គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។ ហាបាគុក ៣:១៨
មានពេលមួយប្អូនស្រីខ្ញុំអាយុ៧ឆ្នាំ បានប្រាប់យើងថា “ខ្ញុំដឹងថា ប៉ានឹងត្រឡប់មកផ្ទះវិញ ព្រោះគាត់បានផ្ញើផ្កានេះឲ្យខ្ញុំ”។ កាលនោះ ប៉ារបស់យើងបានបាត់ខ្លួន ក្នុងបេសកកម្ម ក្នុងអំឡុងសម័យសង្គ្រាម។ មុនពេលប៉ាចេញទៅបំពេញបេសកកម្ម គាត់បានកុម្ម៉ង់ទិញផ្កា សម្រាប់ខួបកំណើតរបស់ប្អូនស្រីខ្ញុំទុកជាមុន ហើយគេក៏បានដឹកផ្កាមកដល់ ខណៈពេលដែលគាត់បាត់ខ្លួន។ តែប្អូនស្រីខ្ញុំនិយាយត្រូវ ប៉ាពិតជាបានត្រឡប់មកផ្ទះវិញមែន បន្ទាប់ពីស្ថានការណ៍នៃការប្រយុទ្ធដ៏គ្រោះថ្នាក់។ ហើយប៉ុន្មានទសវត្សរ៍ក្រោយមក នាងនៅតែរក្សាទុកថូផ្កា ដែលធ្លាប់ដាក់ផ្កាទាំងនោះ ជាការរំឭក ឲ្យបន្តមានសេចក្តីសង្ឃឹមជានិច្ច។
ជួនកាល ការប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម ក្នុងពិភពលោកដែលប្រេះបែក និងមានពេញដោយអំពើបាប មិនមែនជាការងាយឡើយ។ ឪពុកទាំងឡាយមិនតែងតែអាចត្រឡប់មកផ្ទះវិញ ហើយជួនកាល កូនៗមិនអាចសម្រេចក្តីប្រាថ្នា ដែលចង់ឲ្យពួកគាត់ត្រឡប់មកវិញ។ ប៉ុន្តែ ព្រះទ្រង់ប្រទានក្តីសង្ឃឹម ក្នុងកាលៈទេសៈ ដែលពិបាកបំផុត។ នៅក្នុងសម័យសង្រ្គាមផ្សេងទៀត ហោរាហាបាគុក បានថ្លែងទំនាយអំពីការឈ្លានពានរបស់ចក្រភពបាប៊ីឡូន ចូលនគរយូដា(ហាបាគុក ១:៦ មើល ២ពង្សាវតាក្សត្រ ២៤) តែនៅតែបញ្ជាក់ថា ព្រះទ្រង់តែងតែល្អជានិច្ច(ហាបាគុក ១:១២-១៣)។ ហោរាហាបាគុកនៅតែចងចាំសេចក្តីសប្បុរសដែលព្រះទ្រង់មានចំពោះរាស្រ្តព្រះអង្គកាលពីមុន បានជាគាត់ប្រកាសថា “ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(៣:១៧-១៨)។
មានការបកស្រាយខ្លះបានលើកឡើងថា ឈ្មោះរបស់លោកហាបាគុក គឺមានន័យថា “តោងឲ្យជាប់”។ យើងតោងព្រះអង្គឲ្យជាប់ ធ្វើជាក្តីសង្ឃឹម និងក្តីអំណរដ៏ប្រសើរបំផុត ក្នុងពេលដែលយើងរងទុក្ខ ដ្បិតព្រះអង្គកាន់ដៃយើងជាប់ ហើយនឹងមិនប្រលែងដៃឡើយ។—JAMES BANKS
តើការអរសប្បាយ ក្នុងព្រះបានជួយអ្នក ក្នុងពេលដ៏ពិបាកដូចម្តេចខ្លះ? តើអ្នកអាចធ្វើអ្វី ដើម្បីសរសើរដំកើងព្រះអង្គ នៅថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានជួយអនាគតរបស់ទូលបង្គំ ឲ្យនៅតែភ្លឺស្វាងក្នុងព្រះអង្គ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩