នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ទីពឹងជ្រករបស់យើងរាល់គ្នា

ទីពឹងជ្រករបស់យើងរាល់គ្នា

ដោយJohn Blase

July 2, 2023

ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សំរាប់​យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាល​ពីមុន ក្នុង​តំបន់​អាមេរិក​ខាងជើង សត្វ​ក្របីព្រៃ​ធ្លាប់តែ​រស់នៅ និង​ផ្លាស់ទី​ទៅមក ក្នុង​តំបន់​វាលទំនាប​មួយ ដោយ​ជនជាតិ​ដើម​អាមេរិក​បាន​មក​ប្រ​ម៉ាញ់​សត្វ​ក្របីព្រៃ​ទាំងនោះ រហូតដល់​ពេល​ដែល​ជនជាតិ​ស្បែក​ស​បាន​មក​តាំងទីលំនៅ ដោយ​នាំ​ហ្វូង​សត្វស្រុក​ចូល​មក​ចិញ្ចឹម ហើយ​បាន​ធ្វើការ​ដាំដុះ។ ក្រោយមក គេ​ក៏បាន​ប្រើ​ដី​នៅ​ទីនោះ ជា​កន្លែង​ផលិត​​សារធាតុ​គីមី បន្ទាប់ពី​កំពង់​ផែ​ភើល ហាប័រ បាន​ទទួលរង​ការ​វាយ​ប្រហារ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២ ហើយ​ក្រោយមក​ទៀត គេ​ថែមទាំង​ប្រើ​វា​ជា​កន្លែង​បង្កើត​អាវុធ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ តែ​ថ្ងៃមួយ គេ​ក៏បាន​រក​ឃើញ​សំបុក​របស់​សត្វ​ឥន្រ្ទី​ពូជ​ក្បាល​ទំពែក នៅ​ទីនោះ ហើយ​មិនយូរ​ប៉ុន្មាន គេ​ក៏បាន​បង្កើត​ឧទ្យានជាតិ​ជម្រក​សត្វព្រៃ នៅ​តំបន់​នោះ មាន​ក្រឡ​ផ្ទៃ៦ពាន់​ហិច​តា ដែល​រាប់បញ្ចូល​ទាំង​វាលទំនាប តំបន់​លិច​ទឹក និង​តំបន់​ព្រៃ នៅ​ជាយក្រុង នៃ​ទី​ក្រុង​ដេនវើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ។ ឧទ្យានជាតិ​នេះ​ស្ថិត​ក្នុងចំណោម តំបន់​ការពារ​សត្វព្រៃ​នៅ​ជាប់​ទីប្រជុំជន ដែលធំ​ជាងគេ នៅ​អាមេរិក ជា​កន្លែង​ការពារ​ដ៏​សុខសាន្ត​សម្រាប់​សត្វព្រៃ ជាង៣ពាន់​ពូជសត្វ ដែល​រាប់​ចាប់តាំងពី​សត្វ​សំពោច​ជើង​ខ្មៅ ដល់​សត្វ​ទីទុយ ដែល​មាន​រូង​ក្នុង​ដី សត្វ​ឥន្រ្ទី​ក្បាលទំពែក​​ និង​សត្វ​ក្របីព្រៃ​ដែល​ត្រាច់ចរ​ទៅមក។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រាប់​យើង​ថា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សម្រាប់​យើងខ្ញុំ”(៦២:៨)។ ព្រះអង្គ​ជាទី​ពឹង​ជ្រក ដែល​ធំជាង​កន្លែងជ្រក​កោន​ណា​ទាំងអស់​នៅ​លើ​ផែនដី។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​ពិតប្រាកដ មាន​សុវត្ថិភាព និង​ការ​ការពារ ដែល​ក្នុង​ព្រះអង្គ “ដ្បិត​គឺ​ដោយសារ​ទ្រង់​ហើយ ដែល​យើង​រាល់គ្នា​បាន​រស់ កំរើក ហើយ​មាននៅ​ផង”(កិច្ចការ ១៧:២៨)។ ហើយ​ព្រះអង្គ​ជាទី​ពឹង​ជ្រក​របស់​យើង ដែល​យើង​អាច​ចូល​អធិស្ឋាន ហើយ​ទូល​ថ្វាយ​អំពី​ទុក្ខ​កង្វល់​គ្រប់យ៉ាង​ក្នុងចិត្ត​យើង​ដល់​ព្រះអង្គ។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​របស់​យើង តាំងពី​ដើម​រៀងមក ក៏ដូចជា​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត។—JOHN BLASÉ

តើ​ឃ្លា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​របស់​យើងខ្ញុំ” មានន័យ​យ៉ាងណា​ចំពោះ​អ្នក? តើ​អ្នក​ចង់​ទូល​ថ្វាយ​រឿង​អ្វី ក្នុងចិត្ត​អ្នក ដល់​ព្រះអង្គ​នៅពេល​នេះ?

ឱព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើជា​កន្លែង​ស្នាក់អាស្រ័យ​ដ៏​សុខសាន្ត​សម្រាប់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២២-២៤ និង កិច្ចការ ១១

ល្ងាច

Devotional illustration

វដ្ដនៃការអត់ឱនទោស

ដោយJohn Piper

July 2, 2023

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤ តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន? ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។ ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។ វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។ ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ បើ​យើង​នៅតែ​បន្ត​មានវិញ្ញាណ​មិន​អត់ទោស។ (សូម​យើង​នឹក​ចាំ អំពី​រឿង​ប្រៀបប្រដូច អំពី​អ្នកបម្រើ​ដែល​មិន​អត់ទោស ក្នុង​បទ​គម្ពីរ ម៉ាថាយ ១៨:២៣-៣៥។ គាត់​បាន​បដិសេធន៍​មិនព្រម​អត់ទោស​ឲ្យ​អ្នកបម្រើ​ម្នាក់ទៀត ដែល​ជំពាក់​លុយ​គាត់១០ដុល្លា ទោះ​ស្តេច​បាន​លុប​បំណុល​ដែល​គាត់​ជំពាក់​ទ្រង់ ១០លាន​ដុល្លា​ហើយក៏​ដោយ។ គាត់​បាន​ប្រព្រឹត្ត​ដោយ​វិញ្ញាណ​មិន​អត់ទោស ដែល​សេចក្តី​មេត្តា​របស់​ស្តេច មិនបាន​ធ្វើឲ្យ​គាត់​ប្រែចិត្ត)។ ព្រះយេស៊ូវ​បានការ​ពារ​យើង ឲ្យ​រួចផុត​ពី​ភាព​ល្ងង់ខ្លៅ​នេះ ដោយ​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ហេតុនេះ​ហើយ ព្រះយេស៊ូវ​មា​ន​បន្ទូល​ថា យើង​ទូល​សូម​ការ​អត់ទោស​បាប ព្រោះ​យើង​កំពុង​អត់ទោស​ឲ្យ​គេ។ គឺ​ដូចជា​ការអធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​បន្ត​ប្រទាន​សេចក្តី​មេត្តា ដែល​ព្រះគ្រីស្ទ​បាន​បង់ថ្លៃ​ទិញ ព្រោះ​ព្រះអង្គ​បាន​អត់ទោស​ឲ្យ​ទូលបង្គំ ដោយសារ​សេចក្តី​មេត្តា​នេះ ហើយ​ទូលបង្គំ​លះបង់​ការសងសឹក ហើយ​អស់​ទោស​ឲ្យ​អ្នកដទៃ ដូចដែល​ព្រះអង្គ​អត់ទោស​ឲ្យ​ទូលបង្គំ”។ សូម​ព្រះ​ទ្រង់​ជួយ​អ្នក​ ឲ្យ​ស្គាល់​ការ​អត់ទោស​របស់​ព្រះ​ជាថ្មី នៅ​ថ្ងៃនេះ ហើយ​សូម​ព្រះគុណ​ព្រះអង្គ​ហូរហៀរ ក្នុងចិត្ត​អ្នក ក្នុង​ការ​អត់ទោស​ឲ្យ​អ្នកដទៃ។ ហើយ​សូមឲ្យ​បទពិសោធន៍​ដ៏​ផ្អែមល្ហែម នៃ​ព្រះគុណ​ក្នុង​ជីវិត​អ្នក នាំឲ្យ​អ្នក​កាន់តែ​មានទំនុក​ចិត្ត​ថា ពេលណា​អ្នក​ចូល​ទៅ​រក​ព្រះ ដើម្បី​ពិសោធន៍​នឹង​ការ​អត់ទោស​ជាថ្មី ដែល​ព្រះ​ទ្រង់​បាន​ទិញ ដោយ​ព្រះ​លោហិត​ព្រះអង្គ អ្នក​នឹង​បានដឹង​ថា ព្រះអង្គ​បាន​ចាត់ទុក​អ្នកជា​កូន ដែល​បាន​ទទួលការ​អត់ទោស និង​បាន​អត់ទោស​ឲ្យ​គេ។

ប្រភេទ