ព្រឹក

រង់ចាំព្រះអង្គ
ដោយUltimately with R.C. Sproul
July 4, 2023
ការជឿថា ព្រះមានមែន និងការដែលយើងពិតជាជឿព្រះមែន គឺមានភាពខុសប្លែកគ្នាខ្លាំងណាស់។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីសេចក្តីជំនឿពិតប្រាកដ ដែលរាប់បញ្ចូលការជឿព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានបង្ហាញក្នុងពិភពលោករបស់ទ្រង់។ អត្ថបទ តើអ្នកធ្លាប់សង្កេតឃើញថា ការរង់ចាំព្រះមានការពិបាកឬទេ? តើការរស់នៅ ផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ មានការលំបាកឬទេ? អ្នកប្រហែលជាបានឮគេនិយាយអំពីបញ្ហានេះឡើងស៊ាំហើយ តែការជឿថាព្រះពិតជាមានមែន និងការជឿព្រះ មិនដូចគ្នាទេ។ ជំនឿពិតប្រាកដរបស់គ្រីស្ទបរិស័ទ មិនមែនគ្រាន់តែជឿថា ព្រះពិតជាមានមែននោះទេ តែក៏ជាការជឿព្រះ ដោយរស់នៅក្នុងជីវិត ផ្អែកទៅលើការទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គផងដែរ។ ពេលណាទុក្ខលំបាកកើតមានក្នុងជីវិតយើង យើងក៏បានខំស្វែងរកសុភមង្គល និងការស្កប់ចិត្ត ដោយមិនបានទុកចិត្តលើផ្លូវរបស់ព្រះ។ យើងមិនបានរង់ចាំសុភមង្គល និងក្តីអំណរពេញលេញ ដែលព្រះអង្គបានសន្យាប្រទានដល់អ្នកទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គទេ ហើយយើងនិយាយថា “ខ្ញុំមើលព្រះមិនឃើញទេ តើទ្រង់នៅទីណា? ខ្ញុំនឹងស្វែងរកសុភមង្គល និងការស្កប់ចិត្ត តាមផ្លូវរបស់ខ្ញុំ។ ខ្ញុំចង់បានសុភមង្គល ក្នុងពេលឥឡូវនេះ ខ្ញុំមិនអាចរង់ចាំបានទេ”។ តែព្រះបន្ទូលព្រះក៏បានប្រាប់យើងថា “ចូរបន្តរង់ចាំ ទោះយូរយ៉ាងណាក៏ដោយ”។ បុរស និងស្រ្តីនៃសេចក្តីជំនឿរង់ចាំ ដោយជំនឿ និងចិត្តអត់ធ្មត់យ៉ាងដូចនេះឯង។
ប្រភេទ
ល្ងាច

ព្រះដែលមិនចេះប្រែប្រួល
ដោយKenneth Petersen
July 4, 2023
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។ យ៉ាកុប ១:១២ ពេលគេមើលរូបថតដ៏ល្បីល្បាញមួយសន្លឹក គេអាចឃើញរូបស្នាមស្បែកជើង នៅលើដីពណ៌ប្រផេះ។ ស្នាមស្បែកជើងនោះ គឺដានជើងដែលអវកាសយានិក ប៊ូស អាល់ឌីន(Buzz Aldrin) បានបន្សល់ទុក នៅលើស្ថានព្រះចន្ទ កាលពីឆ្នាំ១៩៦៩។ អ្នកវិទ្យាសាស្ត្របានមានប្រសាសន៍ថា ស្នាមស្បែកជើងនោះ នៅមាននៅលើស្ថានព្រះចន្ទដដែល ដោយគ្មានការប្រែប្រួល ចាប់តាំងពីឆ្នាំនោះមក។ ដោយសារនៅស្ថានព្រះចន្ទគ្មានខ្យល់បក់ ឬទឹក នោះគ្មានការសឹករីករិលកើតឡើងនៅទីនោះទេ ដូចនេះ ការអ្វីក៏ដោយដែលគេបានបន្សល់ទុកនៅលើផ្ទៃខាងលើនៃស្ថានព្រះចន្ទ គឺនៅមានវត្តមាននៅទីនោះដដែល។ នេះជារឿងអស្ចារ្យណាស់ តែយើងនឹងមានចិត្តស្ងើចកាន់តែខ្លាំង ពេលដែលយើងបានជញ្ជឹងគិត អំពីព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះដែលបានបង្កើតស្ថានព្រះចន្ទ និងរបស់សព្វសារពើមក។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ”(យ៉ាកុប ១:១៧)។ សាវ័កយ៉ាកុបបានបង្រៀន ក្នុងបរិបទនៃទុក្ខលំបាករបស់យើង យ៉ាងដូចនេះថា “កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ”(ខ.២)។ តើហេតុអ្វី? ព្រោះព្រះដ៏ធំប្រសើរ ដែលមិនចេះប្រែប្រួល ស្រឡាញ់យើង។ ក្នុងពេលដែលយើងមានទុក្ខលំបាក យើងចាំបាច់ត្រូវនឹកចាំអំពីការផ្គត់ផ្គង់ដ៏ជាប់លាប់របស់ព្រះអង្គ។ យើងក៏អាចនឹកចាំអំពីបទចម្រៀងទំនុកសកល មានចំណងជើងថា “ទ្រង់ស្មោះត្រង់យ៉ាងក្រៃលែង” ដែលមានទំនុកច្រៀងដូចនេះថា : “ទ្រង់ស្មោះត្រង់យ៉ាងក្រៃលែង / ឱព្រះវរបិតា ឥតមានស្រមោលនៃសេចក្តីផ្លាស់ប្រែផង/ ទ្រង់មិនប្រែប្រួល ទ្រង់តែងតែអាណិតមេត្តា… / ទ្រង់នៅដូចដែលទាំងពីអស់កាលកន្លង..”។ ជាការពិតណាស់ ព្រះនៃយើងបានទុកដានរបស់ព្រះអង្គ នៅលើផែនដីនេះជាអចិន្ត្រៃយ៍។ ព្រះអង្គនឹងតែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះអង្គស្មោះត្រង់ក្រៃលែង។—KENNETH PETERSEN
តើមានទុក្ខលំបាកអ្វី ដែលអ្នកកំពុងជួបប្រទះនៅថ្ងៃនេះ? តើការដឹងថា ព្រះទ្រង់មានព្រះវត្តមានដែលមិនចេះប្រែប្រួល
បានជួយអ្នកយ៉ាងណាខ្លះ ក្នុងទុក្ខលំបាករបស់អ្នក?
ឱព្រះអម្ចាស់ ពេលណាទូលបង្គំមានការបាក់ទឹកចិត្ត ដោយសារទុក្ខលំបាកក្នុងពេលថ្មីៗនេះ ទូលបង្គំមានការព្រួយបារម្ភអំពីពេលអនាគត តែទូលបង្គំដឹងថា ព្រះអង្គគង់នៅជាមួយ ហើយផ្គត់ផ្គង់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យបានសម្រាក ដោយការទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥