ព្រឹក

ព្រះអង្គកែប្រែជីវិតយើងឲ្យថ្មីឡើង
ដោយPatricia Raybon
June 23, 2023
ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ។ យ៉ូហាន ៦:១២ ក្នុងនាមលោកសន សេភ្ល័រ(Shawn Seipler) ជាអ្នកចាត់ចែងការធ្វើដំណើរឲ្យអ្នកដំណើរទាំងឡាយ គាត់មានសំណួរចម្លែកមួយ ដែលគាត់ពិបាកស្វែងរកចម្លើយ។ គាត់ឆ្ងល់ថា តើគេយកសាប៊ូ ដែលគេប្រើសល់ ក្នុងបន្ទប់សណ្ឋាគារ ទៅធ្វើអ្វី? គេបានយកសាប៊ូដែលភ្ញៀវសណ្ឋាគារបានប្រើសល់ ទៅបោះចោលដូចសំរាមធម្មតា។ តែលោកសេភ្ល័រជឿថា គេអាចយកដុំសាប៊ូដែលគេប្រើសល់រាប់លានដុំ ទៅកែច្នៃជាដុំសាប៊ូថ្មីៗ។ ដូចនេះ គាត់ក៏បានបង្កើតគម្រោងកែឆ្នៃមួយ ដែលមានឈ្មោះថា គម្រោងសម្អាតពិភពលោក ដែលធ្វើការជាមួយសណ្ឋាគារ នាវាកម្សាន្តធំៗ និងរីស៊ត៨ពាន់កន្លែង ដើម្បីកែច្នៃដុំសាប៊ូរាប់លានគីឡូ ទៅជាដុំសាប៊ូ ដែលបានចាក់ពុម្ពថ្មីៗ និងបានសម្លាប់មេរោគ។ គេក៏បានផ្ញើសាប៊ូកែច្នៃនោះទៅអ្នកទាល់ក្រ ក្នុង១០០ប្រទេស ដោយបានជួយបង្ការជំងឺ និងការស្លាប់ ដែលបណ្តាលមកពីការខ្វះអនាម័យ។ គឺដូចដែលលោកសេភ្ល័របានមានប្រសាសន៍ថា “ខ្ញុំដឹងថា រឿងនេះស្តាប់ទៅដូចកំប្លែង តែដុំសាប៊ូនៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់សណ្ឋាគារដែលអ្នកធ្លាប់ស្នាក់នៅពិតជាអាចជួយសង្រ្គោះជីវិតមនុស្ស”។ ការប្រមូលរបស់អ្វីដែលគេប្រើហើយ ឬមិនស្អាត ដើម្បីកែប្រែជារបស់ថ្មី ក៏ជាលក្ខណៈសម្បត្តិដែលគួរឲ្យស្រឡាញ់បំផុតរបស់ព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់យើង។ បន្ទាប់ពីព្រះអង្គបានប្រទានអាហារដល់មនុស្សជាង៥ពាន់នាក់ ដោយប្រើនំប៉័ងតូចៗ៥ដុំ និងត្រី២កន្ទុយ ព្រះអង្គបានប្រាប់ពួកសាវ័កថា “ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ”(យ៉ូហាន ៦:១២)។ ក្នុងជីវិតរបស់យើង ពេលណាយើងមានអារម្មណ៍ថា “អស់ផ្លូវ” ព្រះទ្រង់មិនបានទតមើលមកយើងដូចសំរាមនោះឡើយ តែដូចជាការអស្ចារ្យរបស់ព្រះអង្គ។ យើងមិនមែនសំរាម នៅក្នុងព្រះនេត្រព្រះអង្គឡើយ តែយើងមានសក្ដានុពល ដែលមានប្រយោជន៍ជាថ្មី សម្រាប់នគររបស់ព្រះអង្គ។ “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ តើយើងអាចកើតជាថ្មីដោយរបៀបណា? គឺដោយសារព្រះគ្រីស្ទគង់នៅក្នុងយើង។—PATRICIA RAYBON
តើអ្នកមានអារម្មណ៍ថា អ្នកមានតម្លៃតិច នៅពេលណាខ្លះ? តើព្រះយេស៊ូវបានប្រទានជីវិតថ្មីដល់អ្នក ដោយរបៀបណា?
ឱព្រះវរបិតា ពេលណាទូលបង្គំមានអារម្មណ៍ថា គ្មានតម្លៃ សូមព្រះអង្គជួយទូលបង្គំមើលឃើញជីវិតថ្មី ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១-២ និង កិច្ចការ ៧:២២-៤៣
ប្រភេទ
ល្ងាច

ព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ
ដោយJohn Piper
June 23, 2023
នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពីព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស ៥ពាន់នាក់ និងមនុស្ស៤ពាន់នាក់ ដោយប្រើតែនំប៉័ង និងត្រីតែពីរបីកន្ទុយ ពួកសាវ័កក៏បានឡើងទូក ដោយគ្មាននំប៉័ងគ្រប់គ្រាន់ សម្រាប់ខ្លួនឯង។ ពេលដែលពួកគេចាប់ផ្តើមជជែកគ្នា អំពីការលំបាកនេះ ព្រះយេស៊ូវក៏បានមានបន្ទូលថា "ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី?"(ម៉ាកុស ៨:១៧)។ តើមានអ្វីដែលពួកគេមិនយល់? ពួកគេមិនយល់ អំពីអត្ថន័យនៃនំប៉័ងដែលនៅសល់ ពោលគឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ នៅពេលដែលពួកគេមើលថែអ្នកដទៃ។ ព្រះយេស៊ូវមានបន្ទូលថា ៖
- "ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧។ នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត?" (ម៉ាកុស ៨:១៩-២១)។