នឹកចាំអំពីការលះបង់របស់ព្រះយេស៊ូវ

ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦

បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ មិត្តភក្ដិ​ខ្ញុំ​នៅ​ទីក្រុង​មូស្គូ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារ​ថ្ងៃត្រង់ ក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ក្រៅ​វិមាន​គ្រិមលីន។ ពេល​យើង​ទៅដល់ យើង​សង្កេតឃើញ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូរ ដែល ស្លៀកពាក់​ឈុត​អាពាហ៍​ពិពាហ៍ បាន​ដើរទៅ​រក​ផ្នូរ​របស់​ទាហាន​ដែលគេ​មិន​ស្គាល់ឈ្មោះ នៅ​ក្រៅ​កំផែង​វិមាន​គ្រិមលីន។ សុភមង្គល​នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ក៏បាន​រាប់បញ្ចូល​ការ​នឹក​ចាំ អំពី​ការ​លះបង់​របស់​អ្នកដទៃ ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ថ្ងៃ​នោះ។ នេះ​ជា​ទិដ្ឋភាព​ដែល​មានន័យ​ណាស់ ខណៈ​ពេល​ដែល​គូ​ស្វាមីភរិយា​ទាំងនោះ​បាន​ថតរូប នៅ​ក្បែរ​កន្លែង​រំឭក​របស់​ជន​ពលី មុន​ពេល​ពួក​គេ​ដាក់​បាច់​ផ្កា​អាពាហ៍​ពិពាហ៍ នៅ​លើ​ខឿន​នៃ​ទីកន្លែង​នោះ។

យើង​ម្នាក់​ៗ​សុទ្ធតែ​មានហេតុ​ផល​ដែល​ត្រូវ​អរព្រះគុណ​ព្រះ ដោយសារ​អ្នកដទៃ​ដែល​បាន​ធ្វើការ​លះបង់ ដើម្បី​នាំមក​នូវ​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ។ ការ​លះបង់​ទាំងនោះ​សុទ្ធតែ​សំខាន់ តែ​មិនមែន​ជា​ការ​លះបង់​ដែល​សំខាន់​បំផុត​នោះ​ឡើយ។ ទាល់តែ​យើង​បាន​យល់​អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង ទើប​យើង​អាច​ដឹង​ថា ជីវិត​របស់​យើង​បាន​ជាប់ជំពាក់​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ច្រើន​ប៉ុណ្ណា។

ពេលណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ត្រូវ​នឹក​ចាំ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចំណិត​នំប៉័ង និង​ទឹក​ទំពាំងបាយជូរ​ជា​តំណាង។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ សូមឲ្យ​ពិធី​លៀង​ព្រះអម្ចាស់​ក្រើន​រំឭក​យើង ឲ្យ​រស់នៅ ដោយ​ការ​នឹក​ចាំ និង​ការ​ដឹងគុណ ចំពោះ​ការ​គ្រប់យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅក្នុង និង​ដើម្បី​យើង។—BILL CROWDER

ពេល​អ្នក​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ តើ​អ្នកមាន​ការយល់ឃើញ​យ៉ាងណា ចំពោះ​ពិធី​នេះ? តើ​អ្នក​បាន​ធ្វើពិធី​នេះ ជា​ឱកាស​ដើម្បី​អរព្រះគុណ​ព្រះគ្រីស្ទ សម្រាប់​ការ​លះបង់​របស់​ព្រះអង្គ យ៉ាងណា​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​មិន​អាច​សងគុណ​ព្រះអង្គ ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​បង្ហាញ​ចេញ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង​បាន​ឡើយ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ ចំពោះ​ការអ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles