ព្រឹក

មានសេរីភាព ក្នុងព្រះវិញ្ញាណ
ដោយMike Wittmer
July 8, 2023
គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ។ កិច្ចការ ៤:១៣ លោកអូវីល(Orville) និងលោកវីលប័រ រ៉ាយ(Wilbur Wright) គឺសុទ្ធតែគ្មានប័ណ្ណបើកបរយន្តហោះ។ ពួកគេក៏មិនដែលបានទៅរៀននៅមហាវិទ្យាល័យដែរ។ ពួកគេគ្រាន់តែជាជាងជួលជុលកង់ ដែលមានក្តីស្រមៃ និងចិត្តក្លាហានចង់សាកល្បងការហោះហើរ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ ពួកគេក៏បានបើកបរយន្តហោះដំបូងបំផុតរបស់ពិភពលោក ដែលមានឈ្មោះថា យានហោះហើររបស់បងប្អូនត្រកូលរ៉ាយ។ ពួកគេបានដាក់វេនគ្នាបើកបរយន្តហោះនោះបួនលើក ហើយរយៈពេលនៃការហោះហើរបានយូរបំផុតតែ១នាទីប៉ុណ្ណោះ តែវាបាននាំមកនូវការផ្លាស់ប្តូរក្នុងការធ្វើដំណើររបស់ពិភពលោកជារៀងរហូត។ សាវ័កពេត្រុស និងសាវ័កយ៉ូហាន ក៏គ្មានប័ណ្ណអនុញ្ញាតឲ្យធ្វើជាគ្រូអធិប្បាយដែរ ហើយក៏មិនដែលបានចូលរៀនសាលាព្រះគម្ពីរ។ ពួកគេជាអ្នកនេសាទត្រី ដែលបានពេញដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ដែលបានប្រកាសដំណឹងល្អ ដោយចិត្តក្លាហានថា “គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”(កិច្ចការ ៤:១២)។ អ្នកជិតខាងរបស់បងប្អូនត្រកូលរ៉ាយ មិនបានឲ្យតម្លៃ ចំពោះសមិទ្ធផលរបស់ពួកគេភ្លាមៗឡើយ។ សារព័ត៌មានប្រចាំតំបន់ដែលពួកគេរស់នៅ ក៏មិនជឿរឿងដែលគេបាននិយាយអំពីអ្នកទាំងពីរដែរ ហើយបាននិយាយថា បើវាជារឿងពិតមែន ក៏ការហោះហើរនោះមានរយៈពេលខ្លីពេក មិនមែនជារឿងសំខាន់ឡើយ។ បន្ទាប់ពីពួកគេបានធ្វើការហោះហើរ និងកែលម្អយន្តហោះរបស់ពួកគេ ប៉ុន្មានឆ្នាំក្រោយមក ទើបសាធារណៈជនបានទទួលស្គាល់សមិទ្ធផលដែលពួកគេពិតជាសម្រេចបាន។ អ្នកដឹកនាំសាសនា មិនចូលចិត្តសាវ័កពេត្រុស និងសាវ័កយ៉ូហានទេ ហើយក៏បានបញ្ជាពួកគេឲ្យឈប់និយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ សាវ័កពេត្រុសក៏បានឆ្លើយថា “ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ”(ខ.២០)។ អ្នកប្រហែលមិនមានឈ្មោះ ក្នុងបញ្ជីអ្នកដែលមានប័ណ្ណអនុញ្ញាតឲ្យធ្វើកិច្ចការអ្វីមួយ។ ហើយអ្នកដែលមានប័ណ្ណអនុញ្ញាតនោះប្រហែលជាប្រមាថមើលងាយអ្នកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បើអ្នកមានព្រះវិញ្ញាណនៃព្រះយេស៊ូវ អ្នកមានសេរីភាព ក្នុងការរស់នៅ និងធ្វើការដោយចិត្តក្លាហានថ្វាយព្រះអង្គ!—MIKE WITTMER
តើមានកិច្ចការ ឬនរណាខ្លះ ដែលបានបណ្តាលឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនមានសមត្ថភាពគ្រប់គ្រាន់? តើអ្នកអាចពឹងផ្អែកទៅលើព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងចិត្តអ្នក ដូចម្តេចខ្លះ ដើម្បីប្រឈមមុខដាក់បញ្ហានោះ នៅថ្ងៃនេះ?
ឱព្រះយេស៊ូវ ទូលបង្គំជាអ្នកបម្រើព្រះអង្គ។ សូមព្រះអង្គប្រើទូលបង្គំ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យ។
For further study, read Guided by the Spirit at DiscoverySeries.org/Q0320.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៦-៣៧ និង កិច្ចការ ១៥:២២-៤១
ប្រភេទ
ល្ងាច

ជំនឿដែលនាំឲ្យបានសង្គ្រោះ មានសេចក្តីប្រាថ្នាមិនងាយឈប់
ដោយJohn Piper
July 8, 2023
បើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ។ ហេព្រើរ ១១:១៥-១៦ សេចក្តីជំនឿមើលឃើញពេលអនាគតដែលព្រះបានសន្យាថា នឹងប្រទានឲ្យ ហើយក៏ “ប្រាថ្នាចង់បាន” ពេលអនាគតនោះ។ “គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ”។ សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីរឿងនេះ។ មានមនុស្សជាច្រើនបានបន្ទាបតម្លៃរបស់ជំនឿ ដែលនាំឲ្យបានសង្គ្រោះ ដោយចាត់ទុកជំនឿ គ្រាន់តែជាការសម្រេចចិត្តទទួលជឿព្រះ ដោយគ្មានការកែប្រែបំណងប្រាថ្នា និងការស្វែងរក។ បទគម្ពីរនេះដែលមានក្នុងជំពូកនៃសេចក្តីជំនឿដ៏អស្ចារ្យ ក្នុងព្រះគម្ពីរ គឺបទគម្ពីរហេព្រើរ ជំពូក១១ កំពុងតែប្រាប់យើងថា ការរស់នៅ និងការស្លាប់ដោយជំនឿ គឺមានន័យថា យើងមានសេចក្តីប្រាថ្នាថ្មី និងស្វែងរកការស្កប់ចិត្តថ្មី។ ខ.១៤បានចែងថា ពួកបរិសុទ្ធពីសម័យដើម (ដែលបទគម្ពីរហេព្រើរ ជំពូក១១ បានសរសើរ) បានស្វែងរកស្រុក១ ដែលលោកិយនេះមិនអាចផ្តល់ឲ្យបាន។ ហើយខ.១៦ បានចែងថា ពួកគេក៏ប្រាថ្នាចង់បានការអ្វី ដែលល្អជាងអ្វីៗដែលលោកិយអាចផ្តល់ឲ្យបាន។ “គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ”។ ពួកគេបានជាប់ចិត្តនឹងព្រះយ៉ាងខ្លាំង បានជាការអ្វីដែលមិននៅខាងព្រះ មិនអាចធ្វើឲ្យពួកគេស្កប់ចិត្តឡើយ។ ដូចនេះ ជំនឿដែលពិតជានាំឲ្យបានសង្គ្រោះនោះ គឺជា ៖ ការមើលឃើញពីចម្ងាយ នូវអ្វីដែលព្រះបានសន្យា និងការពិសោធន៍នូវការផ្លាស់ប្តូរនៃតម្លៃ ជាហេតុនាំឲ្យអ្នកមានសេចក្តីប្រាថ្នា និងស្វែងរក និងទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះ លើសអ្វីៗទាំងអស់ដែលលោកិយអាចផ្តល់ឲ្យ។