ក្នុងព្រះហស្តព្រះអង្គ

ព្រះ​ដែល​បាន​ហៅ​អ្នករាល់គ្នា ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការនោះ។ ១ថែស្សាឡូនីច ៥:២៤

កាល​កូនស្រី​ខ្ញុំ​មាន​អាយុ១៨ឆ្នាំ គាត់​បាន​បោះជំហាន​ចូល​ទៅ​ក្នុង​យុគសម័យ​ថ្មី​មួយទៀត​នៃ​ជីវិត​គាត់ ដោយ​បាន​ក្លាយជា​មនុស្ស​ពេញវ័យ ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនយូរ​ប៉ុន្មាន គាត់​នឹង​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មានរឿង​បន្ទាន់​ជាច្រើន​ដែល​ត្រូវ​ធ្វើ ដោយ​ខ្ញុំ​នៅ​សល់​ពេលវេលា​ដ៏​មានតម្លៃ​តែ​បន្តិចបន្តួច សម្រាប់​ចំណាយ​ជាមួយ​គាត់ នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ ដើម្បី​នាំ​គាត់​ឲ្យ​ស្គាល់​ប្រាជ្ញា ដែល​គាត់​ត្រូវការ ដើម្បី​ប្រឈមមុខ​ដាក់​ពិភពលោក​ដោយ​ខ្លួនឯង នៅក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​របស់​លោកិយ និង​ធ្វើការ​សម្រេចចិត្ត​ឲ្យបាន​ត្រឹមត្រូវ។

ខ្ញុំ​ត្រូវ​ដឹង​អំពី​កាតព្វកិច្ច​ដែល​ត្រូវ​បង្រៀន​កូនស្រី​របស់ខ្ញុំ អំពី​របៀប​ប្រឈមមុខ​ដាក់​បញ្ហា​ក្នុង​ជីវិត។ នេះ​ជា​រឿង​ធម្មតា​ ហើយ​ងាយ​ស្រួល​យល់​ទេ។ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​មាន​តួនាទី​ដ៏​សំខាន់ តែ​វា​មិនមែន​ជា​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តែម្នាក់ឯង​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច ជា​ក្រុម​មនុស្ស​ដែល​គាត់​បាន​ចាត់ទុកជា​កូន​ក្នុង​សេចក្តី​ជំនឿ ព្រោះ​គាត់​បាន​បង្រៀន​ពួក​គេ អំពី​ព្រះយេស៊ូវ​។ ក្នុង​សំបុត្រ​នោះ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ជួយ​គ្នា​ទៅវិញ​ទៅ​មក(១ថែស្សាឡូនីច ៥:១៤-១៥) តែ​ទីបំផុត​គាត់​ក៏បាន​ទុកចិត្ត​ថា ព្រះអង្គ​ជា​អ្នកជួយ​ពួក​គេ​ឲ្យ​លូតលាស់។ គាត់​ទទួលស្គាល់​ថា ព្រះអង្គ​នឹង​ញែក​ពួក​គេ​រាល់គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វគ្រប់(ខ.២៣)។

សាវ័ក​ប៉ុល​បាន​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើការ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន គឺ​រៀបចំ​ពួក​គេ “ខាងវិញ្ញាណ ខាង​ផ្លូវចិត្ត និង​ផ្លូវកាយ” ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​យាង​មកវិញ​របស់​ព្រះអង្គ​(ខ.២៣)។ សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច​មានការ​បង្រៀន​សំខាន់​ៗ​ជាច្រើន តែ​តាមរយៈ​ការដែល​គាត់​បាន​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​ថែរក្សា​សុខមាលភាព និង​រៀបចំខ្លួន​ពួក​គេ នោះ​យើង​អាច​រៀនសូត្រ​បាន​ថា ការលូតលាស់​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​យើង​ថែរក្សា ស្ថិតនៅ​ក្នុង​ព្រះហស្ត​ព្រះអង្គ(១កូរិនថូស ៣:៦)។—KIRSTEN HOLMBERG

តើ​អ្នក​បាន​សង្កេតឃើញ​ព្រះ​ទ្រង់​ជួយ​អ្នកឲ្យ​លូតលាស់​ដូចម្តេច​ខ្លះ? តើ​អ្នកចាំ​បាច់​ត្រូវ​ថ្វាយ​ការលូតលាស់​របស់​នរណា​ខ្លះ ឲ្យ​ព្រះអង្គ​ជួយ​បំពេញ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ធ្វើជា​អ្នក​ផ្ចុងផ្ដើម និង​អ្នក​បំពេញ​ការលូតលាស់​ខាងវិញ្ញាណ​របស់​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ទុកចិត្ត​ថា ព្រះអង្គ​កំពុង​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ។

For further study, read Heart, Soul, and Mind: Raising Kids to Know and Love God at DiscoverySeries.org​/Q0821.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២កូរិនថូស ១៥-១៦ និង យ៉ូហាន ១២:២៧-៥០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles