តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ ហេព្រើរ ១០:៣៩
លោកជីមមី(Jimmy) មិនបានអនុញ្ញាតឲ្យរឿងពិតនៃភាពវឹកវរក្នុងសង្គម គ្រោះថ្នាក់ និងទុក្ខលំបាក រារាំងគាត់ មិនឲ្យធ្វើដំណើរទៅកាន់ប្រទេស ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត នៅក្នុងពិភពលោក ដើម្បីលើកទឹកចិត្តប្តីប្រពន្ធ ដែលកំពុងធ្វើការបម្រើព្រះ។ សារដែលគាត់បានផ្ញើមកក្រុមការងារយើងជាប្រចាំ បានបង្ហាញអំពីបញ្ហាប្រឈមដែលគាត់បានជួបប្រទះ។ ក្នុងសារទាំងនោះគាត់ប្រាប់យើងឲ្យអធិស្ឋានឲ្យគាត់ ព្រោះផ្លូវធ្វើដំណើរមានការពិបាកខ្លាំង ដោយគាត់ធ្វើដំណើរ២ម៉ោង បានតែ១៦គីឡូម៉ែត្រប៉ុណ្ណោះ ដោយឡានបានឡើងកម្តៅជ្រុលប្រហែលជាង១០ដង។ ដោយសារបញ្ហាក្នុងការធ្វើដំណើរ គាត់បានទៅដល់ នៅពេលជិតពាក់កណ្តាលអាធ្រាត្រ ដើម្បីចែកចាយព្រះបន្ទូល ទៅកាន់មនុស្ស ដែលបានរង់ចាំគាត់អស់៥ម៉ោង។ ក្រោយមក យើងក៏បានទទួលសារមានលក្ខណៈខុសពីនេះ ដោយគាត់រៀបរាប់ថា គាត់បានចំណាយពេលប្រកបគ្នា ដោយអំណរខ្លាំងក្រៃ ដោយមនុស្សប្រហែល១២នាក់ បានឡើងមកខាងមុខ ដើម្បីឲ្យគាត់អធិស្ឋានឲ្យ។ យប់នោះពិតជាអស្ចារ្យណាស់។
ការបម្រើព្រះដោយស្មោះត្រង់ អាចជួបការលំបាកច្រើន។ អ្នកដែលបានធ្វើជាគំរូនៃសេចក្តីជំនឿ ក្នុងបទគម្ពីរហេព្រើរ ជំពូក១១ ក៏បានជួបការលំបាកជាច្រើនផងដែរ។ ដោយសារសេចក្តីជំនឿដែលពួកគេមានចំពោះព្រះអង្គ បុរស និងស្រ្តីទាំងនោះបានប្រឈមមុខដាក់កាលៈទេសៈដ៏ពិបាក ហួសពាក្យពណ៌នា។ “ខ្លះទៀតត្រូវសេចក្តីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង និងជាប់គុកផង”(ខ.៣៦)។ សេចក្តីជំនឿរបស់ពួកគេបានជំរុញពួកគេ ឲ្យហ៊ានប្រថុយជីវិត ហើយសូមព្រះទ្រង់សម្រេចលទ្ធផល។ យើងក៏យ៉ាងដូច្នោះដែរ។ ការបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង ប្រហែលមិននាំឲ្យយើងទៅកន្លែងគ្រោះថ្នាក់នោះទេ តែអាចនាំយើងឆ្លងថ្នល់ ឬឆ្លងទៅសាលារៀន ឬទៅអង្គុយ ក្នុងបន្ទប់ញាំអាហារ ឬកន្លែងជួបជុំគ្នា ដែលយើងអាចប្រាប់គេអំពីព្រះយេស៊ូវ។ យើងប្រហែលជួបបញ្ហា ឬអាចមានគ្រោះថ្នាក់។ តែរង្វាន់ដែលព្រះអង្គនឹងប្រទាន គឺសក្តិសមនឹងឲ្យយើងហ៊ានប្រឈមមុខដាក់គ្រោះថ្នាក់ ដោយជំនួយមកពីព្រះអង្គ។—ARTHUR JACKSON
តើអ្នកអាចប្រឈមមុខដាក់បញ្ហា ហើយដើរតាមព្រះយេស៊ូវយ៉ាងដូចម្តេចខ្លះ ទោះអ្នកមានការលំបាកដូចម្តេចក៏ដោយ? តើមានអ្វីនាំអ្នកឲ្យចង់តែរស់នៅក្នុងភាពស្រណុកស្រួល?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំ នូវកម្លាំង និងចិត្តក្លាហាន ដើម្បីថ្វាយជីវិតទូលបង្គំ ដាច់ដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១