នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នឹកចាំអំពីការលះបង់របស់ព្រះយេស៊ូវ

នឹកចាំអំពីការលះបង់របស់ព្រះយេស៊ូវ

ដោយBill Crowder

June 25, 2023

ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ មិត្តភក្ដិ​ខ្ញុំ​នៅ​ទីក្រុង​មូស្គូ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារ​ថ្ងៃត្រង់ ក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ក្រៅ​វិមាន​គ្រិមលីន។ ពេល​យើង​ទៅដល់ យើង​សង្កេតឃើញ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូរ ដែល ស្លៀកពាក់​ឈុត​អាពាហ៍​ពិពាហ៍ បាន​ដើរទៅ​រក​ផ្នូរ​របស់​ទាហាន​ដែលគេ​មិន​ស្គាល់ឈ្មោះ នៅ​ក្រៅ​កំផែង​វិមាន​គ្រិមលីន។ សុភមង្គល​នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ក៏បាន​រាប់បញ្ចូល​ការ​នឹក​ចាំ អំពី​ការ​លះបង់​របស់​អ្នកដទៃ ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ថ្ងៃ​នោះ។ នេះ​ជា​ទិដ្ឋភាព​ដែល​មានន័យ​ណាស់ ខណៈ​ពេល​ដែល​គូ​ស្វាមីភរិយា​ទាំងនោះ​បាន​ថតរូប នៅ​ក្បែរ​កន្លែង​រំឭក​របស់​ជន​ពលី មុន​ពេល​ពួក​គេ​ដាក់​បាច់​ផ្កា​អាពាហ៍​ពិពាហ៍ នៅ​លើ​ខឿន​នៃ​ទីកន្លែង​នោះ។ យើង​ម្នាក់​ៗ​សុទ្ធតែ​មានហេតុ​ផល​ដែល​ត្រូវ​អរព្រះគុណ​ព្រះ ដោយសារ​អ្នកដទៃ​ដែល​បាន​ធ្វើការ​លះបង់ ដើម្បី​នាំមក​នូវ​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ។ ការ​លះបង់​ទាំងនោះ​សុទ្ធតែ​សំខាន់ តែ​មិនមែន​ជា​ការ​លះបង់​ដែល​សំខាន់​បំផុត​នោះ​ឡើយ។ ទាល់តែ​យើង​បាន​យល់​អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង ទើប​យើង​អាច​ដឹង​ថា ជីវិត​របស់​យើង​បាន​ជាប់ជំពាក់​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ច្រើន​ប៉ុណ្ណា។ ពេលណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ត្រូវ​នឹក​ចាំ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចំណិត​នំប៉័ង និង​ទឹក​ទំពាំងបាយជូរ​ជា​តំណាង។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ សូមឲ្យ​ពិធី​លៀង​ព្រះអម្ចាស់​ក្រើន​រំឭក​យើង ឲ្យ​រស់នៅ ដោយ​ការ​នឹក​ចាំ និង​ការ​ដឹងគុណ ចំពោះ​ការ​គ្រប់យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅក្នុង និង​ដើម្បី​យើង។—BILL CROWDER

ពេល​អ្នក​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ តើ​អ្នកមាន​ការយល់ឃើញ​យ៉ាងណា ចំពោះ​ពិធី​នេះ? តើ​អ្នក​បាន​ធ្វើពិធី​នេះ ជា​ឱកាស​ដើម្បី​អរព្រះគុណ​ព្រះគ្រីស្ទ សម្រាប់​ការ​លះបង់​របស់​ព្រះអង្គ យ៉ាងណា​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​មិន​អាច​សងគុណ​ព្រះអង្គ ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​បង្ហាញ​ចេញ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង​បាន​ឡើយ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ ចំពោះ​ការអ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០

ល្ងាច

Devotional illustration

ការរំដោះដែលបានពន្យារពេល

ដោយJohn Piper

June 25, 2023

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ "គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​"(ខ.១៩)។

  • "មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​"(ខ.២២)។
  • "ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​"(ខ.២៣)។
  • "មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​"(ខ.២៤)។
តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។ ព្រះ​ទ្រង់​អាច​ជួយ​ពួក​គេ​ ឲ្យ​បាន​ឆាប់​ជាង​នេះ។ តែ​ព្រះអង្គ​បាន​ពន្យារ​ពេល គឺ​ដោយសារ​ព្រះអង្គ​ស្រឡាញ់​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស។ ខ្ញុំ​សូម​សួរ​អ្នក​ថា ៖ ឧបមា​ថា ជីវិត​របស់​អ្នក​កំពុងតែ​ជួប​រឿង​ជា​បន្ត​បន្ទាប់ ដូច​សាវ័ក​ប៉ុល ដែល​មានទុក្ខ​វេទនា​ជាមុន​សិន ហើយ​ក្រោយមក ក៏​ព្រះ​ទ្រង់​ក៏បាន​ដោះ​ឲ្យ​រួច។ តើ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​ណា? តើ​អ្នក​កំពុង​ស្ថិត​ក្នុង​វគ្គ​ត្រូវ​គេ​វាយ​ដុំ ឬ​វគ្គ​រួចពី​ចំណង? ដំណាក់កាល​ទាំងពីរ សុទ្ធតែ​ជា​ដំណាក់កាល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សា​អ្នក។ ព្រះអង្គ​មិនបាន​បោះបង់ចោល​អ្នក ឬ​ចាក​ចេញ​ពី​អ្នក​ឡើយ(ហេព្រើរ ១៣:៥)។ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជាប់ចំណង ចូរ​កុំ​អស់សង្ឃឹម​ឡើយ។ ចូរ​ច្រៀង​សរសើរ​ព្រះ។ អ្នក​នឹង​មាន​សេរីភាព។ ព្រះអង្គ​នឹង​រំដោះ​អ្នក តាមពេលវេលា​របស់​ព្រះអង្គ។ ទោះជា​ត្រូវ​រំដោះ​អ្នក តាមរយៈ​សេចក្តី​ស្លាប់​ក៏ដោយ។ "ចូរ​នៅជា​ស្មោះត្រង់​ដរាបដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង​"(វិវរណៈ ២:១០)។

ប្រភេទ