ព្រឹក

បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
ដោយAmy Boucher Pye
July 21, 2023
កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ។ អេភេសូរ ៥:១៨ អ្នកនិពន្ធឈ្មោះ ស្កុត មែកណៃ(Scot McKnight) បានចែកចាយទីបន្ទាល់របស់គាត់ អំពី “ការពេញដោយព្រះវិញ្ញាណបរិសុទ្ធ” កាលគាត់រៀននៅវិទ្យាល័យ។ ពេលគាត់ចូលរួមកម្មវិធីបោះជំរុំ គ្រូអធិប្បាយបានលើកទឹកចិត្តគាត់ ឲ្យបើកចិត្ត ទទួលព្រះគ្រីស្ទគ្រងរាជ្យក្នុងជីវិតគាត់ ដោយចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ។ ក្រោយមក គាត់ក៏បានអង្គុយនៅក្រោមដើមឈើមួយ ហើយក៏បានអធិស្ឋានថា “ឱព្រះវរបិតា សូមព្រះអង្គអត់ទោសបាបឲ្យទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធ”។ គាត់ថា ការអស្ចារ្យក៏បានកើតឡើង។ ចាប់តាំងពីពេលនោះមក ជីវិតគាត់បានផ្លាស់ប្តូរទាំងស្រុង។ មិនបានល្អឥតខ្ចោះ តែខុសប្លែកពីមុន។ ភ្លាមៗនោះ គាត់ក៏មានចិត្តចង់អានព្រះគម្ពីរ អធិស្ឋាន និងជួបអ្នកជឿដទៃទៀត ហើយបម្រើព្រះ។ មុនពេល ព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គ“ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ”(កិច្ចការ ១:៤)។ ព្រះអង្គមានបន្ទូលទៀតថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ព្រះទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅក្នុងអ្នកដែលជឿព្រះយេស៊ូវ។ ការពេញដោយព្រះវិញ្ញាណបរិសុទ្ធបានកើតឡើងជាលើកដំបូងនៅថ្ងៃបុណ្យទី៥០(មើលកិច្ចការ ជំពូក២) ហើយសព្វថ្ងៃនេះ ព្រះវិញ្ញាណចូលគង់អស់អ្នកណា ដែលទទួលជឿព្រះគ្រីស្ទ។ ព្រះវិញ្ញាណនៃព្រះក៏បន្តបំពេញអ្នកដែលជឿព្រះយេស៊ូវ។ ដោយជំនួយរបស់ព្រះវិញ្ញាណ យើងក៏អាចបង្កើតផលផ្លែនៃព្រះវិញ្ញាណ ដោយការផ្លាស់ប្តូរចារិកលក្ខណៈ និងបំណងចិត្តរបស់យើង(កាឡាទី ៥:២២-២៣)។ ចូរយើងសរសើរដំកើង និងអរព្រះគុណព្រះ សម្រាប់ការកម្សាន្តចិត្តយើង ធ្វើការក្នុងចិត្តយើង ធ្វើការជាមួយយើង និងស្រឡាញ់យើង។—AMY BOUCHER PYE
តើអ្នកអាចឃើញការផ្លាស់ប្តូរអ្វីខ្លះ ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលឲ្យមាន ក្នុងជីវិតអ្នក? តើអ្នកអាចស្វាគមន៍ព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យព្រះអង្គធ្វើការកាន់តែច្រើន ក្នុងជីវិតអ្នក?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ធ្វើជាអំណោយ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យស្រឡាញ់ព្រះអង្គ និងអ្នកដទៃ កាន់តែខ្លាំងនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-៣២ និង កិច្ចការ ២៣:១៦-៣៥
ប្រភេទ
ល្ងាច

អរសប្បាយនឹងភាពពោរពេញរបស់ព្រះអង្គ
ដោយJohn Piper
July 21, 2023
យើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង។ យ៉ូហាន ១:១៦ ពេលដែលកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យជិតចាប់ផ្តើម ក្រុមអធិស្ឋានកំពុងតែតយុទ្ធយ៉ាងស្វិតស្វាញ ក្នុងការអធិស្ឋានសូមឲ្យប្រជាជនយើងបានជឿព្រះ និងអធិស្ឋានឲ្យពួកជំនុំ នៃទីក្រុងធ្វីន និងអធិស្ឋានសម្រាប់ប្រទេសជាតិ។ ក្នុងពេលនោះ មានបុរសម្នាក់បានអធិស្ឋាន តាមព្រះបន្ទូលព្រះ ក្នុងបទគម្ពីរយ៉ូហាន ១:១៤,១៦ ថា ៖ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត … ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង។ ការដែលព្រះយេស៊ូវយាងមកយកកំណើតជាមនុស្ស គឺមានន័យសម្រាប់ខ្ញុំណាស់។ ក្នុងពេលនោះ ព្រះទ្រង់បានឲ្យពាក្យ “សេចក្តីពោរពេញ” មានភាពពេញបរិបូរដ៏អស្ចារ្យ ដែលមានឥទ្ធិពលមកលើជីវិតខ្ញុំ។ ខ្ញុំក៏មានការយល់ដឹងខ្លះៗ អំពីអត្ថន័យពិតនៃភាពពោរពេញរបស់ព្រះគ្រីស្ទ។ ខ្ញុំបានស្គាល់ភាពអស្ចារ្យ នៃការទទួលព្រះគុណបន្ថែមពីលើព្រះគុណ ពីភាពពោរពេញនេះ។ ហើយនៅពេលនោះ ខ្ញុំបានទទួលព្រះគុណថែមពីលើព្រះគុណ។ ខ្ញុំក៏បានដឹងថា គ្មានអ្វីដែលផ្អែមជាងការអង្គុយនៅទៀបព្រះបាទព្រះអង្គ ឬអានព្រះគម្ពីរ នៅពេលរសៀលទាំងមូល ហើយបានពិសោធន៍នឹងភាពហូរហៀរនៃភាពពោរពេញរបស់ព្រះអង្គ។ ហេតុអ្វីភាពពោរពេញមានឥទ្ធិពលខ្លាំងយ៉ាងនេះ មកលើខ្ញុំ ហើយហេតុអ្វី នៅតែមានឥទ្ធិពលមកលើខ្ញុំរហូតមកដល់ពេលនេះ តាមរបៀបដ៏អស្ចារ្យ? ពីព្រោះ…
- … ព្រះដែលភាពពោរពេញរបស់ទ្រង់បានជ្រួតជ្រាបជីវិតខ្ញុំ ដោយព្រះគុណ ទ្រង់ជាព្រះបន្ទូល ដែលបានគង់នៅជាមួយព្រះ ហើយជាព្រះ(យ៉ូហាន ១:១២) ដូចនេះភាពពោរពេញរបស់ទ្រង់ ជាភាពពោរពេញរបស់ព្រះ ភាពពោរពេញដែលគ្មានដែនកំណត់។
- … ព្រះបន្ទូលដែលក្លាយជាសាច់ឈាម ហើយមានព្រះជន្មជាមនុស្សដូចយើង ហើយបានតាមរកយើង ដោយភាពពោរពេញរបស់ព្រះអង្គ។
- … ពេលដែលព្រះបន្ទូលសម្ដែងចេញមក ក្នុងការប្រសូតមកមានរូបជាមនុស្ស មនុស្សបានឃើញសិរីល្អព្រះអង្គ ដែលជាភាពពោរពេញដ៏រុងរឿង។
- … ព្រះបន្ទូលទ្រង់ជា “ព្រះរាជបុត្រាតែ១ មកពីព្រះវរបិតា”(យ៉ូហាន ១:១៤) ដូចនេះ ភាពពោរពេញរបស់ព្រះ មានឥទ្ធិពលមកខ្ញុំ គឺមិនគ្រាន់តែមកពីព្រះ តែក៏តាមរយៈព្រះ ព្រោះព្រះទ្រង់មិនបានចាត់ទេវតាណាមួយ តែចាត់ព្រះរាជបុត្រាតែមួយ ដើម្បីប្រទានភាពពោរពេញរបស់ព្រះអង្គ។
- … ភាពពោរពេញនៃព្រះរាជបុត្រា ជាភាពពោរពេញនៃព្រះគុណ បានសេចក្តីថា ខ្ញុំនឹងមិនលង់ក្នុងភាពពោរពេញនេះ តែបានទទួលព្រះពរគ្រប់បែបយ៉ាង ដោយសារភាពពោរពេញនេះ។
- … ភាពពោរពេញនេះ មិនគ្រាន់តែជាភាពពោរពេញនៃព្រះគុណ តែជាភាពពោរពេញនៃសេចក្តីពិតផងដែរ គឺមានន័យថា ព្រះអង្គមិនបានប្រទានព្រះគុណ ជាការបញ្ជោរ ដែលមិនអើពើរចំពោះសេចក្តីពិត តែព្រះគុណនេះបានចាក់ឫសនៅក្នុងសេចក្តីពិតដ៏រឹងមាំដូចថ្មដា។