ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ។ អេសាយ ៤០:២៦
កាលពីឆ្នាំ២០២១ កិច្ចប្រឹងប្រែងចម្រុះជាតិសាសន៍ បាននាំឲ្យមានការបាញ់បង្ហោះកែវយឺតមើលផ្កាយ James Webb Space ស្ថិតនៅចម្ងាយជិត១,៦លានគីឡូម៉ែត្រ ពីផែនដី ដើម្បីជួយដល់ការស្រាវជ្រាវអំពីចក្រវាល ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ផ្កាយរណបដ៏អស្ចារ្យនេះ នឹងហោះហើរចូលទៅក្នុងទីអាវកាសដ៏សែនជ្រៅ ដើម្បីពិនិត្យមើលហ្វូងផ្កាយ និងភាពអស្ចារ្យដទៃទៀត នៅក្រៅភពផែនដី។
បច្ចេកវិទ្យានៃតារាស្រ្តនេះ ពិតជាគួរឲ្យស្ញប់ស្ញែងណាស់ ហើយបើអ្វីៗគ្រប់យ៉ាងមានដំណើរការល្អ វានឹងផ្តល់ឲ្យយើងនូវរូបភាព និងព័ត៌មានដ៏អស្ចារ្យជាច្រើន។ តែការសិក្សាអំពីភពផ្កាយមិនមែនទើបតែមាន ក្នុងសម័យនេះឡើយ។ តាមពិត ហោរាអេសាយបានពិពណ៌នាអំពីផ្កាយយ៉ាងដូចនេះថា “ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ”(អេសាយ ៤០:២៦)។ “យប់១ក៏សំដែងចំណេះដល់យប់១ទៀត” អំពីព្រះអាទិកររបស់យើង ដែលបានបង្កើតចក្រវាលដ៏ធំល្វឹងល្ងើយ និងយើងមិនអាចយល់អស់(ទំនុកដំកើង ១៩:២) ហើយក៏បានបង្កើតដួងផ្កាយរាប់មិនអស់ ដែលបានលម្អផ្ទៃមេឃ យ៉ាងស្ងាត់ស្ងៀម ក្នុងពេលរាត្រី(ខ.៣)។
ហើយព្រះដែលបានកំណត់ចំនួនដួងផ្កាយបញ្ចេញពន្លឺ “ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ
ក៏ហៅបានតាមឈ្មោះទាំងអស់”(ទំនុកដំកើង ១៤៧:៤)។ ពេលណាមនុស្សជាតិបាញ់បង្ហោះផ្កាយរណបដោយបច្ចេកវិទ្យាដ៏គួរឲ្យស្ញប់ស្ញែង ចូលទៅក្នុងអវកាស ដើម្បីធ្វើការរុករក ក្នុងចក្រវាល យើងអាចអរសប្បាយ នឹងការរកឃើញថ្មី ដែលពួកគេទទួលបាន ព្រោះការសង្កេតមើលភពផ្កាយនីមួយៗ បានចង្អុលបង្ហាញឲ្យយើងងាកទៅរកព្រះមួយអង្គ ដែលបានបង្កើតប្រព័ន្ធព្រះអាទិត្យ និងអ្វីៗគ្រប់យ៉ាងនៅក្នុងនោះ។ ជាការពិតណាស់ “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(១៩:១) ដោយរាប់បញ្ចូលទាំងផ្កាយ និងរបស់សព្វសារពើផងដែរ។—DAVE BRANON
តើហ្វូងផ្កាយ និងចក្រវាលទាំងមូល បាននិយាយអំពីព្រះ និងភាពប៉ិនប្រសប់របស់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ? តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលអ្នកពិចារណា អំពីព្រះចេស្តារបស់ព្រះអង្គ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើតចក្រវាលដ៏អស្ចារ្យ សម្រាប់ឲ្យទូលបង្គំអរសប្បាយ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតាក្សត្រ ២២-២៣ និង យ៉ូហាន ៤:៣១-៥៤