ការតស៊ូក្នុងការបម្រើព្រះ

តែ​យើង​រាល់គ្នា​មិនមែន​ជា​ពួក​អ្នក ដែល​ថយ​ទៅវិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺជា​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ។ ហេព្រើរ ១០:៣៩

លោក​ជី​មមី(Jimmy) មិនបាន​អនុញ្ញាត​ឲ្យ​រឿង​ពិត​នៃ​ភាព​វឹកវរ​ក្នុង​សង្គម គ្រោះថ្នាក់ និង​ទុក្ខ​លំបាក រារាំង​គាត់ មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត នៅក្នុង​ពិភពលោក ដើម្បី​លើកទឹកចិត្ត​ប្តី​ប្រពន្ធ ដែល​កំពុងធ្វើការ​បម្រើ​ព្រះ។ សារ​ដែល​គាត់​បាន​ផ្ញើ​មក​ក្រុមការងារ​យើង​ជាប្រចាំ បាន​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ដែល​គាត់​បាន​ជួបប្រទះ។ ក្នុង​សារ​ទាំងនោះ​គាត់​ប្រាប់​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​គាត់ ព្រោះ​ផ្លូវ​ធ្វើដំណើរ​មានការ​ពិបាក​ខ្លាំង ដោយ​គាត់​ធ្វើ​ដំណើរ​២​ម៉ោង បានតែ​១៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ឡាន​បាន​ឡើង​កម្តៅ​ជ្រុល​ប្រហែល​ជាង​១០​ដង។ ដោយសារ​បញ្ហា​ក្នុង​ការ​ធ្វើដំណើរ គាត់​បាន​ទៅដល់ នៅពេល​ជិត​ពាក់កណ្តាល​អាធ្រាត្រ ដើម្បី​ចែកចាយ​ព្រះបន្ទូល ទៅកាន់​មនុស្ស ដែល​បាន​រង់ចាំ​គាត់​អស់៥ម៉ោង។ ក្រោយមក យើង​ក៏បាន​ទទួល​សារ​មាន​លក្ខណៈ​ខុសពី​នេះ ដោយ​គាត់​រៀបរាប់​ថា គាត់​បាន​ចំណាយពេល​ប្រកប​គ្នា ដោយ​អំណរ​ខ្លាំងក្រៃ ដោយ​មនុស្ស​ប្រហែល១២នាក់ បាន​ឡើង​មក​ខាងមុខ ដើម្បីឲ្យ​គាត់​អធិស្ឋាន​ឲ្យ។ យប់​នោះ​ពិតជា​អស្ចារ្យ​ណាស់។

ការ​បម្រើ​ព្រះ​ដោយ​ស្មោះត្រង់ អាច​ជួប​ការ​លំបាក​ច្រើន។ អ្នក​ដែល​បាន​ធ្វើជា​គំរូ​នៃ​សេចក្តី​ជំនឿ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ក៏បាន​ជួប​ការ​លំបាក​ជាច្រើន​ផង​ដែរ។ ដោយសារ​សេចក្តី​ជំនឿ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ បុរស និង​ស្រ្តី​ទាំងនោះ​បាន​ប្រឈមមុខ​ដាក់​កាលៈទេសៈ​ដ៏​ពិបាក ហួស​ពាក្យ​ពណ៌នា។ “ខ្លះទៀត​ត្រូវ​សេចក្តី​ល្បង ដោយមាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់ចំណង និង​ជាប់គុក​ផង”(ខ.៣៦)។ សេចក្តី​ជំនឿ​របស់​ពួក​គេ​បាន​ជំរុញ​ពួក​គេ ឲ្យ​ហ៊ាន​ប្រថុយ​ជីវិត ហើយ​សូម​ព្រះ​ទ្រង់​សម្រេច​លទ្ធផល។ យើង​ក៏​យ៉ាង​ដូច្នោះ​ដែរ។ ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​យើង ប្រហែល​មិន​នាំឲ្យ​យើង​ទៅ​កន្លែង​គ្រោះថ្នាក់​នោះ​ទេ តែ​អាច​នាំ​យើង​ឆ្លងថ្នល់ ឬ​ឆ្លង​ទៅ​សាលារៀន ឬ​ទៅ​អង្គុយ ក្នុង​បន្ទប់​ញាំ​អាហារ ឬ​កន្លែង​ជួបជុំគ្នា ដែល​យើង​អាច​ប្រាប់​គេ​អំពី​ព្រះយេស៊ូវ​។ យើង​ប្រហែល​ជួប​បញ្ហា ឬ​អាច​មាន​គ្រោះថ្នាក់។ តែ​រង្វាន់​ដែល​ព្រះអង្គ​នឹង​ប្រទាន គឺ​សក្តិ​សមនឹង​ឲ្យ​យើង​ហ៊ាន​ប្រឈមមុខ​ដាក់​គ្រោះថ្នាក់ ដោយ​ជំនួយ​មក​ពី​ព្រះអង្គ។—ARTHUR JACKSON

តើ​អ្នក​អាច​ប្រឈមមុខ​ដាក់​បញ្ហា ហើយ​ដើរតាម​ព្រះយេស៊ូវ​យ៉ាង​ដូចម្តេច​ខ្លះ ទោះ​អ្នកមាន​ការ​លំបាក​ដូចម្តេច​ក៏ដោយ? តើមាន​អ្វី​នាំ​អ្នក​ឲ្យ​ចង់តែ​រស់​នៅ​ក្នុង​ភាព​ស្រណុក​ស្រួល?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ នូវ​កម្លាំង និង​ចិត្តក្លា​ហាន ដើម្បី​ថ្វាយ​ជីវិត​ទូលបង្គំ ដាច់​ដល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles