កន្លែងសុវត្ថិភាពរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែរក្សា​អ្នក ព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាងស្តាំ​អ្នក។ ទំនុកដំកើង ១២១:៥

អ្នកគ្រូ ដេ​ប៊ី ស្ទី​ហ្វិ​ន ប្រោ​ឌ័រ(Debbie Stephens Browder) ជា​គ្រូបង្រៀន​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​ចេញទៅ​បំពេញបេសកកម្ម ដោយ​នាំ​មនុស្ស​​ដាំ​ដើម​ឈើ​ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ តើ​ហេតុអ្វី? គឺ​ដោយសារ​ការ​ឡើង​កម្តៅ​ពិភព​លោក។ ការ​ឡើង​កម្តៅ​ខ្លាំង​ជ្រុល នៅ​សហរដ្ឋអាមេរិក គឺជា​កត្តា​អាកាសធាតុ​ទី១ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។ គាត់​ក៏បាន​ចាប់ផ្តើម​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​ការ​ដាំ​ដើមឈើ។ គំ​រប​ការពារ​កម្តៅ ដែល​ដើមឈើ​បាន​ផ្តល់​ឲ្យ គឺជា​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ការពារ​សហគមន៍។ គាត់​ថា “វា​ជា​រឿង​ស្លាប់រស់។ វា​មិនគ្រាន់​តែ​បាន​ជួយ​កែ​លម្អ​សោ​ភណ្ឌ​ភាព​សហគមន៍​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ឡើយ”។

ម្លប់​ដើមឈើ​មិនគ្រាន់​តែ​បាន​ផ្តល់​ឲ្យ​នូវ​ភាព​ស្រស់ថ្លា តែ​ថែមទាំង​បាន​ជួយ​សង្គ្រោះ​ជីវិត​ផង​ដែរ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២១ ប្រាកដជា​បានដឹង​ច្បាស់ អំពី​ការពិត​នេះ ព្រោះ​នៅ​តំបន់​មជ្ឈិម​បូព៌ា ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយសារ​ពន្លឺថ្ងៃ បាន​កើតមាន​ជាប្រចាំ។ ហេតុនេះ​ហើយ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ធ្វើការ​ពិពណ៌នា កាន់តែ​ស៊ីជម្រៅ​ថា ព្រះ​ទ្រង់​ជា​កន្លែងជ្រក​កោន​ដ៏​រឹងមាំ​របស់​យើង ដែល​នៅក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ “នៅពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះអាទិត្យ​ធ្វើទុក្ខ​ឡើយ ហើយ​នៅពេល​យប់​ក៏​មិន​ត្រូវ​ព្រះចន្ទ​ធ្វើទុក្ខ​ដែរ”(ខ.៦)។

ខគម្ពីរ​នេះ​គឺ​មិន​មាន​ន័យ​ថា អ្នកជឿ​ព្រះយេស៊ូវ​ នឹង​មិន​រងគ្រោះ​ដោយសារ​ការ​ឈឺ​ជាប់ ឬ​ការ​បាត់​បង់ ក្នុង​ជីវិត​នេះ (ឬ​កម្តៅ​ថ្ងៃ​មិន​មាន​គ្រោះថ្នាក់​នោះ​ឡើយ!)។ ព្រះគ្រីស្ទ​បាន​ប្រាប់​យើង​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”(យ៉ូហាន ១៦:៣៣)។ ប៉ុន្តែ ការ​ប្រៀបប្រដូច​ព្រះអម្ចាស់​ទៅ​នឹង​ជម្រក​ដែល​មាន​ម្លប់ គឺ​បាន​ធានា​យើង​ថា ទោះ​យើង​ជួបប្រទះ​បញ្ហា​អ្វីក៏ដោយ ក៏​ជីវិត​យើង​នៅ​តែ​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​ព្រះអង្គ​ជានិច្ច(ទំនុកដំកើង ១២១:៧-៨)។ នៅក្នុង​ព្រះអង្គ យើង​អាច​រក​ឃើញ​ការសម្រាក តាម​រយៈ​ការ​ទុកចិត្ត​ព្រះអង្គ ដោយ​ដឹង​ថា គ្មានអ្វី​អាច​ពង្រាត់​យើង ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ឡើយ(យ៉ូហាន ១០:២៨ និង រ៉ូម ៨:៣៩)។—MONICA LA ROSE

តើ​អ្នក​បាន​ដកពិសោធន៍​នឹង​ម្លប់​នៃ​ការ​ថែរក្សា​របស់​ព្រះអង្គ ដូចម្តេច​ខ្លះ? តើ​ការ​នឹក​ចាំ​ថា អ្នកតែង​តែ​ស្ថិត​ក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ បាន​នាំឲ្យ​អ្នកមាន​សេចក្តី​ក្លាហាន​យ៉ាងណា​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ធ្វើជា​ជម្រក​ដែល​មាន​ម្លប់ និង​ការ​ការពារ​សម្រាប់​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​រក​ឃើញ​ការសម្រាក និង​សេចក្តី​ក្លាហាន ខណៈ​ពេល​ដែល​ទូលបង្គំ​មានការ​ទុកចិត្ត​ព្រះអង្គ កាន់តែ​ខ្លាំង​ឡើង។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣២-៣៣ និង យ៉ូហាន ១៨:១៩-៤០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles