ព្រឹក

ទីពឹងជ្រករបស់យើងរាល់គ្នា
ដោយJohn Blase
July 1, 2023
ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាលពីមុន ក្នុងតំបន់អាមេរិកខាងជើង សត្វក្របីព្រៃធ្លាប់តែរស់នៅ និងផ្លាស់ទីទៅមក ក្នុងតំបន់វាលទំនាបមួយ ដោយជនជាតិដើមអាមេរិកបានមកប្រម៉ាញ់សត្វក្របីព្រៃទាំងនោះ រហូតដល់ពេលដែលជនជាតិស្បែកសបានមកតាំងទីលំនៅ ដោយនាំហ្វូងសត្វស្រុកចូលមកចិញ្ចឹម ហើយបានធ្វើការដាំដុះ។ ក្រោយមក គេក៏បានប្រើដីនៅទីនោះ ជាកន្លែងផលិតសារធាតុគីមី បន្ទាប់ពីកំពង់ផែភើល ហាប័រ បានទទួលរងការវាយប្រហារ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ ហើយក្រោយមកទៀត គេថែមទាំងប្រើវាជាកន្លែងបង្កើតអាវុធ ក្នុងសម័យសង្រ្គាមត្រជាក់។ តែថ្ងៃមួយ គេក៏បានរកឃើញសំបុករបស់សត្វឥន្រ្ទីពូជក្បាលទំពែក នៅទីនោះ ហើយមិនយូរប៉ុន្មាន គេក៏បានបង្កើតឧទ្យានជាតិជម្រកសត្វព្រៃ នៅតំបន់នោះ មានក្រឡផ្ទៃ៦ពាន់ហិចតា ដែលរាប់បញ្ចូលទាំងវាលទំនាប តំបន់លិចទឹក និងតំបន់ព្រៃ នៅជាយក្រុង នៃទីក្រុងដេនវើ រដ្ឋខូឡូរ៉ាដូ។ ឧទ្យានជាតិនេះស្ថិតក្នុងចំណោម តំបន់ការពារសត្វព្រៃនៅជាប់ទីប្រជុំជន ដែលធំជាងគេ នៅអាមេរិក ជាកន្លែងការពារដ៏សុខសាន្តសម្រាប់សត្វព្រៃ ជាង៣ពាន់ពូជសត្វ ដែលរាប់ចាប់តាំងពីសត្វសំពោចជើងខ្មៅ ដល់សត្វទីទុយ ដែលមានរូងក្នុងដី សត្វឥន្រ្ទីក្បាលទំពែក និងសត្វក្របីព្រៃដែលត្រាច់ចរទៅមក។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានប្រាប់យើងថា “ព្រះទ្រង់ជាទីពឹងជ្រកសម្រាប់យើងខ្ញុំ”(៦២:៨)។ ព្រះអង្គជាទីពឹងជ្រក ដែលធំជាងកន្លែងជ្រកកោនណាទាំងអស់នៅលើផែនដី។ ព្រះអង្គជាទីពឹងជ្រកពិតប្រាកដ មានសុវត្ថិភាព និងការការពារ ដែលក្នុងព្រះអង្គ “ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង”(កិច្ចការ ១៧:២៨)។ ហើយព្រះអង្គជាទីពឹងជ្រករបស់យើង ដែលយើងអាចចូលអធិស្ឋាន ហើយទូលថ្វាយអំពីទុក្ខកង្វល់គ្រប់យ៉ាងក្នុងចិត្តយើងដល់ព្រះអង្គ។ ព្រះអង្គជាទីពឹងជ្រករបស់យើង តាំងពីដើមរៀងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត។—JOHN BLASÉ
តើឃ្លា “ព្រះទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ” មានន័យយ៉ាងណាចំពោះអ្នក? តើអ្នកចង់ទូលថ្វាយរឿងអ្វី ក្នុងចិត្តអ្នក ដល់ព្រះអង្គនៅពេលនេះ?
ឱព្រះដ៏មានព្រះជន្មរស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាកន្លែងស្នាក់អាស្រ័យដ៏សុខសាន្តសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២២-២៤ និង កិច្ចការ ១១
ប្រភេទ
ល្ងាច

វដ្ដនៃការអត់ឱនទោស
ដោយJohn Piper
July 1, 2023
សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ។ លូកា ១១:៤ តើនរណាអត់ទោសឲ្យនរណាមុន? ព្រះយេស៊ូវមានបន្ទូលថា “សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏មានប្រសាសន៍ផងដែរថា “ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ” (កូល៉ុស ៣:១៣)។ ពេលដែលព្រះយេស៊ូវបង្រៀនយើង ឲ្យអធិស្ឋានសូមព្រះទ្រង់អត់ទោសឲ្យយើង “ដ្បិតយើងខ្ញុំក៏អត់ទោស” ឲ្យគេ គឺព្រះអង្គមិនមែនកំពុងមានបន្ទូលថា យើងជាអ្នកអត់ទោសមុននោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់អត់ទោសឲ្យយើង ពេលយើងទទួលជឿព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើងអត់ទោសឲ្យអ្នកដទៃ បន្ទាប់ពីបានទទួលការអត់ទោស ជាបទពិសោធន៍ដែលប្រេះបែក ប្រែជាពេញដោយអំណរ ការដឹងគុណ និងមានសង្ឃឹម។ វិញ្ញាណនៃការអត់ទោសនេះជាសញ្ញាបង្ហាញថា យើងបានទទួលការអត់ទោសបាប ដែលសង្គ្រោះយើងឲ្យរួចពីបាបហើយ។ បានសេចក្តីថា ការអត់ទោសឲ្យអ្នកដទៃបង្ហាញថា យើងមានជំនឿ យើងមានការរួបរួមជាមួយព្រះគ្រីស្ទ យើងមានព្រះវិញ្ញាណពេញដោយព្រះគុណ និងបន្ទាបព្រះកាយ គង់នៅក្នុងយើង។ ប៉ុន្តែ យើងនៅតែប្រព្រឹត្តអំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើងនៅតែត្រូវងាកទៅរកព្រះ ដើម្បីឲ្យព្រះគ្រីស្ទធ្វើព្រះរាជកិច្ចសម្រាប់យើងជាថ្មី គឺព្រះរាជកិច្ចនៃការអត់ទោសបាប។ យើងមិនអាចងាកទៅរកព្រះ ដោយទំនុកចិត្តបានឡើយ បើយើងនៅតែបន្តមានវិញ្ញាណមិនអត់ទោស។ (សូមយើងនឹកចាំ អំពីរឿងប្រៀបប្រដូច អំពីអ្នកបម្រើដែលមិនអត់ទោស ក្នុងបទគម្ពីរ ម៉ាថាយ ១៨:២៣-៣៥។ គាត់បានបដិសេធន៍មិនព្រមអត់ទោសឲ្យអ្នកបម្រើម្នាក់ទៀត ដែលជំពាក់លុយគាត់១០ដុល្លា ទោះស្តេចបានលុបបំណុលដែលគាត់ជំពាក់ទ្រង់ ១០លានដុល្លាហើយក៏ដោយ។ គាត់បានប្រព្រឹត្តដោយវិញ្ញាណមិនអត់ទោស ដែលសេចក្តីមេត្តារបស់ស្តេច មិនបានធ្វើឲ្យគាត់ប្រែចិត្ត)។ ព្រះយេស៊ូវបានការពារយើង ឲ្យរួចផុតពីភាពល្ងង់ខ្លៅនេះ ដោយបង្រៀនយើងឲ្យអធិស្ឋានថា “សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ”(លូកា ១១:៤)។ ហេតុនេះហើយ ព្រះយេស៊ូវមានបន្ទូលថា យើងទូលសូមការអត់ទោសបាប ព្រោះយើងកំពុងអត់ទោសឲ្យគេ។ គឺដូចជាការអធិស្ឋានថា “ឱព្រះវរបិតា សូមព្រះអង្គបន្តប្រទានសេចក្តីមេត្តា ដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ ព្រោះព្រះអង្គបានអត់ទោសឲ្យទូលបង្គំ ដោយសារសេចក្តីមេត្តានេះ ហើយទូលបង្គំលះបង់ការសងសឹក ហើយអស់ទោសឲ្យអ្នកដទៃ ដូចដែលព្រះអង្គអត់ទោសឲ្យទូលបង្គំ”។ សូមព្រះទ្រង់ជួយអ្នក ឲ្យស្គាល់ការអត់ទោសរបស់ព្រះជាថ្មី នៅថ្ងៃនេះ ហើយសូមព្រះគុណព្រះអង្គហូរហៀរ ក្នុងចិត្តអ្នក ក្នុងការអត់ទោសឲ្យអ្នកដទៃ។ ហើយសូមឲ្យបទពិសោធន៍ដ៏ផ្អែមល្ហែម នៃព្រះគុណក្នុងជីវិតអ្នក នាំឲ្យអ្នកកាន់តែមានទំនុកចិត្តថា ពេលណាអ្នកចូលទៅរកព្រះ ដើម្បីពិសោធន៍នឹងការអត់ទោសជាថ្មី ដែលព្រះទ្រង់បានទិញ ដោយព្រះលោហិតព្រះអង្គ អ្នកនឹងបានដឹងថា ព្រះអង្គបានចាត់ទុកអ្នកជាកូន ដែលបានទទួលការអត់ទោស និងបានអត់ទោសឲ្យគេ។