នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ

បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ

ដោយAmy Boucher Pye

July 22, 2023

កុំ​ឲ្យ​ស្រវឹងស្រា​ដែល​នាំឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យបាន​ពេញជា​ព្រះវិញ្ញាណ​វិញ។ អេភេសូរ ៥:១៨ អ្នកនិពន្ធ​ឈ្មោះ ស្កុត មែកណៃ(Scot McKnight) បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ អំពី “ការ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ” កាល​គាត់​រៀន​នៅ​វិទ្យាល័យ។ ពេល​គាត់​ចូលរួម​កម្មវិធី​បោះ​ជំរុំ គ្រូ​អធិប្បាយ​បាន​លើកទឹកចិត្ត​គាត់ ឲ្យ​បើក​ចិត្ត ទទួល​ព្រះគ្រីស្ទ​គ្រងរាជ្យ​​ក្នុង​ជីវិត​គាត់ ដោយ​ចុះចូល​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ។ ក្រោយមក គាត់​ក៏បាន​អង្គុយ​នៅ​ក្រោម​ដើមឈើ​មួយ ហើយក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​អត់ទោស​បាប​ឲ្យ​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ”។ គាត់​ថា ការ​អស្ចារ្យ​ក៏បាន​កើតឡើង។ ចាប់តាំងពី​ពេលនោះ​មក ជីវិត​គាត់​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង។ មិនបាន​ល្អឥតខ្ចោះ តែ​ខុសប្លែក​ពីមុន។ ភ្លាម​ៗ​នោះ គាត់​ក៏​មានចិត្តចង់​អាន​ព្រះគម្ពីរ អធិស្ឋាន និង​ជួប​អ្នកជឿ​ដទៃទៀត ហើយ​បម្រើ​ព្រះ។ មុន​ពេល ព្រះយេស៊ូវ​យាង​ឡើង​ស្ថានសួគ៌​វិញ បន្ទាប់ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើងវិញ ព្រះអង្គ“ហាមមិនឲ្យ​គេ​ចេញពី​ក្រុង​យេរូសាឡិម​ឡើយ ដោយ​ព្រះបន្ទូល​ថា ត្រូវឲ្យ​នៅចាំ​សេចក្តី​សន្យា​នៃ​ព្រះវរបិតា ដែល​អ្នករាល់គ្នា​បានឮ​ខ្ញុំ​ថ្លែងប្រាប់​ហើយ”(កិច្ចការ ១:៤)។ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយនិង​ធ្វើជា​ទីបន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រមទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូតដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ព្រះ​ទ្រង់ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យគង់​នៅក្នុង​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​។ ការ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​កើតឡើង​ជាលើកដំបូង​នៅ​ថ្ងៃបុណ្យ​ទី៥០(មើល​កិច្ចការ ជំពូក២) ហើយ​សព្វថ្ងៃ​នេះ ព្រះវិញ្ញាណ​ចូល​គង់​អស់អ្នក​ណា ដែល​ទទួល​ជឿ​ព្រះគ្រីស្ទ។ ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​បន្ត​បំពេញ​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​។ ដោយ​ជំនួយ​របស់​ព្រះវិញ្ញាណ យើង​ក៏​អាច​បង្កើត​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដោយ​ការ​ផ្លាស់​ប្តូរ​ចារិក​លក្ខណៈ និង​បំណង​ចិត្ត​របស់​យើង(កាឡាទី ៥:២២-២៣)។ ចូរ​យើង​សរសើរ​ដំកើង និង​អរព្រះគុណ​ព្រះ សម្រាប់​ការកម្សាន្ត​ចិត្ត​យើង ធ្វើ​ការ​ក្នុងចិត្ត​យើង ធ្វើការ​ជាមួយ​យើង និង​ស្រឡាញ់​យើង។—AMY BOUCHER PYE

តើ​អ្នក​អាច​ឃើញ​ការ​ផ្លាស់​ប្តូរ​អ្វីខ្លះ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ឲ្យ​មាន ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​ស្វាគមន៍​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាងដូច​ម្តេច​ខ្លះ ដើម្បីឲ្យ​ព្រះអង្គ​ធ្វើការ​កាន់តែ​ច្រើន ក្នុង​ជីវិត​អ្នក?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ ធ្វើជា​អំណោយ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ស្រឡាញ់​ព្រះអង្គ និង​អ្នកដទៃ កាន់តែ​ខ្លាំង​នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-៣២ និង កិច្ចការ ២៣:១៦-៣៥

ល្ងាច

Devotional illustration

អរសប្បាយនឹងភាពពោរពេញរបស់ព្រះអង្គ

ដោយJohn Piper

July 22, 2023

យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ យ៉ូហាន ១:១៦ ពេល​ដែល​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ​ជិត​ចាប់ផ្តើម ក្រុម​អធិស្ឋាន​កំពុងតែ​តយុទ្ធ​យ៉ាង​ស្វិតស្វាញ ក្នុង​ការអធិស្ឋាន​សូមឲ្យ​ប្រជាជន​យើង​បាន​ជឿ​ព្រះ និង​អធិស្ឋាន​ឲ្យ​ពួក​ជំនុំ នៃ​ទី​ក្រុង​ធ្វីន និង​អធិស្ឋាន​សម្រាប់​ប្រទេសជាតិ។ ក្នុង​ពេលនោះ មាន​បុរស​ម្នាក់​បាន​អធិស្ឋាន តាម​ព្រះបន្ទូល​ព្រះ ក្នុង​បទ​គម្ពីរ​យ៉ូហាន ១:១៤,១៦ ថា ៖ ព្រះបន្ទូល​ក៏​ត្រឡប់ជា​សាច់ឈាម ហើយ​បាន​ស្នាក់នៅ​ជាមួយនឹង​យើង​រាល់គ្នា យើង​រាល់គ្នា​បានឃើញ​សិរីល្អ​ទ្រង់ គឺជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញជា​ព្រះគុណ និង​សេចក្តី​ពិត … ហើយ​យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ ការដែល​ព្រះយេស៊ូវ​យាង​មក​យកកំណើត​ជា​មនុស្ស គឺ​មានន័យ​សម្រាប់​ខ្ញុំ​ណាស់។ ក្នុង​ពេលនោះ ព្រះ​ទ្រង់​បាន​ឲ្យ​ពាក្យ “សេចក្តី​ពោរពេញ” មាន​ភាព​ពេញ​បរិបូរ​ដ៏​អស្ចារ្យ ដែល​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​ក៏​មានការ​យល់​ដឹង​ខ្លះៗ អំពី​អត្ថន័យ​ពិត​នៃ​ភាព​ពោរពេញ​របស់​ព្រះគ្រីស្ទ។ ខ្ញុំ​បាន​ស្គាល់​ភាព​អស្ចារ្យ នៃ​ការ​ទទួល​ព្រះគុណ​បន្ថែម​ពីលើ​ព្រះគុណ ពី​ភាព​ពោរពេញ​នេះ។ ហើយ​នៅពេល​នោះ ខ្ញុំ​បាន​ទទួល​ព្រះគុណ​ថែម​ពីលើ​ព្រះគុណ។ ខ្ញុំ​ក៏បាន​ដឹង​ថា គ្មានអ្វី​ដែល​ផ្អែម​ជាង​ការ​អង្គុយ​នៅ​ទៀប​ព្រះបាទ​ព្រះអង្គ ឬ​អាន​ព្រះគម្ពីរ នៅ​​ពេល​រសៀល​ទាំងមូល ហើយ​បាន​ពិសោធន៍​នឹង​ភាព​ហូរហៀរ​នៃ​ភាព​ពោរពេញ​របស់​ព្រះអង្គ។ ហេតុអ្វី​ភាព​ពោរពេញ​​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាងនេះ មក​លើ​ខ្ញុំ ហើយ​ហេតុអ្វី នៅតែ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​រហូតមកដល់​ពេលនេះ តាមរបៀប​ដ៏​អស្ចារ្យ? ពីព្រោះ​…

  • … ព្រះ​ដែល​ភាព​ពោរពេញ​របស់​ទ្រង់​បាន​ជ្រួតជ្រាប​ជីវិត​ខ្ញុំ ដោយ​ព្រះគុណ ទ្រង់​ជា​ព្រះបន្ទូល ដែល​បាន​គង់នៅ​ជាមួយ​ព្រះ ហើយ​ជា​ព្រះ(យ៉ូហាន ១:១២) ដូចនេះ​ភាព​ពោរពេញ​របស់​ទ្រង់ ជា​ភាព​ពោរពេញ​របស់​ព្រះ ភាព​ពោរពេញ​ដែល​គ្មាន​ដែន​កំណត់។
  • … ព្រះបន្ទូល​ដែល​ក្លាយជា​សាច់ឈាម ហើយ​មាន​ព្រះជន្ម​ជា​មនុស្ស​ដូច​យើង ហើយ​បាន​តាម​រក​យើង ដោយ​ភាព​ពោរពេញ​របស់​ព្រះអង្គ។
  • … ពេល​ដែល​ព្រះបន្ទូល​សម្ដែង​ចេញ​មក ក្នុង​ការ​ប្រសូត​មក​មាន​រូប​ជា​មនុស្ស មនុស្ស​បានឃើញ​សិរីល្អ​ព្រះអង្គ ដែល​ជា​ភាព​ពោរពេញ​ដ៏​រុងរឿង។
  • … ព្រះបន្ទូល​ទ្រង់​ជា “ព្រះរាជបុត្រា​តែ១ មក​ពី​ព្រះវរបិតា”(យ៉ូហាន ១:១៤) ដូចនេះ ភាព​ពោរពេញ​របស់​ព្រះ មាន​ឥទ្ធិពល​មក​ខ្ញុំ គឺ​មិនគ្រាន់​តែម​ក​ពី​ព្រះ តែ​ក៏​តាមរយៈ​ព្រះ ព្រោះ​ព្រះ​ទ្រង់​មិនបាន​ចាត់​ទេវតា​ណាមួយ តែ​ចាត់​ព្រះរាជបុត្រា​តែមួយ ដើម្បី​ប្រទាន​ភាព​ពោរពេញ​របស់​ព្រះអង្គ។
  • … ភាព​ពោរពេញ​នៃ​ព្រះរាជបុត្រា ជា​ភាព​ពោរពេញ​នៃ​ព្រះគុណ បាន​សេចក្តី​ថា ខ្ញុំ​នឹង​មិន​លង់​ក្នុង​ភាព​ពោរពេញ​នេះ តែ​បាន​ទទួល​ព្រះពរ​គ្រប់បែបយ៉ាង ដោយសារ​ភាព​ពោរពេញ​នេះ។
  • … ភាព​ពោរពេញ​នេះ មិនគ្រាន់​តែ​ជា​ភាព​ពោរពេញ​នៃ​ព្រះគុណ តែ​ជា​ភាព​ពោរពេញ​នៃ​សេចក្តី​ពិត​ផង​ដែរ គឺ​មានន័យថា ព្រះអង្គ​មិនបាន​ប្រទាន​ព្រះគុណ ជា​ការ​បញ្ជោរ ដែល​មិន​អើ​ពើ​រ​ចំពោះ​សេចក្តី​ពិត តែ​ព្រះគុណ​នេះ​បាន​ចាក់ឫស​នៅក្នុង​សេចក្តី​ពិត​ដ៏​រឹងមាំ​ដូច​ថ្មដា។
ដូចនេះ តើ​វា​ជា​ការ​អស្ចារ្យ​ទេ ដែល​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល និង​ពេញដោយ​អំណរ ចំពោះ​ភាព​ពោរពេញ​នៃ​ព្រះគ្រីស្ទ!

ប្រភេទ