ការអ្វីដែលមានតែព្រះវិញ្ញាណអាចធ្វើបាន

រួច​គេ​បាន​ពេញជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំងអស់ ក៏​តាំង​និយាយ​ភា​សា​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ។ កិច្ចការ ២:៤

ក្នុងអំឡុងពេល​ពិភាក្សា​គ្នា អំពី​សៀវភៅ​មួយ​ក្បាល ស្តីអំពី​ព្រះវិញ្ញាណ​បរិសុទ្ធ និពន្ធដោយ ទេវវិទូ​អា​ឡឺម៉​ង់ អាយុ៩៤ឆ្នាំ ឈ្មោះ យ័រ​ហ្គិន មុ​លម៉ាន់(Jürgen Moltmann) អ្នក​សម្ភាស​ម្នាក់​បាន​សួរ​គាត់​ថា “តើ​អ្នកធ្វើ​ដូចម្តេច ឲ្យ​ព្រះវិញ្ញាណ​ធ្វើការ​ក្នុង​ជីវិត​អ្នក? តើ​អ្នក​​លេបថ្នាំ​ឬ? តើ​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ ផ្តល់​ឲ្យ​យើង​នូវ​ព្រះវិញ្ញាណ​ឬ?” លោក​មុ​លម៉ាន់​ក៏បាន​ជ្រួញ​ចិញ្ចើម គ្រវីក្បាល ហើយ​ឆ្លើយ​ថា “តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន? យើង​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​មួយ ឲ្យ​ព្រះវិញ្ញាណ​ធ្វើការ​នោះ​ទេ។ ចូរ​រង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ការ​របស់​ព្រះអង្គ”។

លោក​មុលម៉ាន់​បាន​និយាយ​សង្កត់ធ្ងន់ អំពី​កំហុស​របស់​យើង ដែល​ជឿ​ថា កម្លាំង និង​ជំនាញ​របស់​យើង ធ្វើឲ្យ​មាន​អ្វីៗ​កើត​ឡើង។ បទ​គម្ពីរ​កិច្ចការ​បាន​បង្ហាញថា ព្រះ​ទ្រង់​ធ្វើ​ឲ្យ​អ្វីៗ​កើត​មាន។ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​ការ​អស្ចារ្យ​កើតឡើង មិនមែន​ដោយសារ​យុទ្ធសាស្ត្រ ឬ​សមត្ថភាព​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​មនុស្ស​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណ​បាន​យាងចុះ​មក “ដូចជា​ខ្យល់បក់​គំហុក​យ៉ាង​ខ្លាំង”(២:២)ចូល​ទៅ​ក្នុង​បន្ទប់ ដែល​ពួក​សាវ័ក​ជួបជុំគ្នា។ បន្ទាប់មក ព្រះវិញ្ញាណ​ក៏បាន​វាយ​បំបែក​ការ​ប្រកាន់វណ្ណៈ ដោយ​ប្រមូល​ផ្តុំ​មនុស្ស​មាន​ប្រវត្តិ​ខុសគ្នា ចូលក្នុង​សហគមន៍​ថ្មី​មួយ។ ពួក​សាវ័ក​ក៏​មានការ​ភ្ញាក់ផ្អើល ដូច​អ្នកដទៃ​ផង​ដែរ ពេល​ដែល​បានឃើញ​ព្រះ​ធ្វើការ ក្នុង​ពួក​គេ។ ពួក​គេ​មិនបាន​ធ្វើឲ្យ​មាន​ព្រឹត្ត​ការណ៍​ណាមួយ​កើតឡើង​ទេ តែ​ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ(ខ.៤)។

ពួក​ជំនុំ និង​កិច្ចការ​ដែល​យើង​ធ្វើ​រួមគ្នា ក្នុង​លោកិយ​នេះ មិន​អាស្រ័យ​ទៅលើ​ការអ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​ទេ។ យើង​ពឹងផ្អែក​ទាំងស្រុង ទៅលើ​ការអ្វី​ដែល​មានតែ​ព្រះវិញ្ញាណ​ទេ អាច​ធ្វើ​បាន។ ការ​នេះ​អនុញ្ញាត​ឲ្យ​យើង​មានចិត្ត​ក្លាហាន និង​មានការ​សម្រាក។ នៅ​ថ្ងៃនេះ ចូរ​យើង​ពឹងផ្អែក​លើ​ការដឹកនាំ និង​អំណាច​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ។—WINN COLLIER

តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​ពឹងផ្អែក​លើ​កម្លាំង​ខ្លួនឯង ដូចម្តេច​ខ្លះ នៅ​ថ្ងៃនេះ? តើ​អ្នកចាំ​បាច់​ត្រូវ​រង់ចាំ​ការអ្វី​ដែល​មាន​តែ​ព្រះវិញ្ញាណ​ទេ​អាច​ធ្វើ​បាន នៅត្រង់​ចំណុច​ណាខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​បាន​ធ្វើឲ្យ​ខ្លួនឯង​ហត់នឿយ ដោយ​ជឿ​ថា ទូលបង្គំ​ត្រូវ​ធ្វើ​អ្វីៗ​ដោយ​អាង​កម្លាំង និង​ប្រាជ្ញា​ខ្លួនឯង។ សូម​ព្រះវិញ្ញាណ​ព្រះអង្គ ជួយ​ដឹកនាំ និង​ចម្រើន​កម្លាំង​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ៤-៦ និង យ៉ូហាន ១០:២៤-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles