ព្រះអង្គតែងតែឮយើង

ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ទ្រង់​អស់១ជីវិត។ ទំនុកដំកើង ១១៦:២

ក្នុង​សៀវភៅ មាន​ចំណងជើង​ថា រូបវិទ្យា លោក​ឆាល រី​បឺ​ក ម៉ាន(Charles Riborg Mann) និង​ជច រេ​នសិម ធ្វីស(George Ransom Twiss) បាន​ចោទ​ជា​សំណួរ​ថា “ពេល​ដែល​ដើមឈើ​មួយ​ដើម ដួល​រលំ​ក្នុង​ព្រៃ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គេ ដោយ​គ្មាន​សត្វព្រៃ​ណាមួយ​នៅ​ក្បែរ​នោះ​ឮ​សម្លេង​ដើមឈើ​នោះ​រលំ តើ​ការ​ដួល​រលំ​នោះ បាន​បញ្ចេញ​សម្លេង​ដែរ​ឬទេ?” ជាច្រើន​ឆ្នាំ​កន្លងមក​នេះ សំណួរ​នេះ​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ផ្នែក​ទស្សនវិជ្ជា និង​វិទ្យា​សាស្ត្រ អំពី​សម្លេង ការ​ដឹង​ និង​ការ​មាន​វត្តមាន។ ទោះជាយ៉ាងណា​ក៏ដោយ មិនទាន់​មាន​ចម្លើយ​ដ៏​ច្បាស់លាស់​មួយ បាន​លេចឡើង សម្រាប់​សំណួរ​នេះ​នៅ​ឡើយ​ទេ។

នៅពេល​យប់​មួយ ពេល​ដែល​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ឯកោ និង​ពិបាកចិត្ត ដោយសារ​បញ្ហា​មួយ ដែល​ខ្ញុំ​មិនបាន​និយាយប្រាប់​នរណា​ម្នាក់​នៅឡើយ ខ្ញុំ​ក៏បាន​នឹក​ចំា អំពី​សំណួរ​ដែល​បាន​សួរ​ថា តើ​ព្រះ​ទ្រង់​ស្តាប់​ឮខ្ញុំ​ដែរ​ឬទេ នៅ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ស្តាប់​ខ្ញុំ​ស្រែកហៅ​ឲ្យ​គេ​ជួយ?

អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១១៦ ប្រហែលជា​មាន​អារម្មណ៍​ថា គេ​បាន​បោះបង់ចោល​គាត់ ពេល​ដែល​គាត់​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់ និង​មានទុក្ខ​ព្រួយ​ជា​ពន់ពេក។ ដូចនេះ គាត់​បាន​ស្រែក​រក​ព្រះ ដោយ​ដឹង​ថា ព្រះអង្គ​កំពុង​ស្តាប់ ហើយនឹង​មក​ជួយ​គាត់។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល​អង្វរ ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់​ខ្ញុំ”(ខ.១-២)។ ពេល​ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ថា ខ្ញុំ​ឈឺចាប់ ព្រះ​ទ្រង់​ជ្រាប។ ពេល​ដែល​គ្មាន​នរណា​ឮ​សម្លេង​ខ្ញុំ​យំ ព្រះ​ទ្រង់​ស្តាប់​ឮ។

ពេលណា​យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការ​ការពារ(ខ.៥-៦) យើង​អាច​សម្រាក ក្នុង​ពេល​ដ៏​ពិបាក(ខ.៧)។ ពាក្យ​ជា​ភាសា​ហេព្រើរ ដែល​ប្រែ​មក​ថា “សម្រាក”(ម៉ា​ណូ​អា​ខ) ពិពណ៌នា អំពី​ទីកន្លែង​មួយ ដែល​ស្ងាត់ស្ងៀម និង​មាន​សុវត្ថិភាព។ យើង​អាច​មាន​សន្តិភាព​ក្នុង​ចិត្ត មាន​កម្លាំង​ឡើង ព្រោះ​ព្រះអង្គ​បាន​ធានា​ថា នឹង​គង់នៅ​ជាមួយ និង​ជួយ​យើង។

សំណួរ​ដែល​លោក​ម៉ាន និង​លោក​ទ្វីស​បាន​លើកឡើង បាន​នាំឲ្យមាន​ចម្លើយ​ជាច្រើន។ ប៉ុន្តែ បើ​គេ​សួរ​ថា តើ​ព្រះ​ទ្រង់​ស្តាប់​ឮ​ទេ? នោះ​យើង​មាន​ចម្លើយ​ដ៏​សាមញ្ញ​គឺ ព្រះអង្គ​តែងតែ​ស្តាប់​យើង​ឮជា​និច្ច។—KAREN HUANG

តើ​អ្នកធ្វើ​ដូចម្តេច ពេល​ដែល​អ្នកមាន​អារម្មណ៍​ឯកោ និង​ត្រូវ​គេ​បោះបង់ចោល? តើ​អ្នក​នឹង​ទូល​សូម​អ្វី​ពី​ព្រះ ដែល​ស្តាប់​ឮ​សម្លេង​ទួញ​យំ​របស់​អ្នក ហើយ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នក?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​តែងតែ​ស្តាប់​ឮ​សម្លេង​ទួញ​យំ ចេញពី​ចិត្ត​ទូលបង្គំ។ ជំនួយ និង​ព្រះ​វត្ត​មានព្រះអង្គ បាន​ប្រទាន​មក​នូវ​ការសម្រាក​ដល់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ៧-៩ និង យ៉ូហាន ៦:២២-៤៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles