មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ។ ដានីយ៉ែល ៣:២៥
មានរឿងមួយដំណាលថា បន្ទាប់ពីលោកអាល់បឺត អាញស្តាញ(Albert Einstein) បានបញ្ចប់ការធ្វើដំណើរមួយលើកទៀត ក្នុងការបង្រៀនតាមបណ្តាសកលវិទ្យាល័យ អ្នកបើកបរឡានរបស់គាត់ ក៏បានលើកឡើងថា ខ្លួនបានស្តាប់ការបង្រៀនរបស់គាត់គ្រប់គ្រាន់ល្មមនឹងអាចបង្រៀនបាន។ លោកអាញស្តាញក៏បានបបួលអ្នកបើកបរគាត់ ឲ្យផ្លាស់ប្តូរតួនាទីគ្នា នៅសកលវិទ្យាល័យបន្ទាប់ ដោយនៅទីនោះ គ្មាននរណាម្នាក់ធ្លាប់ឃើញមុខគាត់នៅឡើយទេ។ អ្នកបើកបរក៏បានយល់ព្រម ហើយក៏បានឡើងបង្រៀនយ៉ាងរៀបរយ។ បន្ទាប់មក ម៉ោងសំណួរចម្លើយក៏បានមកដល់។ មានអ្នកចូលរួមម្នាក់បានចោទជាសំណួរ យ៉ាងគឃ្លើន អ្នកបើកបរក៏បានឆ្លើយថា “ខ្ញុំអាចមើលឃើញថា លោកជាសាស្ត្រាចារ្យដ៏ឆ្លាតវ័យ តែខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញលោកសួរសំណួរដ៏សាមញ្ញយ៉ាងនេះ ដែលសូម្បីតែអ្នកបើកបរឡានខ្ញុំ ក៏អាចឆ្លើយបានដែរ”។ បន្ទាប់មក លោកអាញស្តាញ ដែលបានក្លែងខ្លួនជាអ្នកបើកបរក៏បានឆ្លើយសំណួរនោះ។
មានពេលមួយ មិត្តភក្តិទាំង៣នាក់របស់លោកដានីយ៉ែល ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់។ ស្តេចនេប៊ូក្នេសាបានគំរាមដាក់ទោសពួកគេ ដោយបោះចូលទៅក្នុងគុកភ្លើង បើពួកគេមិនថ្វាយបង្គំរូបព្រះរបស់ទ្រង់ទេ។ ទ្រង់សួរពួកគេថា “តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន?”(ដានីយ៉ែល ៣:១៥)។ មិត្តសំឡាញ់ទាំងបីនៅតែបដិសេធន៍មិនព្រមឱនក្បាលថ្វាយបង្គំរូបព្រះនោះ ដូចនេះ ស្តេចក៏បានឲ្យគេដុតភ្លើងឲ្យក្តៅជាងមុន៧ដង ហើយក៏បានឲ្យគេបោះពួកគេចូលទៅក្នុងគុកភ្លើងនោះ។
ពួកគេមិនចូលទៅក្នុងគុកភ្លើងនោះតែម្នាក់ឯងទេ។ មាន “ទេវតា” មួយអង្គ (ខ.២៨) បានចូលរួមជាមួយពួកគេ នៅក្នុងភ្លើងនោះ ដោយការពារពួកគេ ឲ្យរួចពីគ្រោះថ្នាក់ ហើយក៏បានផ្តល់ឲ្យនូវចម្លើយដែលមិនអាចប្រកែកបាន ដល់សំណួររបស់ស្តេច(ខ.២៤-២៥)។ ស្តេចនេប៊ូក្នេសាក៏បានសរសើរដំកើងព្រះរបស់ពួកគេ ជាព្រះដ៏ពិត ហើយទទួលស្គាល់ថា គ្មានព្រះឯណាទៀត ដែលអាចជួយសង្គ្រោះពួកគេ យ៉ាងដូចនេះបានឡើយ(ខ.២៨-២៩)។
នៅពេលខ្លះ យើងប្រហែលមានអារម្មណ៍ថា កំពុងទាល់ច្រក រកដំណោះស្រាយមិនឃើញ។ តែព្រះយេស៊ូវគង់នៅជាមួយអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអង្គ។ ព្រះអង្គនឹងបីយើងឆ្លងកាត់បញ្ហា។—MIKE WITTMER
តើមានបញ្ហាអ្វីខ្លះ ដែលអ្នកមិនអាចដោះស្រាយបាន? តើព្រះយេស៊ូវអាចដកសំពាធចេញ ហើយជួយអ្នកជម្នះបញ្ហាប្រឈមដូចម្តេចខ្លះ?
ឱព្រះយេស៊ូវព្រះអង្គជាចម្លើយ ពេលណាទូលបង្គំគ្មានចម្លើយ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ២៨-២៩ និង យ៉ូហាន ៩:២៤-៤១