “អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា” ដែលជាការស្អប់គ្នា ការដាច់ចេញពីគ្នា។ ត្រង់ចំណុចនេះ ព្រះអង្គមានបន្ទូលអំពីពូជរបស់ស្ត្រី ដែលនាងកិនក្បាលពស់ នៅលើដីទាល់តែវាស្លាប់។ តែនៅក្នុងដំណើរការនៃការបំផ្លាញអារក្ស ពូជរបស់ស្រ្តីនឹងត្រូវរបួស។ ទ្រង់ប្រើព្រះបាទទ្រង់ជាន់ក្បាលពស់ ដូចនេះ កែងព្រះបាទទ្រង់ក៏ត្រូវពស់ចឹកឲ្យរបួស។ ព្រះគម្ពីរសញ្ញាថ្មីក៏បានប្រាប់យើងឲ្យដឹងថា ទ្រង់ក៏បានប្រសូតមក តាមបទទំនាយ ដើម្បីនាំមកនូវការប្រោសលោះឲ្យរួចពីបាបដល់មនុស្សជាតិ។ តែក្នុងការប្រោសលោះនោះ ដាវក៏បានចាក់ទំលុះវិញ្ញាណនាងម៉ារា ដែលជាព្រះមាតាទ្រង់ ខណៈពេលដែលនាងឈរនៅក្បែរឈើឆ្កាង មើលបុត្រានាងរងរបួសដល់អស់ព្រះជន្ម។ ភ្នែកខាងសាច់ឈាមរបស់នាង បានឃើញបុត្រានាងទទួលរងទារុណកម្ម រងទុក្ខវេទនា និងការបន្ទាបបន្ថោក។ តែនាងមិនបានឃើញរឿងខាងវិញ្ញាណដែលកំពុងកើតឡើងទេ។ នាងមិនអាចមើលឃើញសាតាំង។ នាងបានមើលឃើញហេតុការណ៍នៃការសុគតរបស់ព្រះគ្រីស្ទ ដោយខ្ចាយព្រះលោហិតនៅលើឈើឆ្កាង តែមិនបានដឹងទេថា ព្រះអង្គកំពុងកិនក្បាលសត្វពស់។ ដូចនេះ សរុបមក ដំណឹងល្អដំបូងបំផុតបានប្រកាសឡើង ក្នុងសួនច្បារអេដែន អំពីការសន្យាប្រទានព្រះដ៏ប្រោសលោះ ដែលនឹងត្រូវមក។