ព្រឹក

នឹកចាំអំពីការលះបង់របស់ព្រះយេស៊ូវ
ដោយBill Crowder
June 24, 2023
ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក។ ១កូរិនថូស ១១:២៦ បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះ នៅពេលព្រឹកថ្ងៃអាទិត្យ មិត្តភក្ដិខ្ញុំនៅទីក្រុងមូស្គូបាននាំខ្ញុំទៅញាំអាហារថ្ងៃត្រង់ ក្នុងភោជនីយដ្ឋានមួយ នៅក្រៅវិមានគ្រិមលីន។ ពេលយើងទៅដល់ យើងសង្កេតឃើញគូស្វាមីភរិយាថ្មីជាច្រើនគូរ ដែល ស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍ បានដើរទៅរកផ្នូររបស់ទាហានដែលគេមិនស្គាល់ឈ្មោះ នៅក្រៅកំផែងវិមានគ្រិមលីន។ សុភមង្គលនៅថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ ក៏បានរាប់បញ្ចូលការនឹកចាំ អំពីការលះបង់របស់អ្នកដទៃ ដែលបានជួយឲ្យពួកគេមានថ្ងៃនោះ។ នេះជាទិដ្ឋភាពដែលមានន័យណាស់ ខណៈពេលដែលគូស្វាមីភរិយាទាំងនោះបានថតរូប នៅក្បែរកន្លែងរំឭករបស់ជនពលី មុនពេលពួកគេដាក់បាច់ផ្កាអាពាហ៍ពិពាហ៍ នៅលើខឿននៃទីកន្លែងនោះ។ យើងម្នាក់ៗសុទ្ធតែមានហេតុផលដែលត្រូវអរព្រះគុណព្រះ ដោយសារអ្នកដទៃដែលបានធ្វើការលះបង់ ដើម្បីនាំមកនូវអ្វីៗដែលយើងមានសព្វថ្ងៃ។ ការលះបង់ទាំងនោះសុទ្ធតែសំខាន់ តែមិនមែនជាការលះបង់ដែលសំខាន់បំផុតនោះឡើយ។ ទាល់តែយើងបានយល់អំពីការលះបង់របស់ព្រះយេស៊ូវនៅលើឈើឆ្កាង ទើបយើងអាចដឹងថា ជីវិតរបស់យើងបានជាប់ជំពាក់ព្រះគុណរបស់ព្រះអង្គសង្គ្រោះច្រើនប៉ុណ្ណា។ ពេលណាយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ យើងត្រូវនឹកចាំ អំពីការលះបង់របស់ព្រះយេស៊ូវ ដែលមានចំណិតនំប៉័ង និងទឹកទំពាំងបាយជូរជាតំណាង។ សាវ័កប៉ុលបានបង្រៀនថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ សូមឲ្យពិធីលៀងព្រះអម្ចាស់ក្រើនរំឭកយើង ឲ្យរស់នៅ ដោយការនឹកចាំ និងការដឹងគុណ ចំពោះការគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើនៅក្នុង និងដើម្បីយើង។—BILL CROWDER
ពេលអ្នកប្រារព្ធពិធីលៀងព្រះអម្ចាស់ តើអ្នកមានការយល់ឃើញយ៉ាងណា ចំពោះពិធីនេះ? តើអ្នកបានធ្វើពិធីនេះ ជាឱកាសដើម្បីអរព្រះគុណព្រះគ្រីស្ទ សម្រាប់ការលះបង់របស់ព្រះអង្គ យ៉ាងណាខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំមិនអាចសងគុណព្រះអង្គ ចំពោះសេចក្តីស្រឡាញ់ដែលព្រះអង្គបានបង្ហាញចេញ តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបានឡើយ។ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញចេញនូវការដឹងគុណ ចំពោះការអ្វីដែលព្រះអង្គបានធ្វើសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០
ប្រភេទ
ល្ងាច

ការរំដោះដែលបានពន្យារពេល
ដោយJohn Piper
June 24, 2023
នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ។ កិច្ចការ ១៦:២៦ នៅសម័យនេះ ព្រះទ្រង់សង្គ្រោះរាស្ត្រព្រះអង្គ ឲ្យរួចផុតពីបញ្ហាមួយចំនួន។ តែមិនមែនរួចពីបញ្ហាទាំងអស់ឡើយ។ យើងមានការកម្សាន្តចិត្ត ពេលដែលបានដឹងអំពីរឿងនេះ ពុំនោះទេ ពេលយើងមានបញ្ហា យើងប្រហែលសន្និដ្ឋាន ព្រះអង្គបានភ្លេចយើង ឬបដិសេធន៍យើងហើយ។ ដូចនេះ ចូរយើងមានការកម្សាន្តចិត្ត ដោយការរំឭកដ៏សាមញ្ញថា ក្នុងបទគម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះទ្រង់មិនបានរំដោះសាវ័កប៉ុល និងលោកស៊ីឡាសឲ្យរួចឡើយ តែក្នុងខ.២៥-២៦ ព្រះអង្គក៏បានរំដោះពួកគេ។ ពីដំបូង ពួកគេមិនបានទទួលការជួយរំដោះ ៖ "គេក៏ចាប់ប៉ុល និងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល"(ខ.១៩)។
- "មេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់"(ខ.២២)។
- "ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក"(ខ.២៣)។
- "មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង"(ខ.២៤)។