ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦
កាលក្រុមគ្រួសារខ្ញុំកំពុងធ្វើចត្តាឡីស័ក ដោយសារការរីករាលដាលនៃជំងឺកូវីតទូទាំងពិភពលោក យើងក៏បាននាំគ្នាលេងល្បែងកម្សាន្តធំមួយ ដោយផ្គុំរូបដែលមានបំណែករូបតូចៗ១ម៉ឺន៨ពាន់គ្រាប់។ យើងបានខិតខំផ្គុំរូបនោះស្ទើរតែរាល់ថ្ងៃ តែជាញឹកញាប់យើងមានអារម្មណ៍ថា យើងមិនបានផ្គុំរូបនោះបានច្រើនប៉ុន្មានទេ។ រយៈពេល៥ខែបន្ទាប់ពីយើងបានចាប់ផ្តើមលេងល្បែងកម្សាន្តនេះ ទីផុតយើងក៏បានធ្វើការអបអរ នៅពេលដែលយើងបានគ្រាប់ចុងក្រោយ ចូលទៅក្នុងរូបដែលយើងបានផ្គុំ ដែលមានបណ្តោយជិត៣ម៉ែត្រ និងទទឹងជិត២ម៉ែត្រ ដែលបានគ្របដណ្តប់កម្រាលឥដ្ឋ ក្នុងផ្ទះបាយរបស់យើង។
ជួនកាល ខ្ញុំមានអារម្មណ៍ថា ជីវិតខ្ញុំហាក់ដូចជារូបមួយផ្ទាំងធំដែលបានផ្គុំចូលគ្នា ដោយបំណែកតូចៗជាច្រើន តែនៅមានបំណែករូបជាច្រើនទៀត នៅលើកម្រាលឥដ្ឋ ដែលមិនទាន់បានផ្គុំចូលគ្នា។ ខ្ញុំដឹងថា ព្រះទ្រង់កំពុងកែប្រែជីវិតខ្ញុំ ឲ្យកាន់តែមានលក្ខណៈដូចព្រះយេស៊ូវ តែជួនកាល ខ្ញុំហាក់ដូចជាមិនសូវឃើញមានការរីកចម្រើនប៉ុន្មានទេ។
ខ្ញុំបានទទួលកម្សាន្តចិត្ត ពីព្រះបន្ទូលក្នុងកណ្ឌគម្ពីរសំបុត្រភីលីព ដែលក្នុងនោះ សាវ័កប៉ុលបានអធិស្ឋានឲ្យពួកជំនុំនៅទីក្រុងភីលីព ដោយអំណរ ដោយសារការល្អដែលពួកគេកំពុងតែធ្វើ(១:៣-៤)។ តែគាត់មិនបានទុកចិត្តលើសមត្ថភាពរបស់ពួកគេនោះទេ តែបានទុកចិត្តព្រះវិញ ដោយជឿថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងពួកគេ ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង(ខ.៦)។
ព្រះទ្រង់បានសន្យាថា នឹងធ្វើការក្នុងជីវិតយើងទាល់តែចប់សព្វគ្រប់។ កិច្ចការនោះមានលក្ខណៈដូចជារូបដែលនៅមានបំណែកតូចៗជាច្រើន ដែលត្រូវផ្គុំចូលគ្នា ហើយនៅពេលខ្លះ យើងហាក់ដូចជាមិនសូវមានការរីកចម្រើនប៉ុន្មានទេ។ តែយើងអាចមានទំនុកចិត្តថា ព្រះដ៏ស្មោះត្រង់របស់យើង នៅតែបន្តផ្គុំបំណែករូបទាំងនោះចូលគ្នា ទាល់តែរូបទាំងមូលមានភាពពេញលេញ។—LISA M. SAMRA
តើអ្នកជឿថា ព្រះទ្រង់កំពុងធ្វើការដូចម្តេចខ្លះ ក្នុងជីវិតអ្នក? តើមានផ្នែកដ៏ស្រស់ស្អាតណាខ្លះ នៃជីវិតអ្នក ដែលព្រះអង្គបានផ្គុំចូលគ្នាហើយ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានទូលបង្គំ នូវភ្នែកនៃសេចក្តីជំនឿ ឲ្យមើលឃើញរបៀបដែលព្រះអង្គកំពុងធ្វើការក្នុងជីវិតទូលបង្គំ។
For further study, read Remade in the Image of Jesus at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១-៣ និង កិច្ចការ ២:១-២១