សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ។ ទំនុកដំកើង ៥១:៧
មានពេលមួយឡានរបស់ខ្ញុំប្រឡាក់ដីខ្លាំង បានជាខ្ញុំអាចយកម្រាមដៃសរសេរពីលើវាថា “សូមលាងខ្ញុំ!” ដូចនេះ ខ្ញុំក៏បានទៅកន្លែងលាងឡាន ហើយម្ចាស់ឡានជាច្រើនក៏បានយកឡានទៅលាងផងដែរ បន្ទាប់ពីឡានរបស់យើងម្នាក់ៗបានប្រឡាក់ ដោយសារថ្នល់ដែលគេបានបាចអំបិលពីលើ ក្នុងអំឡុងពេលព្រឹលធ្លាក់។ ឡានជាច្រើនគ្រឿងបានតម្រង់ជួរបន្តកន្ទុយគ្នា ប្រៀបដូចជាខ្សែដ៏វែងមួយ ខណៈពេលដែលសេវាកម្មលាងឡានកំពុងមានដំណើរយឺតៗ។ តែវាសក្តិសមនឹងឲ្យខ្ញុំរង់ចាំ។ ខ្ញុំបានចាកចេញពីកន្លែងលាងឡាននោះ ដោយឡានដែលបានលាងស្អាត ហើយកន្លែងលាងឡានក៏មិនបានគិតថ្លៃលាងឡានដែរ ជាការប៉ះប៉ូវសម្រាប់ភាពយឺតយ៉ាវ ក្នុងការផ្តល់សេវាកម្ម។
រឿងនេះបានធ្វើខ្ញុំនឹកចាំ អំពីការលាងជម្រះមួយទៀត ដែលកើតចេញពីការលះបង់ ដូចដែលមានចែង ក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះទ្រង់បានប្រទានការអត់ទោស ឲ្យអំពើបាបយើង តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ក្នុងចំណោមយើង តើមាននរណាខ្លះ ដែលមិនមានអារម្មណ៍ថា ចង់លាងជម្រះខ្លួន ពេលដែលធូលីដី និងស្នាមប្រឡាក់នៃជីវិតបានតោងជាប់ខ្លួនយើង? ពេលណាយើងប្រឡាក់ ដោយសារគំនិត ឬទង្វើរអាត្មានិយម ដែលបង្កការឈឺចាប់មកលើខ្លួនយើង ឬអ្នកដទៃ ហើយបានធ្វើឲ្យយើងទាស់ប្រឆាំងនឹងព្រះ? បទគម្ពីរទំនុកដំកើង ជំពូក៥១ គឺជាទំនួញរបស់ស្តេចដាវីឌ ដែលទ្រង់បាននិពន្ធ បន្ទាប់ពីទ្រង់បានចាញ់ការល្បួងយ៉ាងធ្ងន់ធ្ងរ។ ពេលដែលគ្រូខាងវិញ្ញាណរបស់ទ្រង់មកកែតម្រង់ទ្រង់ ដោយសារអំពើបាបដែលទ្រង់ប្រព្រឹត្ត(មើល២សាំយ៉ូអែល ១២) ទ្រង់ក៏បានអធិស្ឋាន សូមការលាងជម្រះយ៉ាងដូចនេះថា “សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ”(ខ.៧)។ តើអ្នកមានអារម្មណ៍ថា ខ្លួនឯងមានកំហុស ឬមានស្នាមប្រឡាក់ទេ? ចូរចូលទៅរកព្រះយេស៊ូវ យើងចងចាំព្រះបន្ទូលដែលបានចែងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។—ARTHUR JACKSON
តើការស្រែករកព្រះ សូមការលាងជម្រះ មានអត្ថន័យយ៉ាងណាចំពោះអ្នក? តើមានអ្វីរារាំងអ្នកមិនឲ្យសូមការអត់ទោសបាប និងការលាងសម្អាត តាមរយៈព្រះយេស៊ូវ នៅពេលឥឡូវនេះ?
ឱព្រះនៃស្ថានសួគ៌ ព្រះអង្គទតឃើញស្នាមប្រឡាក់នីមួយៗ ក្នុងជីវិតទូលបង្គំ ដែលត្រូវការការលាងជម្រះ។ សូមព្រះអង្គលាងជម្រះទូលបង្គំ អត់ទោសបាប ហើយជួយទូលបង្គំឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤-៦ និង កិច្ចការ ១៧:១៦-៣៤