ការសម្រេចចិត្តរបស់យើងសំខាន់ណាស់

តែ​គាត់​មិនព្រម​សោះ។ លោកុប្បត្តិ ៣៩:៨

គ្រូ​បង្វឹក​កីឡា​ហែលទឹក​ម្នាក់ ក្នុង​ទីក្រុង​ញូ​ជើ​ស៊ី ឃើញ​រថយន្ត​មួយ​គ្រឿង កំពុង​លិច​ចូល​ទៅ​ក្នុងទឹក​ទន្លេ ហើយក៏​បានឮ​សម្លេង​អ្នកបើកបរ​ស្រែក​ពី​ក្នុង​ឡាន​មក​ថា “ខ្ញុំ​មិន​ចេះ​ហែលទឹក​ទេ” ខណៈ​ពេល​ដែល​រថយន្ត​នោះ​លិច​ចូល​ទៅ​ក្នុងទឹក​ល្អក់​យ៉ាង​ឆាប់រហ័ស។ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​កំពុង​ឈរ​មើល​ហេតុការណ៍​នៅ​លើ​ឆ្នេរទន្លេ លោក​អ៊ែន​ថូ​នី ក៏បាន​រត់​ទៅ​រក​ផ្ទាំង​ថ្ម​ធំៗ​នៅ​មាត់​ឆ្នេរ ហើយក៏​បាន​ដោះ​ជើង​សិប្បនិមិត្ត​របស់​គាត់​ចេញ រួច​លោត​ចូល​ទៅ​ក្នុងទឹក ដើម្បី​សង្រ្គោះ​បុរស​ម្នាក់ មាន​អាយុ៦៨ឆ្នាំ នាំទៅរក​ឆ្នេរទន្លេ ដោយ​សុវត្ថិភាព។ ដោយសារ​សកម្មភាព​ដែល​លោក​អ៊ែន​ថូ​នី​បាន​ធ្វើ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ នៅ​ថ្ងៃ​នោះ បុរស​ម្នាក់​បាន​រួចផុត​ពី​សេចក្តី​ស្លាប់។

ការសម្រេច​ចិត្ត​របស់​យើង​មាន​សារៈ​សំខាន់​ណាស់។ សូម​យើង​ពិចារណា​អំពី​លោក​យ៉ាកុប ដែល​ជា​ឪពុក​របស់​មនុស្សជា​ច្រើន បាន​ស្រឡាញ់​កូន​ដែល​មាន​អាយុ​១៧ឆ្នាំ ឈ្មោះ​យ៉ូសែប លើស​កូន​ដទៃទៀត។ គាត់​បាន​ធ្វើ​អាវ១មាន​ពណ៌​ច្រើន​ឲ្យ​ពាក់ ជា​ទង្វើ​ដ៏​ល្ងង់ខ្លៅ(លោកុប្បត្តិ ៣៧:៣)។ ជា​លទ្ធផល បងប្អូន​របស់​យ៉ូសែប​ក៏បាន​ស្អប់​គាត់(ខ.៤) ហើយ​ពេល​មានឱកាស​ល្អ ពួក​គេ​ក៏បាន​លក់​គាត់ ធ្វើជា​ទាសករ(ខ.២៨)។ ហើយដោយ​សារ​យ៉ូសែប​បាន​ទៅដល់​នគរ​អេស៊ីព្ទ ព្រះ​ទ្រង់​ក៏បាន​ប្រើ​គាត់ ដើម្បី​ថែរក្សា​គ្រួសារ​របស់​លោក​យ៉ាកុប និង​មនុស្ស​ជា​ច្រើន​ទៀត ក្នុង​អំឡុង​គ្រា​អត់​ឃ្លាន​៧​ឆ្នាំ ទោះ​ពួក​បងប្អូន​របស់​យ៉ូសែប​ធ្លាប់​មានបំណង​ធ្វើបាប​គាត់​ក៏ដោយ(មើល ៥០:២០)។ ការសម្រេច​ចិត្ត​ដ៏​សំខាន់​ដំបូង​របស់​យ៉ូសែប ដែល​បាន​នាំឲ្យមាន​រឿង​រ៉ាវ​កើតឡើង​ជាបន្តបន្ទាប់ រហូត​ឈាន​ដល់​ចំណុច​នេះ គឺ​នៅពេល​ដែល​គាត់​បាន​ជ្រើសរើស​យក​ការ​រត់គេច​ពី​ការ​លួងលោម​របស់​ភរិយា​លោក​បូ​ទី​ផា(៣៩:១-១២)។ ជា​លទ្ធផល គាត់​ក៏បាន​ជាប់គុក(៣៩:២០) ហើយ​ទីបំផុត​ក៏បាន​ទៅ​ជួប​ស្តេច​ផារ៉ោន(ជំពូក៤១)។

លោក​អ៊ែន​ថូ​នី​បាន​ទទួលការ​បណ្តុះបណ្តាល​ឲ្យ​ចេះ​ហែលទឹក​យ៉ាង​ជំនាញ តែ​គាត់​នៅតែ​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត។ ពេលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ស្វែងរក​ឱកាស​បម្រើ​ព្រះអង្គ ព្រះអង្គ​នឹង​ជួយ​យើង​ធ្វើការ​សម្រេចចិត្ត​ដែល​កំណត់​ទិសដៅ​ជីវិត និង​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ។ បើ​យើង​មិនទាន់​បាន​ធ្វើការ​សម្រេចចិត្ត​ដូចនេះ​ទេ យើង​អាច​ចាប់ផ្តើម​សម្រេចចិត្ត ដោយ​ទុកចិត្ត​ព្រះយេស៊ូវ​។—ALYSON KIEDA

តើ​ការសម្រេច​ចិត្ត​ណាមួយ​របស់​អ្នក បាន​នាំមក​នូវ​លទ្ធផល​អ្វី? តើ​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​នាំ​អ្នក ​ធ្វើការ​សម្រេចចិត្ត​ដ៏​ឆ្លាត​វ័យ​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដោយ​ប្រាជ្ញា ដែល​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ១៣-១៥ និង យ៉ូហាន ៧:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles