នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ

បានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ

ដោយLisa Samra

July 15, 2023

ក្នុង​គ្រប់​ទាំងអស់ ទោះ​បើ​ការអ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ ដោយ​ពាក្យសំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ សៀវភៅ​លំនាំ​ការអធិស្ឋាន មាន​ចំណងជើង​ថា សេចក្តី​បរិសុទ្ធ​គ្រប់ពេលវេលា មាន​គំរូ​នៃ​ការអធិស្ឋាន អំពី​សកម្ម​ភាព​ផ្សេងៗ ដែល​រាប់បញ្ចូល​ទាំង​ការ​អធិស្ឋាន​សាមញ្ញៗ ដែល​មាន​ដូចជា​ការរៀបចំ​ម្ហូបអាហារ ឬ​ការ​បោកគក់​ខោអាវ​ជាដើម ដែល​សុទ្ធតែ​ជា​កិច្ចការ​ដ៏​ចាំបាច់ ដែល​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា ច្រំដែល ឬ​គ្មាន​អ្វី​ប្លែក។ សៀវភៅ​នេះ​បាន​រំឭក​ខ្ញុំ អំពី​ពាក្យពេចន៍​របស់​លោក ជី ឃេ ឆេ​ស្ទ័​រតុន(G. K. Chesterton) ដែល​បាន​សរសេរ​ថា “ជាទូទៅ គេ​តែងតែ​អធិស្ឋាន​មុន​ពេល​ញាំ​អាហារ។ វា​ជាការល្អ​ហើយ។ តែ​ខ្ញុំ​អធិស្ឋាន​សូម​ព្រះពរ មុន​ពេល​ខ្ញុំ គូរគំនូរ ហែលទឹក ហាត់​គុណដាវ ហាត់​ប្រដាល់ ដើរ លេង រាំ ហើយ​អធិស្ឋាន មុន​ពេល​ខ្ញុំ​ចាប់កាន់​ប៊ិក​សរសេរ​ផង​ដែរ”។ ការ​លើកទឹកចិត្ត​របស់​គាត់ បាន​ជួយ​ឲ្យ​ខ្ញុំ​គិត​ឡើងវិញ អំពី​សកម្មភាព​ដែល​ខ្ញុំ​ធ្វើជា​រៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំ​មាន​ទំនោរ​ទៅ​រក​ការបែងចែក​សកម្មភាព​របស់ខ្ញុំ ទៅជា​សកម្មភាព​ដែល​មានគុណ​តម្លៃ​ខាងវិញ្ញាណ ដូច​ជា​ការ​អាន​ព្រះបន្ទូល មុន​ពេល​ញាំ​អាហារ និង​សកម្មភាព​ដទៃទៀត ដែល​ខ្ញុំ​យល់ឃើញ​ថា មានតម្លៃ​ខាងវិញ្ញាណ​តិចតួច ដែល​មាន​ដូចជា​ការ​លាងចាន ក្រោយ​ញាំ​អាហារ​ជាដើម។ សាវ័ក​ប៉ុល​បាន​លប់​ចោល​កា​របែង​ចែក​ដូចនេះ ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស ដែល​ព្រះ​ទ្រង់​បាន​ជ្រើសរើស​ឲ្យ​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ​។ គាត់​បាន​លើកទឹកចិត្ត​ពួក​គេ​យ៉ាងដូច​នេះ​ថា “ក្នុង​គ្រប់​ទាំងអស់ ទោះ​បើ​ការអ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ ដោយ​ពាក្យសំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់​យេស៊ូវ”(៣:១៧)។ ការ​ធ្វើ​អ្វីៗ ដោយនូវ​ព្រះនាម​ព្រះយេស៊ូវ​ គឺ​មានន័យថា យើង​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ នៅពេល​ដែល​យើង​ធ្វើ​កិច្ចការ​ទាំងនោះ ហើយ​មានការ​ធានា​ថា ព្រះវិញ្ញាណ​ព្រះអង្គ​ប្រទាន​កម្លាំង ឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ទាំងនោះ។ បាន​សេចក្តី​ថា កិច្ចការ​ទាំងអស់​ដែល​យើង​ធ្វើ ទោះ​តូច​ឬ​ធំ​ក្តី សុទ្ធតែ​មានគុណ​តម្លៃ​ខាងវិញ្ញាណ។ សកម្មភាព​ដ៏​សាមញ្ញ​ទាំងអស់​នៃ​ជីវិត​យើង អាច​ទទួល​កម្លាំង​ពី​ព្រះវិញ្ញាណ​ព្រះអង្គ ហើយ​ធ្វើ​តាមរបៀប​ដែល​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះយេស៊ូវ​។—LISA M. SAMRA

អ្នក​ចង់​មានការ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក អំពី​សកម្មភាព​ប្រចាំថ្ងៃ យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​ព្រះ យ៉ាងដូច​ម្តេច​ខ្លះ ក្នុង​កិច្ចការ​ដែល​ធ្វើ​ប្រចាំថ្ងៃ?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ចម្រើន​កម្លាំង​ទូល​បង្គំ ដោយ​ព្រះវិញ្ញាណ​ព្រះអង្គ ដើម្បី​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ក្នុង​កិច្ចការ​ទាំងអស់​ដែល​ទូលបង្គំ​ធ្វើ។

To learn more about how to pray effectively, visit ODBU.org​/courses​/SF120.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :

ល្ងាច

Devotional illustration

គ្រប់ជំហានទៅកាន់កាល់វ៉ារី សុទ្ធតែមានក្តីស្រឡាញ់

ដោយJohn Piper

July 15, 2023

ដោយសារ​សេចក្តី​នេះ យើង​រាល់គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង។ ១យ៉ូហាន ៣:១៦ សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​សម្រាប់​យើង ក្នុង​ការ​សុគត គឺ​មានការ​តាំង​ព្រះទ័យ ដូចដែល​ការ​រងទុក្ខ​របស់​ព្រះអង្គ​ក៏បាន​ធ្វើឡើង​ដោយចេតនា​របស់​ព្រះអង្គ​ផង​ដែរ។ បើ​ព្រះអង្គ​មាន​ចេតនា ក្នុង​ការ​លះបង់​ព្រះជន្ម នោះ​គឺ​ដើម្បី​យើង​រាល់គ្នា។ នោះ​ជា​សេចក្តី​ស្រឡាញ់។ “កាលមុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេលកំណត់ ដែល​ទ្រង់​ត្រូវ​ចេញពី​លោកីយ៍​នេះ ទៅ​ឯព្រះវរបិតា​វិញ បាន​មកដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះតែ​ស្រឡាញ់​គេ ដរាបដល់​ចុងបំផុត”(យ៉ូហាន ១៣:១)។ គ្រប់​ជំហាន ដែល​ព្រះអង្គ​យាង​ទៅ​កាល់​វ៉ា​រី គឺ​សុទ្ធតែ​បង្កប់​អត្ថន័យ “ខ្ញុំ​ស្រឡាញ់​អ្នក”។ ដូចនេះ ការពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ក្នុង​ការ​លះបង់​ព្រះជន្ម គឺ​បាន​ជួយ​យើង​ឲ្យដឹង​ថា ព្រះអង្គ​មានការ​តាំង​ព្រះទ័យ​ខ្លាំង​ប៉ុណ្ណា នៅក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ ចូរ​យើង​មើល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង បន្ទាប់ពី​អំពើ​ហិង្សា​កើតឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​ប៉ុនប៉ង​កាប់​ក្បាល​​បាវរបស់​សម្តេច​សង្ឃ ត្រូវ​ស្លឹកត្រចៀក​ដាច់។ តែ​ព្រះយេស៊ូវ​មា​ន​ព្រះ​បន្ទូល​ទៅ​ថា “ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មានថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា១២កង មក​ខ្ញុំ​ជា១រំពេច​ទេ​ឬអី បើ​យ៉ាងនោះ ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថាត្រូវ​តែ​កើតមាន​ដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។ យើង​ត្រូវ​ដឹង​ថា ការ​សុគត​របស់​ព្រះយេស៊ូវ​ ត្រូវ​បាន​ថ្លែង​ទំនាយ​ទុក​ជា​លម្អិត ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់។ តែ​យើង​ត្រូវ​ដឹង​កាន់តែ​ច្បាស់​ថែមទៀត​ថា ព្រះយេស៊ូវ​បាន​ធ្វើការ​សម្រេច​ព្រះទ័យ​យ៉ាង​ជាក់លាក់ ឲ្យ​បទ​គម្ពីរ​ទាំងនោះ​បានសម្រេច។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ២៦:៥៤ ព្រះយេស៊ូវ​កំ​ពុង​តែ​ប្រាប់​យើង​ថា ព្រះអង្គ​អាច​គេច​ចេញពី​ទុក្ខវេទនា​នេះ តែ​បើ​ព្រះ​អង្គ​គេច ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថាត្រូវ​តែ​កើតមាន​ដូច្នេះ? អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ព្រះអង្គ​មិនបាន​ជ្រើសរើស​យក​ការ​គេច​ចេញពី​ការ​សុគត ដែល​ព្រះអង្គ​អាច​ធ្វើ​បាន ព្រោះ​ព្រះអង្គ​ជ្រាប​ថា​បទ​គម្ពីរ​ត្រូវ​សម្រេច។ ព្រះអង្គ​ជ្រាប​ថា មានការអ្វី​ខ្លះ​ដែល​ត្រូវតែ​កើតឡើង ដើម្បីឲ្យ​រាស្រ្ត​ព្រះអង្គ​បាន​សង្គ្រោះ។ ព្រះអង្គ​បាន​ជ្រើសរើស​យក​ការសម្រេច​បទ​ទំនាយ​ទាំងអស់​ដែល​បាន​ថ្លែង​ទុកជាមុន អំពី​ព្រះអង្គ ក្នុង​ព្រះបន្ទូល​ព្រះ។ ព្រះអង្គ​បានសម្រេច​ព្រះទ័យ​ស្រឡាញ់​រាស្រ្ត​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់ គ្រប់ពេលវេលា។ ហើយ​ព្រះអង្គ​ចង់​ឲ្យ​ពួក​គេ​ពិសោធន៍​នឹង​ក្តី​ស្រឡាញ់​ព្រះអង្គ។ ហើយ​ជាប់​នៅក្នុង​ព្រះអង្គ និង​មាន​សេរីភាព ហើយ​មានការ​ផ្លាស់​ប្រែ​ខុសប្លែក​ពី​លោកិយ។

ប្រភេទ