តែអ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ នោះតែងមកឯពន្លឺ។ យ៉ូហាន ៣:២១
លោកអ័កាស(Aakash បានធ្លាក់ចូលទៅក្នុងជំងឺធ្លាក់ទឹកចិត្តដ៏ខ្មៅងងឹត ដោយគ្មានអ្វីអាចជួយគាត់បាន។ គាត់មានរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយគេក៏បាននំាគាត់ទៅព្យាបាល នៅមន្ទីរពេទ្យរបស់បេសកជនមួយ នៅតំបន់អាស៊ីនិរតី។ គ្រូពេទ្យបានធ្វើការវះកាត់ឲ្យគាត់៨លើក ដើម្បីព្យាបាលឆ្អឹងដែលបានបាក់ តែគាត់មិនអាចបរិភោគអាហារបានទេ។ ជំងឺធ្លាក់ទឹកចិត្តក៏បានជ្រៀតចូលក្នុងជីវិតគាត់។ ក្រុមគ្រួសារគាត់បានពឹងផ្អែកលើកការផ្គត់ផ្គង់របស់គាត់ តែគាត់មិនអាចធ្វើការងារបានដូចមុន ដូចនេះ ជីវិតគាត់បានប្រែជាមានភាពងងឹតកាន់តែខ្លាំង។
ថ្ងៃមួយ មានភ្ញៀវម្នាក់បានមកសួរសុខទុក្ខគាត់ ហើយបាបអានខគម្ពីរក្នុងកណ្ឌយ៉ូហាន ឲ្យគាត់ស្តាប់ រួចអធិស្ឋានឲ្យគាត់។ គាត់ក៏បានទទួលការប៉ះពាល់ចិត្តចំពោះការប្រទានការអត់ទោសបាប និងសេចក្តីសង្គ្រោះ ដោយឥតគិតថ្លៃ តាមរយៈព្រះយេស៊ូវ ហើយក៏បានទទួលជឿព្រះអង្គ។ មិនយូរប៉ុន្មាន ជំងឺធ្លាក់ទឹកចិត្តក៏បានចាកចេញពីជីវិតគាត់។ ពេលគាត់ត្រឡប់មកផ្ទះវិញ ពីដំបូង គាត់ខ្លាចមិនហ៊ានប្រាប់ក្រុមគ្រួសារអំពីជំនឿរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត គាត់ក៏បាននិយាយប្រាប់ពួកគេ អំពីព្រះយេស៊ូវ ហើយពួកគេទាំង៦នាក់ ក៏បានទទួលជឿព្រះអង្គផងដែរ។
កណ្ឌគម្ពីរដំណឹងល្អតាមសាវ័កយ៉ូហាន គឺជាពន្លឺក្នុងលោកិយដ៏ងងឹត។ ក្នុងកណ្ឌគម្ពីរនេះ មានសេចក្តីចែងថា “អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(៣:១៦)។ ក្នុងកណ្ឌគម្ពីរយ៉ូហាន ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច”(៥:២៤)។ ហើយព្រះអង្គក៏មានបន្ទូលថា “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ”(៦:៣៥)។ ជាការពិតណាស់ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ នោះតែងមកឯពន្លឺ(៣:២១)។
បញ្ហាដែលយើងជួបប្រទះអាចជារឿងធំ តែព្រះយេស៊ូវធំជាងបញ្ហារបស់យើង។ ព្រះអង្គបានយាងមក ដើម្បីប្រទានយើង នូវ “ជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរ”(១០:១០)។ ចូរយើងទទួលជឿព្រះយេស៊ូវ ដូចលោកអ័កាសផងដែរ ដ្បិតព្រះអង្គជាក្តីសង្ឃឹមសម្រាប់លោកិយ និងពន្លឺសម្រាប់មនុស្សជាតិទាំងអស់។—DAVE BRANON
តើបញ្ហារបស់លោកិយបានគំរាមកំហែងដូចម្តេចខ្លះ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិបាកពេក?
តើព្រះបន្ទូល និងព្រះវត្តមានរបស់ព្រះយេស៊ូវបានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានក្តីសង្ឃឹម ក្នុងព្រះរាជបុត្រាព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៤១-៤២ និង កិច្ចការ ១៦:២២-៤០