មិនមែនជាក្តីស្រមៃទេ

«ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤

មាន​ជំងឺ​ផ្លូវ​ចិត្ត​មួយ​ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ពួក​គេ​កំពុង​រស់នៅ​ក្នុង​ការយល់​សប្តិ​មួយ ដែល​មិន​អាច​ភ្ញាក់​ដឹង​ខ្លួន​បាន។ អ្នក​ដែល​មាន​បញ្ហា​នេះ ច្រើនតែ​មាន​អារម្មណ៍​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​ពួក​គេ គ្រាន់តែ​ជា​ការ​ស្រមើ​ស្រមៃ។ អ្នក​ដែល​មាន​អារម្មណ៍​ដ៏​រ៉ាំរ៉ៃ​ដូចនេះ​ អាច​ត្រូវ​គ្រូពេទ្យ​ពិនិត្យ​ឃើញថា ពួក​គេ​មាន​ជំងឺផ្លូវចិត្ត តែ​គេ​ជឿ​ថា វា​ជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​កើតមាន​ជា​ធម្មតា ជាពិសេស​ក្នុងអំឡុងពេល​ដែល​មាន​ស្រ្តេស​ច្រើន។ ប៉ុន្តែ ជួនកាល អារម្មណ៍​ដូចនេះ​នៅតែ​បន្ត​មាន សូម្បីតែ​នៅពេល​ដែល​ជីវិត​ហាក់ដូចជា​ដំណើរការ​ល្អ។ គឺ​ធ្វើ​មើលតែ​គំនិត​យើង​មិន​អាច​ទុកចិត្ត​ថា ការ​ល្អ​ពិតជា​កំពុងតែ​កើតឡើង​អញ្ចឹង។

ព្រះគម្ពីរ​បាន​ចែង អំពី​បញ្ហា​ស្រដៀង​នេះ ដែល​រាស្រ្ត​របស់​ព្រះ​ជួប នៅពេល​ដែល​ពួក​គេ​មិនដឹង​ថា ព្រះ​ចេស្តា និង​ការ​រំដោះ​របស់​ព្រះអង្គ​វា​ជា​រឿង​ពិត ឬ​ជា​ការ​ស្រមៃ​។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១២ ពេល​ដែល​ទេវតា​បាន​រំដោះ​លោក​ពេត្រុស ចេញពី​គុក និង​ការប្រហារ​ជីវិត​ដែល​អាច​កើតមាន(ខ.២,៤) ព្រះគម្ពីរ​បាន​ពិពណ៌នា​ថា សាវ័ក​ពេត្រុស “ឥតមាន​ដឹង​ជា​ការដែល​កើតមក ដោយសារ​ទេវតា​នោះ ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បានឃើញ​ការ​ជាក់ស្តែង​វិញ​(ខ.៩-១០)។ ពេល​ទេវតា​នាំ​គាត់​ចេញក្រៅ​គុក​ហើយ ទីបំផុត សាវ័ក​ពេត្រុស​ក៏បាន​ដឹងខ្លួន​ឡើង ហើយ​ដឹង​ថា ទេវតា​ពិតជា​បាន​រំដោះ​គាត់​មែន(ខ.១១)។

ក្នុង​ពេល​ដ៏​លំបាក ក៏ដូចជា​ពេល​ដ៏​រីករាយ ជួនកាល យើង​អាច​ពិបាក​ជឿ​មួយ​រយ​ភាគរយ​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​ជីវិត​យើង។ តែ​យើង​អាច​ទុកចិត្ត​ថា ពេលណា​យើង​រង់​ចំា​ព្រះអង្គ យើង​នឹង​លែង​មាន​ភាព​ស្រពិចស្រពិល និង​ការសង្ស័យ អំពី​ព្រះ​ចេស្ដា​របស់​ព្រះ​ទៀត។ ពន្លឺ​របស់​ព្រះអង្គ​នឹង​បញ្ចាំង​មក​លើ​យើង ធ្វើឲ្យ​យើង​ភ្ញាក់​ដឹងខ្លួន ចូល​ទៅ​ក្នុង​ការពិត នៃ​ជីវិត​រស់នៅ​ជាមួយ​ព្រះអង្គ(អេភេសូរ ៥:១៤)។—MONICA LA ROSE

ហេតុអ្វី​ពេលខ្លះ យើង​ពិបាក​យល់ អំពី​ព្រះ​ចេស្ដា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ? តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​ដកពិសោធន៍​ជាមួយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ឲ្យ​កាន់តែ​ច្បាស់?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​ក្នុង​ពេល​ដ៏​ពិបាក និង​ពេល​រីករាយ ទោះ​ទូលបង្គំ​យល់​ឬ​អត់ ព្រះអង្គ​នៅតែ​បន្ត​ធ្វើការ​របស់​ព្រះអង្គ ដោយ​បង្កើត​ឲ្យ​មាន​ជីវិត​ថ្មី និង​ក្តី​សង្ឃឹម។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ១៩-២១ និង យ៉ូហាន ៨:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles