ព្រឹក

មិនអាចដោះសារបានឡើយ
ដោយUltimately with R.C. Sproul
June 26, 2023
នៅថ្ងៃជំនុំជម្រះ គ្មាននរណាម្នាក់អាចយកដោះសារថា ពួកគេមិនបានជឿព្រះអង្គ ដោយសារពួកគេមិនបានដឹងអីនោះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការពន្យល់ថា ការមិនជឿថាព្រះមានពិតមែន មិនមែនជាបញ្ហាចំណេះដឹងនោះទេ តែជាបញ្ហាសីលធម៌។ អត្ថបទ សាវ័កប៉ុលបានមានប្រសាសន៍ថា អ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក(រ៉ូម ១:២០)។ បានសេចក្តីថា មនុស្សអាចដឹងថាព្រះទ្រង់ពិតជាមានមែន តាមរយៈការពិចារណាអំពីការអ្វីដែលទ្រង់បានបង្កើត។ ដូចនេះ ការដែលពួកគេបដិសេធន៍ព្រះអង្គ នោះមិនមែនជាបញ្ហានៃការយល់ដឹងនោះទេ តែជាបញ្ហាសីលធម៌របស់ពួកគេប៉ុណ្ណោះ។ ក្នុងបទគម្ពីរនេះ តើសាវ័កប៉ុលកំពុងនិយាយសំដៅទៅលើការដោះសាររបស់អ្នកមិនជឿ? ការដោះសារដែលអ្នកមិនជឿនឹងមាន នៅថ្ងៃចុងក្រោយ ពេលព្រះទ្រង់ធ្វើការជំនុំជម្រះ គឺការដោះសារថា ពួកគេមិនជឿ ព្រោះមិនបានដឹង។ ពួកគេប្រហែលដោះសារថា “ព្រះអង្គអើយ ទូលបង្គំមិនដឹងថា ព្រះអង្គមានពិតមែនទេ។ បើទូលបង្គំបានដឹង នោះទូលបង្គំមុខជាជឿ ដើរតាម នឹងស្តាប់បង្គាប់ព្រះអង្គមិនខាន”។ ការមិនជឿថាព្រះមានមែន គឺអាក្រក់បំផុត នៅពេលដែលគេយកលេសថា “គេមិនបានដឹងច្បាស់ថា ព្រះមានមែនឬអត់”។ នេះជាសម្តីដែលគួរឲ្យខ្លាច។ ការយកលេសនេះថែមទាំងបានទំលាក់កំហុសមកលើព្រះថា ពួកគេមិនជឿ ព្រោះព្រះអង្គមិនព្រមបង្ហាញភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យពួកគេជឿ។ ព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់យ៉ាងច្បាស់ ចាប់តាំងពីដើមកំណើតពិភពលោក តាមរយៈរបស់សព្វសារពើ ដែលព្រះអង្គបានបង្កើត បានជាអ្នកមិនអាចយកលេសនៅចំពោះព្រះថា អ្នកខ្វះការយល់ដឹងនោះឡើយ។ ការបដិសេធន៍ថា ព្រះមិនពិតជាមានមែន គឺមិនមែនជាបញ្ហានៃការយល់ដឹង តែជាបញ្ហាផ្នែកសីលធម៌។ ហើយបើអ្នកបដិសេធន៍មិនព្រមបញ្ជាក់ថា ព្រះទ្រង់មានមែនឬអត់ នោះអ្នកមានបញ្ហាផ្នែកសីលធម៌ជាមួយព្រះ។ បទគម្ពីររ៉ូម ១:២១-២២ បានចែងថា “កាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ”។ ត្រង់ចំណុចនេះ យើងត្រូវកត់សំគាល់ថា ការបដិសេធន៍មិនទទួលស្គាល់ព្រះអង្គជាព្រះ គឺជាអំពើបាបដែលមានលក្ខណៈមូលដ្ឋានបំផុត។ យើងបដិសេធន៍មិនព្រមថ្វាយការដឹងគុណដល់ព្រះអាទិកររបស់យើង។ យើងបដិសេធន៍មិនព្រមបង្ហាញការដឹងគុណឲ្យបានត្រឹមត្រូវដល់ព្រះអាទិករនៃយើង។ ដូចនេះ តាមការបង្រៀនរបស់សាវ័កប៉ុល បញ្ហារបស់អ្នកមិនជឿព្រះ មិនមែនដោយសារពួកគេមិនដឹងថា ព្រះមានមែននោះទេ តែដោយសារតែពួកគេមិនព្រមទទួលស្គាល់ថា ព្រះអង្គពិតជាមានមែន។
ប្រភេទ
ល្ងាច

ប្រៀបដូចជារងើកភ្លើងនៅលើក្បាលសត្រូវ
ដោយMike Wittmer
June 26, 2023
បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា។ សុភាសិត ២៥:២១-២២ លោកឌែន(Dan) បានស៊ូទ្រាំនឹងការវាយដំជារៀងរាល់ថ្ងៃ ពីឆ្មាំគុកម្នាក់ ក្នុងមន្ទីរឃុំឃាំង។ គាត់ជឿថា ព្រះយេស៊ូវបានបណ្តាលចិត្តគាត់ឲ្យស្រឡាញ់បុរសនោះ ដូចនេះ នៅពេលព្រឹកមួយនោះ មុនពេលការវាយដំហៀបនឹងចាប់ផ្តើម ដូចសព្វមួយដង លោកឌែនក៏បាននិយាយថា “លោក បើខ្ញុំនៅតែជួបមុខលោកជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃខ្ញុំស្លាប់ យើងគួរតែរាប់អានគ្នាជាមិត្តភក្តិទៅ”។ ឆ្មាំគុករូបនោះក៏បានតបថា “ទេ លោក យើងមិនអាចក្លាយជាមិត្តភក្តិបានទេ”។ លោកឌែននៅតែទទូចសុំរាប់អានគ្នា ហើយក៏បានហុចដៃគាត់ទៅចាប់ដៃរបស់ឆ្មាំគុក។ ឆ្មាំគុកក៏បានឈរធ្មឹងមួយកន្លែង ហើយក៏បានចាប់ផ្តើមចាប់ដៃរបស់លោកឌែនរលាក់ មិនព្រមលែងសោះ។ ទឹកភ្នែករបស់ឆ្មាំគុកក៏បានស្រក់ចុះមក។ គាត់ថា “ឌែន ខ្ញុំឈ្មោះរ៉ូសុក(Rosoc)។ ខ្ញុំចង់រាប់អានលោកជាមិត្តភក្តិ”។ ចាប់តាំងពីថ្ងៃនោះមក ឆ្នាំគុកក៏បានឈប់វាយដំលោកឌែនជារៀងរហូត។ ព្រះគម្ពីរបានប្រាប់យើងថា “បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង”(សុភាសិត ២៥:២១-២២)។ ពាក្យ “រងើកភ្លើង” ជាពាក្យប្រៀបប្រដូច ដែលប្រហែលឆ្លុះបញ្ចាំង អំពីពិធីមួយរបស់ជនជាតិអេស៊ីព្ទ ដែលក្នុងនោះ អ្នកដែលមានទោសត្រូវបង្ហាញការកែប្រែចិត្តរបស់ខ្លួន ដោយយកចានដែលមានរងើកភ្លើង មកទូលលើក្បាល។ ស្រដៀងគ្នានេះដែរ សេចក្តីសប្បុរសរបស់យើងអាចបណ្តាលចិត្តខ្មាំងសត្រូវរបស់យើង ឲ្យមានទឹកមុខឡើងក្រហម ដោយក្តីអាម៉ាស ដែលបណ្តាលឲ្យពួកគេប្រែចិត្ត។ តើនរណាជាខ្មាំងសត្រូវរបស់អ្នក? តើអ្នកមិនចូលចិត្តនរណាខ្លះ? លោកឌែនបានរកឃើញថា សេចក្តីសប្បុរសរបស់ព្រះគ្រីស្ទ មានអំណាចខ្លាំងល្មមនឹងអាចកែប្រែចិត្តមនុស្សគ្រប់រូប ទាំងខ្មាំងសត្រូវរបស់គាត់ ក៏ដូចជាខ្លួនគាត់ផ្ទាល់។ យើងក៏អាចកែប្រែ និងនាំគេកែប្រែដោយសារសេចក្តីសប្បុរសរបស់ព្រះអង្គផងដែរ។—MIKE WITTMER
តើមានការអ្វីដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដោយចិត្តសប្បុរស សម្រាប់មនុស្សដែលស្អប់អ្នក? តើអ្នកអាចអធិស្ឋានឲ្យពួកគេយ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមសរសើរដំកើងព្រះអង្គថា សេចក្តីសប្បុរសរបស់ព្រះអង្គបាននាំឲ្យទូលបង្គំប្រែចិត្ត ហើយបណ្តាលចិត្តទូលបង្គំឲ្យមានចិត្តសប្បុរសចំពោះមនុស្សដែលស្អប់ទូលបង្គំផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៨-១០ និង កិច្ចការ ៨:២៦-៤០