នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សួនច្បាររបស់ព្រះ

សួនច្បាររបស់ព្រះ

ដោយJames Banks

June 11, 2023

ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់។ ១ពេត្រុស ១:៣ កាល​រដូវ​ផ្ការីក​ឆ្នាំមុន ភរិយា​ខ្ញុំ​បាន​ដាំ​ដើមផ្កា​ដួងច័ន្ទ ដែល​ជា​វល្លិ​ម្យ៉ាង​មាន​ផ្កា​ធំ មាន​រាង​បំពង់​ដូច​ផ្កាត្រកួន ពេល​វា​រីក វា​មាន​រាង​មូល​ដូច​ដួងច័ន្ទ​ពេញវង់។ ផ្កា​នេះ​បាន​រំឭក​ខ្ញុំ អំពី​សម្រស់ និង​ភាព​រួញ​ខ្លី​នៃ​ជីវិត ដែល​កំពុង​ដុះ​មុខ​ផ្ទះ​ខ្ញុំ។ ផ្កា​នី​មួយ​ៗ​រីក​បានតែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​បន្ទាប់មក ពួក​វា​ក៏​ក្រៀម​ស្វិត នៅ​ក្រោម​កម្តៅថ្ងៃ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​មិន​រីក​ម្តង​ទៀត​ឡើយ។ តែ​រុក្ខជាតិ​នេះ​ចេញផ្កា​បាន​ច្រើនណាស់ ហើយ​រៀងរាល់​ពេលល្ងាច វា​តែងតែ​ចេញ​ផ្កា​ថ្មីៗ​យ៉ាង​ស្រស់​ស្អាត។ យើង​ចូលចិត្ត​គយគន់​ផ្កា​ទាំងនោះ ពេល​យើង​ដើរកាត់​តាម​ទីធ្លា​មុខ​ផ្ទះ ដោយ​ឆ្ងល់​ថា តើ​នឹង​មាន​សម្រស់​ថ្មីៗ​អ្វី​ខ្លះ ដែល​នឹង​ចាំ​ស្វាគមន៍​យើង ពេល​យើង​ត្រឡប់​ពី​ធ្វើការ​វិញ នៅពេល​ល្ងាច។ ផ្កា​ដ៏​ផុយ​ស្រួយ​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ដ៏​សំខាន់​ក្នុង​ព្រះគម្ពីរ។ សាវ័ក​ពេត្រុស​បាន​រំឭក​យើង អំពី​ពាក្យ​របស់​ហោរា​អេសាយ ពេល​ដែល​គាត់​បង្រៀន​យើង​ថា “ដ្បិត​ព្រះ​បាន​បង្កើត​អ្នករាល់គ្នា​ជាថ្មី មិនមែន​ពី​ពូជ​ដែល​តែងតែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូចជា​ស្មៅ ហើយ​សិរីល្អ​ទាំងប៉ុន្មាន​របស់​មនុស្ស​ក៏ដូចជា​ផ្កាស្មៅ រី​ឯ​ធម្មតា​ស្មៅ នោះ​តែងតែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ”(១ពេត្រុស ១:២៣-២៥)។ តែ​គាត់​បាន​ធានា​យើង​ថា ព្រះបន្ទូល​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច(ខ.២៥)។ ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ​ខ្លី​ណាស់ បើ​ធៀប​នឹង​ជីវិត​អស់​កល្ប​ជានិច្ច គឺ​មិន​ខុសពី​ផ្កា​ក្នុង​សួនច្បារ​ឡើយ។ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ភាព​ស្រស់​ស្អាត នៅក្នុង​ភាព​រួញ​ខ្លី​របស់​យើង។ តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​ យើង​មានការ​ចាប់ផ្តើម​ជាថ្មី ជាមួយ​ព្រះអង្គ ហើយ​ទុកចិត្ត​ព្រះបន្ទូល​សន្យា អំពី​ជីវិត​អស់​កល្ប​ជានិច្ច ក្នុង​ព្រះ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ ពេលណា​ផែនដី និង​ផ្ទៃមេឃ​កន្លង​ផុត​ទៅ យើង​នឹង​នៅតែ​សរសើរ​ដំកើង​ព្រះអង្គ​ជានិច្ច។—JAMES BANKS

តើ​អ្នក​ទន្ទឹង​រង់​ចាំ​អ្វី​ខ្លាំង​ជាងគេ ក្នុង​ការ​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ អស់​កល្ប​ជានិច្ច? តើ​អ្នក​ចូល​ចិត្ត​ព្រះបន្ទូល​សន្យា​មួយ​ណា​ខ្លាំង​ជាង​គេ?

ឱ​ព្រះអង្គ​សង្រ្គោះ ទូលបង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ការ​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​មក​ទូលបង្គំ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។

For further study, read Life to Come: The Hope of the Christian Faith at DiscoverySeries.org​/Q1205.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២

ល្ងាច

Devotional illustration

មានចិត្តឆេះឆួលចំពោះព្រះ និងសេចក្តីពិត

ដោយJohn Piper

June 11, 2023

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤ ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។ ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។ សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖ ១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត

  • រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។
  • យ៉ូហាន ១៤:៦(ព្រះរាជបុត្រា) ៖ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាមខ្ញុំ នោះ​គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ” ។
  • យ៉ូហាន ១៥:២៦ (ព្រះវិញ្ញាណ​បរិសុទ្ធ) ៖ “កាលណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះវរបិតា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញពី​ព្រះវរបិតា​មក ព្រះអង្គ​នោះ ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ”។
២) ការ​មិន​ស្រឡាញ់​សេចក្តី​ពិត នាំមក​នូវ​សេចក្តី​ហិន​វិនាស​អស់​កល្ប​ជានិច្ច
  • ២​ថែស្សាឡូនីច ២:១០ ៖ ហើយដោយ​គ្រប់​ទាំង​សេចក្តី​ឆបោក​របស់​សេចក្តី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស “ដោយ​ព្រោះ​គេ​មិនព្រម​ស្រឡាញ់​ដល់​សេចក្តី​ពិត ដើម្បីឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ”។
៣) ការរស់នៅ​របស់​គ្រីស្ទបរិស័ទ ត្រូវ​ផ្អែក​ទៅលើ​ការ​ស្គាល់​សេចក្តី​ពិត
  • ១កូរិនថូស ៦:១៥-១៦ ៖ “តែ​មិនដឹង​ថា រូបកាយ​អ្នករាល់គ្នា ជា​អវយវៈ​របស់​ព្រះ​ទេ​ឬអី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះគ្រីស្ទ ឲ្យ​ទៅ​ធ្វើជា​អវយវៈ​របស់​ស្រីសំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ ចុះ​តើ​អ្នករាល់គ្នា​មិនដឹង​ទេ​ឬអី​ថា អ្នកណា​ដែល​ទៅ​សេព​សម្ភព​នឹង​ស្រីសំផឹង នោះ​ជា​រូប​សាច់​តែ១ផងគ្នា?”
៤) រូបកាយ​ព្រះគ្រីស្ទ​បាន​ស្អាង​ឡើង ដោយ​សេចក្តី​ពិត ក្នុង​សេចក្តី​ស្រឡាញ់
  • កូល៉ុស ១:២៨ ៖ “យើងខ្ញុំ​ប្រកាសប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បីឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់លក្ខណ៍​ក្នុង​ព្រះគ្រីស្ទ”។
សូម​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មានចិត្ត​ឆេះឆួល ចំពោះ​ព្រះអង្គ និង​ចំពោះ​សេចក្តី​ពិត។

ប្រភេទ