នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្ថិតក្រោមការថែរក្សារបស់ព្រះអង្គជានិច្ច

ស្ថិតក្រោមការថែរក្សារបស់ព្រះអង្គជានិច្ច

ដោយXochitl Dixon

June 3, 2023

តើ​ទូលបង្គំ​នឹង​ទៅ​ឯណា ឲ្យ​រួចពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯណា ឲ្យ​រួចពី​ព្រះ​ភក្ត្រ​ទ្រង់? ទំនុកដំកើង ១៣៩:៧ បន្ទាប់ពី​មន្រ្តី​ពន្ធនាគារ​បាន​ឆែកឆេរ​ខ្លួនខ្ញុំ​ហើយ ខ្ញុំ​ក៏បាន​បោះជំហាន​ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំឃាំង ហើយ​ចុះ​ហត្ថ​លេខា​នៅ​លើ​បញ្ជី​ឈ្មោះ​អ្នក​ចូល​សួរសុខទុក្ខ​អ្នកទោស រួច​អង្គុយ​នៅកន្លែង​រង់​ចាំ​ដែល​មាន​មនុស្ស​កកកុញ។ ខ្ញុំ​ក៏បាន​អធិស្ឋាន​យ៉ាង​ស្ងាត់ស្ងៀម ដោយ​មើល​ទៅ​មនុស្ស​ធំ​នៅ​មិនសុខ ហើយ​ដកដង្ហើម​វែង ខណៈ​ពេល​ដែល​ក្មេង​ៗ​រអ៊ូរទាំ​អំពី​ការ​រង់ចាំ​វេន​ចូល​ជួប​អ្នកទោស។ ប្រហែល១ម៉ោង​ក្រោយមក អ្នកយាម​ប្រដាប់ដោយ​អាវុធ​ក៏បាន​ហៅឈ្មោះ​ក្នុង​បញ្ជី​រ ដែល​មានឈ្មោះ​ខ្ញុំ​ផង​ដែរ។ គាត់​ក៏បាន​នាំ​ក្រុម​របស់​យើង ចូល​ទៅ​ក្នុង​បន្ទប់​មួយ ហើយក៏​បាន​ប្រាប់​យើង​ឲ្យ​ទៅ​អង្គុយ​នៅ​លើ​កៅអី ដែលគេ​បាន​កំណត់។ ពេល​ដែល​កូនចុង​របស់ខ្ញុំ​បាន​អង្គុយ​ចុះ នៅ​លើ​កៅអី នៅ​ផ្នែក​ម្ខាងទៀត​នៃ​បន្ទប់ ដែល​ខណ្ឌ​ជា​ពីរ ដោយ​កញ្ចក់​បង្អួច​ក្រាស់​ៗ ហើយក៏​បាន​លើក​ទូរស័ព្ទ ដើម្បី​និយាយ​ជាមួយ​ខ្ញុំ ជម្រៅ​នៃ​ភាព​អស់សង្ឃឹម​ក៏បាន​គ្រប​សង្កត់ចិត្ត​ខ្ញុំ។ តែ​ក្នុង​ពេល​ខ្ញុំ​កំពុង​យំ​នោះ ព្រោះ​ទ្រង់​បាន​ធានា​ដល់​ខ្ញុំ​ថា កូនចុង​របស់ខ្ញុំ​នៅតែ​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​ព្រះអង្គ​ទេ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣៩ ស្តេច​ដាវីឌ​បាន​ទូល​ព្រះអម្ចាស់​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យមើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ...ក៏​ស្គាល់​អស់ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ”(ខ.១-៣)។ ការប្រកាស​របស់​ទ្រង់ អំពី​ព្រះ​ដែល​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ បាន​នាំឲ្យ​ទ្រង់​ពោល​សរសើរ​ព្រះអម្ចាស់​អំពី​ការ​ថែរក្សា និង​ការពារ​ដ៏​ស្និទ្ធស្នាល​របស់​ព្រះអង្គ(ខ.៥)។ ស្តេច​ដាវីឌ​មានការ​ស្ញប់ស្ញែង​ចំពោះ​ភាព​អស្ចារ្យ​នៃ​ប្រាជ្ញា​របស់​ព្រះអម្ចាស់ និង​ចំពោះ​ជម្រៅ​នៃ​ការ​ប៉ះពាល់​ចិត្ត​ទ្រង់ បាន​ជា​ទ្រង់​សួរ​សំណួរ​ពីរ ក្នុង​ន័យ​សរសើរ​ដំកើង​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯណា ឲ្យ​រួចពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯណា ឲ្យ​រួចពី​ព្រះ​ភក្ត្រ​ទ្រង់?”(ខ.៧)។ ពេលណា​យើង ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក ដែល​បណ្តាល​ឲ្យ​យើង​អស់សង្ឃឹម ហើយ​មិន​អាច​ជួយ​ខ្លួនឯង​បាន ព្រះហស្ត​ព្រះអង្គ​នៅតែ​រឹងមាំ ហើយ​រង់ចាំ​ជួយ​យើង​ជានិច្ច។ ទោះ​យើង​មាន​អារម្មណ៍​ថា យើង​បាន​ដាច់​ចេញ​ឆ្ងាយ​ពី​សេចក្តី​ប្រោស​លោះ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ក៏ដោយ ក៏​យើង​នៅតែ​អាច​ឈោង​ទៅ​រក​ព្រះអង្គ​បាន​គ្រប់ពេល។—XOCHITL DIXON

តើ​ការ​ស្គាល់​ទំហំ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ បាន​ជួយ​ឲ្យ​ជំនឿ​របស់​អ្នកមាន​ការ​ចម្រើន​ឡើង​ដូចម្តេច​ខ្លះ? តើ​ព្រះអង្គ​បាន​កម្សាន្ត​ចិត្ត​អ្នក​ដូចម្តេច​ខ្លះ ក្នុង​អំឡុង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​អស់​សង្ឃឹម?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ចាំ​ថា ព្រះអង្គ​តែងតែ​ស្ម័គ្រចិត្ត និង​អាច​ឈោង​មក​រក​ទូល​បង្គំ និង​មនុស្សជា​ទីស្រឡាញ់​របស់​ទូលបង្គំ​ជានិច្ច។

To learn more about trusting God in times of suffering, visit ODBU.org​/courses​/CA211.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២កូរិនថូស ១៩-២០ យ៉ូហាន ១៣:២១-៣៨

ល្ងាច

Devotional illustration

ជំនឿតូចបំផុត

ដោយJohn Piper

June 3, 2023

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។ មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​យើង មិនមែន​ធ្វើឲ្យ​ដើមឈើ​នោះ​រលើង​ឫស​ឡើយ។ គឺ​ព្រះ​ទេ​ដែល​ធ្វើ​ឲ្យ​វា​រលើង​ឫស។ ដូចនេះ ជំនឿ​តូចបំផុត ដែល​ពិតជា​តភ្ជាប់​យើង ជាមួយ​ព្រះគ្រីស្ទ នឹង​នាំឲ្យ​យើង​ទទួល​អំណាច​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​របស់​យើង។ ប៉ុន្តែ នៅពេល​ដែល​អ្នក​បាន​ស្តាប់​បង្គាប់​ព្រះអម្ចាស់ ដោយ​ជោគជ័យ តើ​សេចក្តី​មេត្តាករុណា​របស់​ព្រះ មាន​លក្ខណៈ​ដូចម្តេច​ដែរ? តើ​ការ​ស្តាប់​បង្គាប់​របស់​អ្នក មានន័យថា អ្នក​ឈប់​ទូល​សូម​សេចក្តី​មេត្តាករុណា​ពី​ព្រះអង្គ​ឬ? ព្រះយេស៊ូវ​បាន​ប្រទាន​ចម្លើយ​សម្រាប់​សំណួរ​នេះ ក្នុង​បទ​គម្ពីរ លូកា ១៧:៧-១០ ដែល​បាន​ចែង​ដូចតទៅ៖ “ក្នុង​ពួក​អ្នករាល់គ្នា បើ​អ្នកណា​មាន​បាវ​កំពុងតែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាលណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬអី គឺ​នឹង​ប្រាប់​វា​យ៉ាងនេះ​វិញ​ទេតើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុងតែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ តើ​ចៅហ្វាយ​ដឹងគុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើតាម​បង្គាប់ ឬ​ដូច​ម្តេច ខ្ញុំ​យល់ថា មិនមែនទេ ឯ​អ្នករាល់គ្នា ក៏​ដូច្នោះ​ដែរ កាលណា​អ្នករាល់គ្នា​បាន​ធ្វើតាម​បង្គាប់​គ្រប់ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវបំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹមតែ​ការដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ”។ ដូចនេះ ខ្ញុំ​សូម​សន្និដ្ឋាន​ថា ការ​ស្តាប់​បង្គាប់​ដែល​ពេញលេញ​បំផុត និង​ជំនឿ​តូចបំផុត សុទ្ធតែ​នាំឲ្យ​យើង​ទទួល​បាន​សេចក្តី​មេត្តា​កុរ​ណា​ពី​ព្រះ ។ ជំនឿ​ដ៏​តូច​ដូច​គ្រាប់ពូជ​អាច​ធ្វើឲ្យ​ដើមឈើរលើង​ឫស​បាន ដោយ​សេចក្តី​មេត្តាករុណា​របស់​ព្រះ។ ហើយ​ការ​ស្តាប់​បង្គាប់​ដ៏​ឥត​ខ្ចោះ នាំឲ្យ​យើង​ពឹងផ្អែក​ទាំងស្រុង​មក​លើ​សេចក្តី​មេត្តា​កុរ​ណា​របស់​ព្រះអង្គ។ ចំណុច​សំខាន់​នោះ​គឺ ៖ យើង​មិន​អាច​ឈប់​ទទួល​សេចក្តី​មេត្តាករុណា​របស់​ព្រះ​បាន​ឡើយ ទោះ​ស្ថិត​ក្នុង​ពេលណា ឬ​សេចក្តី​មេត្តា​របស់​ព្រះអង្គ មាន​លក្ខណៈ​ដូចម្តេច​ក៏​ដោយ។ យើង​តែងតែ​ពឹងផ្អែក​ទាំងស្រុង មក​លើ​អ្វី​ដែល​យើង​មិន​សម​នឹង​ទទួល។ ដូចនេះ ចូរ​យើង​បន្ទាបខ្លួន និង​អរ​សប្បាយ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។

ប្រភេទ