ប្រៀបដូចជារងើកភ្លើងនៅលើក្បាលសត្រូវ

បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវឲ្យ​វា​ផឹក​ផង យ៉ាងនោះ​នឹង​បាន​ដូចជា​បង្គរ​រងើកភ្លើង​នៅ​លើ​ក្បាល​វា។ សុភាសិត ២៥:២១-២២

លោក​ឌែន(Dan) បាន​ស៊ូទ្រាំ​នឹង​ការ​វាយ​ដំជា​រៀងរាល់ថ្ងៃ ពី​ឆ្មាំ​គុក​ម្នាក់ ក្នុង​មន្ទីរ​ឃុំឃាំង។ គាត់​ជឿ​ថា ព្រះយេស៊ូវ​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ស្រឡាញ់​បុរស​នោះ ដូចនេះ នៅពេល​ព្រឹក​មួយ​នោះ មុន​ពេល​ការ​វាយ​ដំ​ហៀបនឹង​ចាប់ផ្តើម ដូច​សព្វមួយដង លោក​ឌែន​ក៏​បាន​និយាយ​ថា “លោក បើ​ខ្ញុំ​​នៅតែ​ជួប​មុខ​លោក​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លាប់ យើង​គួរតែ​រាប់អាន​គ្នា​ជា​មិត្តភក្តិទៅ”។ ឆ្មាំគុក​រូប​នោះ​ក៏បាន​តប​ថា “ទេ លោក យើង​មិន​អាច​ក្លាយជា​មិត្ត​ភក្តិ​បានទេ”។ លោ​ក​ឌែន​នៅ​តែ​ទទូច​សុំ​រាប់អាន​គ្នា ហើយក៏​បាន​ហុចដៃ​គាត់​ទៅ​ចាប់ដៃ​របស់​ឆ្មាំ​គុក។

ឆ្មាំ​គុក​ក៏បាន​ឈរ​ធ្មឹង​មួយ​កន្លែង ហើយក៏​បាន​ចាប់ផ្តើម​ចាប់ដៃ​របស់​លោក​ឌែន​រលាក់ មិនព្រម​លែង​សោះ។ ទឹកភ្នែក​របស់​ឆ្មាំ​គុក​ក៏បាន​ស្រក់​ចុះ​មក។ គាត់​ថា “ឌែន ខ្ញុំ​ឈ្មោះ​រ៉ូ​សុក(Rosoc)។ ខ្ញុំ​ចង់​រាប់អាន​លោក​ជា​មិត្តភក្តិ”។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ឆ្នាំ​គុក​ក៏បាន​ឈប់​វាយ​ដំលោក​ឌែន​ជា​រៀង​រហូត។

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា “បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវឲ្យ​វា​ផឹក​ផង យ៉ាងនោះ​នឹង​បាន​ដូចជា​បង្គរ​រងើកភ្លើង​នៅ​លើ​ក្បាល​វា ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​ឯង”(សុភាសិត ២៥:២១-២២)។ ពាក្យ “រងើកភ្លើង” ជា​ពាក្យប្រៀប​ប្រដូច ដែល​ប្រហែល​ឆ្លុះបញ្ចាំង អំពី​ពិធី​មួយ​របស់​ជនជាតិ​អេស៊ីព្ទ ដែល​ក្នុង​នោះ អ្នក​ដែល​មាន​ទោស​ត្រូវ​បង្ហាញ​ការ​កែប្រែ​ចិត្ត​របស់​ខ្លួន ដោយ​យក​ចាន​ដែល​មាន​រងើកភ្លើង មក​ទូល​លើ​ក្បាល។ ស្រដៀងគ្នា​នេះ​ដែរ សេចក្តី​សប្បុរស​របស់​យើង​អាច​បណ្តាល​ចិត្តខ្មាំង​សត្រូវ​របស់​យើង ឲ្យ​មាន​ទឹកមុខ​ឡើងក្រហម ដោយ​ក្តី​អា​ម៉ាស ដែល​បណ្តាល​ឲ្យ​ពួក​គេ​ប្រែចិត្ត។

តើន​រណា​ជា​ខ្មាំងសត្រូវ​របស់​អ្នក? តើ​អ្នក​មិន​ចូលចិត្ត​នរណា​ខ្លះ? លោក​ឌែន​បាន​រក​ឃើញ​ថា សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ មាន​អំណាច​ខ្លាំង​ល្មម​នឹងអាច​កែប្រែ​ចិត្ត​មនុស្ស​គ្រប់រូប ទាំង​ខ្មាំងសត្រូវ​របស់​គាត់ ក៏ដូចជា​ខ្លួន​គាត់​ផ្ទាល់។ យើង​ក៏​អាច​កែប្រែ និង​នាំ​គេ​កែប្រែ​ដោយសារ​សេចក្តី​សប្បុរស​របស់​ព្រះអង្គ​ផង​ដែរ។—MIKE WITTMER

តើមាន​ការអ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃនេះ ដោយចិត្ត​សប្បុរស សម្រាប់​មនុស្ស​ដែល​ស្អប់​អ្នក? តើ​អ្នក​អាច​អធិស្ឋាន​ឲ្យ​ពួក​គេ​យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ​ថា សេចក្តី​សប្បុរស​របស់​ព្រះអង្គ​បាន​នាំឲ្យ​ទូលបង្គំ​ប្រែចិត្ត ហើយ​បណ្តាល​ចិត្ត​ទូល​បង្គំ​ឲ្យ​មានចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ដែល​ស្អប់​ទូលបង្គំ​ផង​ដែរ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៨-១០ និង កិច្ចការ ៨:២៦-៤០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles