សេចក្តីសង្ឃឹម នៅក្នុងផលវិបាក

ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ​ផង។ រ៉ូម ៥:៨

តើ​អ្នក​ធ្លាប់​បាន​ធ្វើអ្វី​មួយ ទាំង​កំហឹង ហើយ​ក្រោយមក អ្នក​ក៏​មានការ​ស្តាយក្រោយ​ដែរ​ឬទេ? កាល​កូនប្រុស​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្តី​ធ្ងន់​ៗ​ខ្លះ ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ដែល​គាត់​សម្រេច​ចិត្ត​សេព​គ្រឿន​ញៀន។ ការ​បញ្ចេញ​កំហឹង​របស់ខ្ញុំ គ្រាន់តែ​បាន​ធ្វើឲ្យ​គាត់​មានការ​បាក់ទឹកចិត្ត​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ។ ប៉ុន្តែ ទីបំផុត គាត់​ក៏បាន​ជួប​អ្នកជឿ​ព្រះ​ដែល​បាន​ចែកចាយ អំពី​ជីវិត និង​ក្តី​សង្ឃឹម​ដល់​គាត់ ហើយ​ក្រោយមក គាត់​ក៏បាន​រួចផុត​ពី​ការ​ញៀន​ថ្នាំ។

សូម្បីតែ​អ្នក​ដែល​ជា​គំរូ​នៃ​សេចក្តី​ជំនឿ ដូច​លោក​ម៉ូសេ ក៏បាន​ធ្វើ​នូវ​រឿង​ដែល​នាំឲ្យ​គាត់​មានការ​ស្តាយក្រោយ​ផង​ដែរ។ កាល​ប្រជាជន​អ៊ីស្រាអែល​នៅ​វាល​រហោស្ថាន ពួក​គេ​ខ្វះ​ទឹកផឹក ហើយក៏​បាន​រអ៊ូរទាំ​យ៉ាង​ខ្លាំង។ ដូចនេះ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​សេចក្តី​បង្គាប់​ដ៏​ជាក់លាក់ ដល់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​បង្គាប់​ដល់​ថ្មដា​នៅមុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក(ជនគណនា ២០:៨)។ ប៉ុន្តែ លោក​ម៉ូសេ​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ពួក​អ៊ីស្រាអែល ទាំង​កំហឹង ដោយ​ស្រែក​ដាក់​ពួក​គេ​ថា “ចូរ​ស្តាប់​ចុះ ពួក​បះបោរ​អើយ តើ​ត្រូវឲ្យ​យើង​ធ្វើឲ្យទឹក​ចេញពី​ថ្មដា​នេះ សំរាប់​អ្នករាល់គ្នា​ឬអី?”(ខ.១០)។ រួច​ម៉ូសេ​លើកដៃ​ឡើង​វាយ​ថ្ម​នោះ នឹង​ដំបង​អស់២ដង ខុស​នឹង​ការ​បង្គាប់​របស់​ព្រះអង្គ (ខ.១១)។

ទោះ​ទឹកបាន​ហូរចេញ​ពី​ថ្ម​មែន ពួក​គេ​បាន​ទទួលផល​វិបាក​ដ៏​សោកសៅ​នៅពេល​ក្រោយ។ ព្រះ​ទ្រង់​មិនបាន​អនុញ្ញាត​ឲ្យ​លោក​ម៉ូសេ និង​អើរ៉ុន​ចូល​ទឹកដី​ដែល​ព្រះអង្គ​បាន​សន្យា​​ប្រទាន​ឲ្យ​រាស្រ្ត​ព្រះអង្គ​ឡើយ។ តែ​ព្រះអង្គ​នៅតែ​មាន​សេចក្តី​មេត្តា ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​ឃើញ​​ទឹកដី​សន្យា​ពី​ចម្ងាយ(២៧:១២-១៣)។

ព្រះ​ទ្រង់​នៅតែ​មាន​សេចក្តី​មេត្តា​ចំពោះ​យើង ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​វាល​រហោស្ថាន​នៃ​ការ​មិន​ស្តាប់​បង្គាប់​ព្រះអង្គ គឺ​ដូចដែល​ព្រះអង្គ​មាន​សេចក្តី​មេត្តា​ចំពោះ​លោក​ម៉ូសេ​ផង​ដែរ។ តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ការ​អត់ទោស​បាប និង​ក្តី​សង្ឃឹម។ ទោះ​យើង​ស្ថិតនៅ​កន្លែងណា ឬ​បាន​ធ្វើអ្វី​ក៏ដោយ បើ​យើង​ងាក​បែរ​មក​រក​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​ដឹកនាំ​យើង​ចូល​ទៅ​រក​ជីវិត។—JAMES BANKS

តើ​មាន​សេចក្តី​សប្បុរស​អ្វីខ្លះ​ដែល​អ្នក​មិន​សមនឹង​ទទួល តែ​ព្រះ​ទ្រង់​បាន​បង្ហាញ​ដល់​អ្នក?

តើ​អ្នក​អាច​ចែកចាយ​អំពី​សេចក្តី​សប្បុរស​របស់​ព្រះអង្គ ដល់​នរណា​ម្នាក់ នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​សេចក្តី​សង្ឃឹម​ដ៏​អស់​កល្ប

ទោះ​ទូលបង្គំ​ត្រូវ​ទទួលផល​វិបាក ដោយសារ​កំហុស​របស់​ទូលបង្គំ​ក៏ដោយ ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣២-៣៣ និង កិច្ចការ ១៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles